Connect with us

ព័ត៌មានជាតិ

​ពុទ្ធ​បដិមា​នៅ​ភ្នំសំពៅ​ ទាក់ទាញ​ទេសចរបរទេសទៅ​​ទស្សនា​ស្វែងយល់មិនក្រោម ៥០ នាក់ក្នុងមួយថ្ងៃ

បានផុស

នៅ

រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំសំពៅ​នៅ​ក្នុងស្រុកបាណន់ កំពុង​ប្រែ​ក្លាយ​ជា​មេដែកជាពិសេស​រូបចម្លាក់ពុទ្ធ​បដិមាដែលបាន​ឆក់ចិត្តភ្ញៀវ​ទេសចរ​បរទេស​ចង់ដឹង​ចង់ស្គាល់​​​​មក​ទស្សនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ចាន់ ប៊ុនធីន មាន​ទីលំនៅក្នុងស្រុកថ្មគោលបាន​ប្រាប់កម្ពុជាថ្មី​កាលពីចុង​សប្តាហ៍​មុន​ថា រាល់​ចុង​សប្តាហ៍រូប​គេ​និង​មិត្តភ័ក្ដិ​ចូលចិត្ត​ឌុប​គ្នា​មក​ទស្សនា​​នៅ​រមណីយដ្ឋាន​ភ្នំសំពៅ​មិនដែល​ខាន​នោះ​ទេ ដោយសារ​ពេញចិត្ត​ចង់ឃើញ​ផ្ទាំង​ពុទ្ធ​បដិមា​ ៣ ផ្ទាំង​ដែល​ឆ្លាក់​ជាប់​ជញ្ជាំង​ថ្ម​ភ្នំ​គួរ​ឲ្យ​គោរព ដើម្បី​ទទួល​បាន​អារម្មណ៍​​ស្រស់ថ្លា។

យុវជន​ក្នុងវ័យ ២៧ ឆ្នាំ​រូប​នេះ​ថា រមណីយដ្ឋាន​ទេសចរណ៍​ភ្នំសំពៅ ក្រោយពី​មានការ​ឆ្លាក់​​រូប​ពុទ្ធ​បដិមា​តាមការ​មើល​ឃើញ​ជាក់ស្តែង បាន​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​បរទេស​បាន​​យ៉ាង​ច្រើន។

យុវជន​រូប​នេះ​បន្ត​ថា ក្រៅ​ពី​ទស្សនា​​រូប​​ពុទ្ធ​បដិមា ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​ការ​លក់ដូរផលិតផល​និងម្ហូប​អាហារ​ស្នាដៃ​របស់ពលរដ្ឋក្នុង​ស្រុក​នៅពេល​រាត្រី ក្រោយពីមន្ទីរជំនាញបាន​ខិតខំ​កែប្រែ​រមណីយដ្ឋាន​មួយនេះជា​បន្ត​បន្ទាប់ ក្នុងទិសដៅ​ទាញកំណើន​ជនបរទេសឲ្យកាន់តែច្រើន​មកកាន់ទឹកដីខេត្តបាត់ដំបង។

លោក ឡឹម ជា​ពលរដ្ឋ​មកពីស្រុកមោងឫស្សីប្រាប់​ថា ក្រោយពីមានការ​ឆ្លាក់រូប​បដិមាព្រះពុទ្ធ និងបង្កើតផ្សាររាត្រីលោកនិងក្រុមគ្រួសារ​តែងតែ​មក​កម្សាន្តជា​ញឹកញាប់។

លោក​លើកឡើង​ដូច្នេះ​ថា “តាមខ្ញុំសង្កេតមើលនៅភ្នំសំពៅ បើធៀបកាលពីទសវត្សរ៍មុន ចន្លោះពីឆ្នាំ ១៩៩៩-២០០០ ខុសគ្នាឆ្ងាយណាស់។ កាលនោះខ្ញុំឧស្សាហ៍​ឡើងទៅលេង និង​ដើរមើល​រូបព្រះធំៗ​គឺ​ស្ងាត់​រងំ មានតែ​ពុទ្ធបរិស័ទ្ធតិចតូច​ប៉ុណ្ណោះ តែពេលនេះ​ភ្នំមួយនេះ មើលទៅ​ហាក់បីដូចជា​បង្គងសត្វឃ្មុំអ៊ី​ចឹង​ដែរ។ ខ្ញុំរំពឹង​ក្នុងចិត្តថា ភ្ញៀវបរទេសនឹង​សម្រុកមកច្រើន ក្រោយពី​រូបបដិមា​លាបពណ៌​បានស្រស់ស្អាត ព្រោះខ្ញុំឃើញ​ថា​ជនបរទេសម្នាក់ៗឈរ​សម្លឹងរូបដិមា មិនចង់ព្រិចភ្នែក និងថត​រូប​គ្រប់គ្នា ដើម្បីយកទៅបង្ហាញប្រជាជនរបស់ពួកគេរៀងៗខ្លួន កត្តានេះហើយ អាចនឹងមាន​កំណើន​ច្រើន​នៅពេលខាងមុខ។

លោក ហម អរុណ អនុប្រធាន មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅ​ភ្នំសំពៅ​បច្ចុប្បន្នក្រោយពីខាង​មន្ទីរបាន​រៀបចំបន្ថែម​ សង្កេតឃើញមានភ្ញៀវជាជនបរទេស​មានមកទស្សនា​កម្សាន្តជា​បន្តបន្ទាប់ ដែល​ក្នុង​មួយ​ថ្ងៃមានចន្លោះពី ៥០ ទៅ ៦០ នាក់។ បើរដូវ​អត់មានភ្លៀងធ្លាក់​អាចនឹង​មានភ្ញៀវ​បរទេសច្រើនជាងនេះ។

ទូទាំងខេត្តបាត់ដំបង មានគោលដៅ​ទេសចរណ៍​សរុបចំនួន ១១៥ ទីតាំង។ ដោយឡែក ក្នុងក្រុងបាត់ដំបង មានកន្លែងកម្សាន្តចំនួន ៣៤​ទីតាំង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ចំនួន ០១ ទីតាំង តំបន់​គោលដៅទេសចរណ៍មានចំនួន ១៥ ទីតាំង សារ:មន្ទីរ​មាន​ ចំនួន ០២ ទីតាំង និង​ទេសចរណ៍សាសនា​មានចំនួន ១៥ ទីតាំង។

បច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង សម្បូរទៅដោយរមណីយដ្ឋាន សហគមន៍ និងគោលដៅ​ទេសចរណ៍ ដ៏​សំបូរបែប​សម្រាប់​បម្រើដល់វិស័យទេសចរណ៍។ ក្នុងនោះ​មានទីតាំងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់​ប្រពៃណី និងធនធាន​ធម្មជាតិ ដែលជា​ចំណុចគោលដៅ​ដ៏លេចធ្លោ ក្នុងការទាក់ទាញ​ភ្ញៀវជាតិ និង​អន្តរជាតិ មកដើរ​កម្សាន្ត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម