ព័ត៌មានជាតិ
សត្វខ្លាធំផុតពូជពីប្រទេសកម្ពុជា នឹងមានវត្តមានសាជាថ្មី ក្នុងដែនជម្រកសត្វព្រៃតំបន់ជួរភ្នំក្រវាញ
សត្វខ្លាធំដែលបានផុតពូជពីប្រទេសកម្ពុជា នឹងមានវត្តមានសាជាថ្មីនៅក្នុងដែនជម្រកព្រៃធម្មជាតិប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសឥណ្ឌា ដែលកំពុងជំរុញក្នុងការអនុវត្តគម្រោងស្តារសត្វខ្លាធំឡើងវិញនៅក្នុងប្រទេសកម្ពុជា។
សត្វខ្លាធំត្រូវបានគេប្រទះឃើញជាលើកចុងក្រោយបង្អស់ តាមរយៈកាម៉េរាថតសត្វក្នុងឆ្នាំ២០០៧ ហើយឆ្នាំ ២០១៦ រដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការពីការផុតពូជសត្វកម្រមួយនេះពីដែនជម្រកធម្មជាតិប្រទេសកម្ពុជា។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា សត្វខ្លាធំត្រូវបានប្រកាសផុតពូជជាផ្លូវការពីប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ក្រោយរកឃើញចុងក្រោយតាមរយៈកាមេរ៉ាថតសត្វនៅឆ្នាំ ២០០៧។ ការផុតពូជសត្វកម្រនេះបណ្តាលមកពីការបរបាញ់ខុសច្បាប់ សម្រាប់លក់ទៅទីផ្សារងងឹតអន្តរជាតិ និងធ្វើជាថ្នាំឬឱសថព្យាបាលជំងឺ។
លោកថា រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិអភិរក្សសត្វខ្លាធំនៃប្រទេសឥណ្ឌា វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការធ្វើការរួមគ្នាគម្រោងការស្តារសត្វខ្លាធំឡើងវិញក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ រដ្ឋាភិបាលឥណ្ឌានឹងផ្តល់សត្វខ្លាធំចំនួន ៤ ក្បាល ដើម្បីស្តារសត្វខ្លាធំដែលផុតពូជឲ្យមានវត្តមានសាជាថ្មីនៅក្នុងដែនជម្រកធម្មជាតិប្រទេសកម្ពុជា។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន
បើតាមលោក ជា សំអាង ការនាំសត្វខ្លាធំមកកាន់ដែនជម្រកព្រៃប្រទេសកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយដែលចំណាយពេលជាច្រើនឆ្នាំ។ ទោះបីខ្លាធំមកដល់កម្ពុជាក្តី រដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធនឹងមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីរួមគ្នាការពារខ្លាធំ អាចឲ្យពួកវារស់នៅប្រកបដោយភាពសុខុដុមរមនានៅក្នុងជម្រកព្រៃធម្មជាតិ។
សត្វខ្លាធំដែលនឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ និងត្រូវដឹកបញ្ជូនបន្តទៅកាន់ស្ថានីយ៍ស្តារសត្វខ្លាធំឡើងវិញនៅឯខេត្តកោះកុង ដែលជាជម្រកថ្មីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ទទួលបានការថែទាំការពារយ៉ាងជោគជ័យអស់រយៈពេលពីរទសវត្សរ៍មកហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។
លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា ឥណ្ឌានិងកម្ពុជាបានបង្កើតប្រវត្តិសាស្រ្តជាមួយគ្នា តាមរយៈភាពជោគជ័យនៃគម្រោងការស្តារសត្វខ្លាធំឡើងវិញលើកដំបូងបំផុតនៅលើពិភពលោក។
លោកស្រីថា កម្ពុជាជាប្រទេសដំបូងដែលឥណ្ឌាបានផ្តល់សត្វខ្លាធំ ដោយសារតែមានទំនាក់ទំនងយ៉ាងពិសេសនិងកិច្ចសហការដ៏ល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា
លោកស្រីបន្តថា តាមរយៈកិច្ចសហការគ្នា រដ្ឋាភិបាលឥណ្ឌានឹងនៅតែបន្តគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីកម្ពុជាលើការអភិរក្សសត្វកម្រជិតផុតពូជនៅលើពិភពលោកនេះ។
បើតាមឯកអគ្គរាជទូតឥណ្ឌា បន្ទាប់ពីការផ្តល់សត្វខ្លាធំចំនួន ៤ ក្បាលក្នុងដំណាក់កាលទី ១ រដ្ឋាភិបាលប្រទេសឥណ្ឌាក៏នឹងពិចារណាក្នុងការផ្តល់បន្ថែមទៀត ក្រោយគម្រោងដំណាក់កាលទី ១ ទទួលបានជោគជ័យ។
នៅលើពិភពលោកមានតែប្រទេសចំនួន ១៤ ដែលមានវត្តមានសត្វខ្លាធំរស់នៅ ហើយឥណ្ឌាមានច្រើនជាងគេរហូត ៧០%។ សត្វខ្លាធំពេញវ័យជំទង់ ៤ ក្បាល ដែលរដ្ឋាភិបាលប្រទេសឥណ្ឌាផ្តល់ឲ្យប្រទេសកម្ពុជា មានឈ្មោល ១ ក្បាល និងញី ៣ ក្បាល ដែលមានប្រភពមកពីតំបន់ជួរភ្នំ Ghats នៃប្រទេសឥណ្ឌា។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិកនិងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ថា សត្វខ្លាធំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីដ៏មានសុខភាពល្អមួយ។ ការនាំសត្វខ្លាធំពេញវ័យជំទង់ទាំង ៤ ក្បាល ដែលបានផុតពូជពីប្រទេសកម្ពុជា គឺដើម្បីធ្វើការស្តារប្រភពកំណើតប្រជាសាស្ត្រសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិកនិងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
កញ្ញាបន្តថា តំបន់ជួរភ្នំក្រវាញប្រទេសកម្ពុជានឹងក្លាយជាផ្ទះថ្មីរបស់ពួកគេ ខណៈដែលជួរភ្នំក្រវាញជាតំបន់មានព្រៃក្រាស់ហើយមានលក្ខណៈដូចជាតំបន់ទេសភាព ជាជម្រកសត្វខ្លាធំដែលមានសក្តានុពលអាចរស់នៅរហូតដល់ ១០០ ក្បាល បើធៀបទៅនឹងដង់ស៊ីតេស្រដៀងគ្នានៅក្នុងតំបន់ទេសភាពក្នុងបណ្តាប្រទេសអាស៊ី។
ស្ថាបនិកនិងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបន្ថែមថា សត្វខ្លាធំដែលនឹងត្រូវផ្លាស់ប្តូរទីលំនៅមករស់នៅតំបន់ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញកណ្តាល ដែលគ្របដណ្តប់លើផ្ទៃដីជាង ១ លាន ហិកតា នឹងត្រូវបានការពារយ៉ាងពិសេស ដើម្បីធានាបានថាពួកវានឹងអាចបន្សាំការរស់នៅប្រកបដោយភាពសុខុដុមរមនានៅក្នុងជម្រកព្រៃធម្មជាតិនៅក្នុងតំបន់ជួរភ្នំក្រវាញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


