កីឡា
ទស្សនៈស្មេរ៖ ហេតុអ្វីគុនខ្មែរឥឡូវសំបូរខ្សែក្រវាត់ច្រើន?
បច្ចុប្បន្ន កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរដែលមានសមត្ថភាពខ្ពស់គឺអាចឈ្នះខ្សែក្រវាត់ច្រើនក្នុងអាជីព។ រហូតដល់ពេលនេះ អត្តពលិកខ្លះមានខ្សែក្រវាត់ចាប់ពី៥ខ្សែឡើងទៅរហូតដល់ជាង១០ខ្សែក៏មាន។
កីឡាករជួរមុខដែលមានខ្សែក្រវាត់ច្រើនខ្សែមានដូចជា ធឿន ធារ៉ា, ព្រុំ សំណាង, រឿង សុភ័ណ្ឌ, ផល សោភ័ណ្ឌ, ឃីម បូរ៉ា, ឃីម ឌីម៉ា, លន បញ្ញា, ឡៅ ចន្ទ្រា, ឡៅ ចិត្រា, រិន ដេវីត, ម៉ឺន មេឃា, យ៉េន ឌីណា, មឿន សុខហ៊ុច ជាដើម។
ប្រការនេះបានធ្វើឲ្យអ្នកខ្លះបានលើកជាសំណួរថា ហេតុអ្វីកីឡាប្រដាល់គុនខ្មែរឥឡូវសំបូរខ្សែក្រវាត់ច្រើនម្ល៉េះ? តើការដាក់ឲ្យមានខ្សែក្រវាត់ច្រើនបែបនេះជារឿងល្អ ឬមិនល្អនៅក្នុងពិភពប្រដាល់គុនខ្មែរ?
ក្នុងនាមជាទស្សនៈស្មេរសូមលើកយកហេតុផលមួយចំនួនបង្ហាញជូនបងប្អូននៅទីនេះដើម្បីជាគំនិតពិចារណា។
- សំបូរម្ចាស់ឧបត្ថម្ភជាផលិតផលក្នុងស្រុក
សព្វថ្ងៃ ប្រទេសកម្ពុជាមានផលិតផលក្នុងស្រុក និងអ្នកមានទ្រព្យធនច្រើនបានផ្តោតលើកីឡាគុនខ្មែរ។ ផលិតផលក្នុងស្រុកហ៊ានចំណាយច្រើនជាងម្ចាស់ផលិតផលមកពីក្រៅប្រទេស។
កាលពីជាង១០ឆ្នាំមុន ផលិតផលភាគច្រើនមកពីក្រៅប្រទេស ដូច្នេះម្ចាស់ឧបត្ថម្ភគាំទ្រទាំងនោះមានកញ្ចប់ថវិកាកំណត់ និងផ្តោតលើការធ្វើអាជីវកម្មច្រើនជាងលើការជំរុញផ្សព្វផ្សាយគុនខ្មែរ។ នៅពេលម្ចាស់ផលិតផលក្នុងស្រុកមានម្ចាស់ជាជនជាតិខ្មែរ ពួកគាត់ធ្វើអាជីវកម្មជាមួយថ្នត់គំនិតរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍគុនខ្មែរ ដូច្នេះពួកគាត់ហ៊ានចំណាយថវិកាកាន់តែច្រើនដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតធំៗក្នុងនោះការប្រកួតដណ្តើមខ្សែក្រវាត់កាន់តែច្រើន។ ផលិតផលក្នុងស្រុកកាន់តែច្រើន មានការប្រកួតប្រជែងច្រើនគឺជាអំណោយផលដល់វិស័យកីឡាប្រដាល់គុនខ្មែរ។
- ការប្រកួតដណ្តើមខ្សែក្រវាត់ច្រើន មានប្រាក់រង្វាន់ច្រើន
ពីមុនការប្រកួតដណ្តើមខ្សែក្រវាត់ភាគច្រើនត្រូវចំណាយពេលចាប់ពី៣ខែឡើងទៅទើបចប់។ ប្រាក់រង្វាន់សម្រាប់ម្ចាស់ខ្សែក្រវាត់អាចមានចន្លោះពី១០ ទៅ២០លានរៀល ឬមានរង្វាន់ម៉ូតូ១គ្រឿង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានសង្វៀនខ្លះមានប្រាក់រហូតដល់៤០លានរៀល (១ម៉ឺនដុល្លារ) ប៉ុន្តែមានមិនច្រើនទេ។
ថ្មីៗនេះ ការប្រកួតដណ្តើមខ្សែក្រវាត់មិនចាំបាច់ចំណាយពេលដល់ទៅ៣ខែឡើយពោលគឺចំណាយពេលត្រឹមតែ១ប្រកួត ឬ២ប្រកួតក្នុងមួយរាត្រីក៏ក្លាយជាម្ចាស់ខ្សែក្រវាត់មានប្រាក់រង្វាន់១០ទៅ២០លានរៀល ហើយក៏មានរហូតដល់៤០លានរៀល។ មិនត្រឹមតែប៉ុណ្ណោះមានរង្វាន់រថយន្តថែមទៀតដែលពិតជាពិសេសជាងមុនមានរង្វាន់ម៉ូតូ។ ប្រសិនបើមានតែខ្សែក្រវាត់ច្រើន ប៉ុន្តែគ្មានប្រាក់រង្វាន់ទើបជាបញ្ហា។
ការដាក់ឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ច្រើន និងមានប្រាក់រង្វាន់ច្រើនជាងរឿងល្អហើយ ប៉ុន្តែប្រសិនបើម្ចាស់ឧបត្ថម្ភរៀបចំឲ្យមានការប្រកួតការពារខ្សែក្រវាត់ដោយមានកីឡាករផ្សេងដណ្តើមគឺរឹតតែល្អ ពីព្រោះខ្សែក្រវាត់កាន់តែមានតម្លៃ។ កន្លងមក សាមីខ្លួនកីឡាករជាម្ចាស់ខ្សែក្រវាត់ធ្លាប់បាននិយាយហើយថា មិនចង់ទុកខ្សែក្រវាត់ឲ្យដុះផ្សិតនោះទេគឺចង់ឲ្យមានការរៀបចំប្រកួតដណ្តើមគ្នាជាបន្តបន្ទាប់ទៀត។
- គុណភាព
ថ្វីបើការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងរយៈពេលមួយខ្លី ហើយកីឡាករទទួលបានខ្សែក្រវាត់លឿន ប៉ុន្តែពួកគាត់មានសមត្ថភាពមិនចាញ់ពីសម័យមុនទេ។ ជូនកាលពួកគាត់អាចមានសមត្ថភាពខ្លាំងជាងមុនក៏មាន ពីព្រោះបច្ចុប្បន្នកីឡាករទទួលបានប្រាក់រង្វាន់ច្រើន សំបូរប្រាក់ឧបត្ថម្ភដោយមិនសូវខ្វល់ខ្វាយរឿងជីវភាពគ្រួសារ ដូច្នេះពួកគាត់យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់កាន់តែខ្លាំង។
បើពិនិត្យមើលឲ្យដិតដល់ពីការជ្រើសរើសកីឡាករបរទេសមកប្រកួតនៅកម្ពុជាក៏កាន់តែល្អជាងមុន។ កាលពីមុនការចាប់គូស្ទើរតែ៧០ទៅ៨០%គឺកីឡាករបរទេសចេញពីប្រទេសថៃ ជាពិសេសកីឡាករថៃតែម្តងមកប្រកួតនៅទឹកដីកម្ពុជា។ ឥឡូវនេះ មានកីឡាករមកពីបណ្តាប្រទេសផ្សេងៗច្រើនគឺនៅតំបន់អាស៊ាន អាស៊ី និងអឺរ៉ុប។
ទន្ទឹមជាមួយគ្នានេះ ក៏មានកីឡាករកម្ពុជាជាច្រើនបានចេញទៅប្រកួតនៅក្រៅប្រទេស និងទទួលបានខ្សែក្រវាត់មកស្រុកកំណើតវិញ។ ជាក់ស្តែង ធឿន ធារ៉ា, ព្រុំ សំណាង និង មឿន សុខហ៊ុច ឈ្នះខ្សែក្រវាត់នៅប្រទេសថៃ។ រិន ដេវីត ឈ្នះខ្សែក្រវាត់នៅប្រទេសម៉ាឡេស៊ី។ ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់នៅទីក្រុងហុងកុង។ អេ អាំម៉ារីន និង ម៉ឺន មេឃា ឈ្នះខ្សែក្រវាត់នៅអូស្ត្រាលី ហើយមានកីឡាករជាច្រើនបានឈ្នះខ្សែក្រវាត់នៅប្រទេសបារាំង។ សមិទ្ធផលទាំងនេះក៏អាចបញ្ជាក់បានពីសមត្ថភាពរបស់កីឡាករបច្ចុប្បន្នដែរ។
សរុបសេចក្តីទៅ ប្រសិនបើមានម្ចាស់ឧបត្ថម្ភច្រើន រៀបចំការប្រកួតដណ្តើមខ្សែក្រវាត់កាន់តែច្រើន ហើយមានប្រាក់រង្វាន់កាន់តែច្រើនគឺកាន់តែល្អ។ ផ្ទុយទៅវិញ ប្រសិនបើរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់យូរៗម្តង ប៉ុន្តែប្រាក់រង្វាន់មិនលើសបច្ចុប្បន្នគឺជាបញ្ហាគួរនិយាយ។
ទោះបីជាយ៉ាងណា ប្រាក់រង្វាន់សម្រាប់ខ្សែក្រវាត់បច្ចុប្បន្ននេះគឺត្រូវការបង្កើនថែមទៀត ហើយកីឡាករគុនខ្មែរត្រូវចេញទៅប្រកួតនៅក្រៅប្រទេសក្នុងសង្វៀនធំៗឲ្យបានច្រើនទើបកាន់តែមានគុណភាព។ មធ្យោបាយដែលអាចចេញទៅប្រកួតនៅក្រៅប្រទេសក្នុងសង្វៀនធំៗបានគឺគ្មានអ្វីក្រៅពីស្វែងរកដៃគូសហការ និងអ្នកផ្គូផ្គងនៅក្រៅប្រទេសឲ្យបានច្រើនដូចជា សហរដ្ឋអាមេរិក អឺរ៉ុប ចិន ជប៉ុនជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជាប្តេជ្ញារក្សាគម្របព្រៃឈើឲ្យបាន ៦០% នៅត្រឹមឆ្នាំ ២០៥០
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហេតុផលនៅពីក្រោយ រុស្ស៊ី បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក