ព័ត៌មានជាតិ
UN៖ សម្ដេចតេជោ នាំឱ្យកម្ពុជាមានសន្តិភាពហើយ ថែមទាំងផ្ដល់សន្តិភាពដល់ប្រទេសក្នុងពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវ
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul KHARE អបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

អគ្គលេខាធិការរង នៃអ.ស.ប. ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ លើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា នេះ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មក និង មានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។

នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, លោក Atul KHARE បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេស ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។
លោកអគ្គលេខាធិការរង ចាត់ទុកសកម្មភាពនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។ លោក បានលើកឡើងថាកងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

លោក Atul KHARE បានជម្រាបជូន សម្តចតេជោថា ក្រៅពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព លោក ក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាសកម្មភាពមនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍ ដែល អ.ស.ប. បានសហការជាមួយប្រទេសកម្ពុជាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន។ កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេច បានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។

គួរឱ្យដឹងថា ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវសរុប ៩ ៥៧០នាក់ ដើម្បីទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន១២បេសកកម្ម នៅតាមបណ្ដាចំនួន១០ប្រទេស ដោយបំពេញការងារលើជំនាញបោសសម្អាតមីន មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ និងសង្កេតការណ៍យោធា។
ប្រទេសទាំងនោះមានដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ក្នុងពេលនេះ កម្ពុជាមានកងទ័ពមួកខៀវ៦២៧នាក់ ដែលបាននឹងកំពុងបំពេញការងារតាមបណ្ដាប្រទេសកំពុងមានជម្លោះចំនួន៤ រួមមាន៖ លីបង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាហ្វ្រិកកណ្ដាល៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


