ព័ត៌មានជាតិ
«ការណាត់ជួបជាមួយ ប៉ុល ពត» ស្នាដៃសមិទ្ធិករ ប៉ាន់ រិទ្ធី ចាក់បញ្ចាំងនៅកម្ពុជា
ខ្សែភាពយន្តខ្មែរដែលធ្លាប់បានជ្រើសរើសចាក់បញ្ចាំងនៅប្រទេសបារាំង មានចំណងជើងថា «ការណាត់ជួប ប៉ុល ពត» នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជាចាប់ពីថ្ងៃទី០៩ខែសីហា ឆ្នាំ ២០២៤ នេះតទៅ។
តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តនេះ ពិតជាបានរួមចំណែកធ្វើឱ្យពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀតអំពីសង្គ្រាម ជាពិសេសអំពើប្រល័យពូជសាសន៍ដែលធ្លាប់កើតមាននៅកម្ពុជាអំឡុងឆ្នាំ ១៩៧៥-១៩៧៩ ដោយបានកាប់សម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់ ឬអាចជាមូលដ្ឋានមួយសម្រាប់ការសិក្សាស្រាវជ្រាវនានាផងដែរ។

ខ្សែភាពយន្តនេះ ត្រូវបានរៀបចំសម្រិតសម្រាំងឡើងដោយផលិតករ និងជាអ្នកនិពន្ធភាពយន្តឯកសារកម្ពុជា លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំប្រទេស។ លោក ប៉ាន់ រិទ្ធី ធ្លាប់បានលើកឡើងថា លោកមានគំនិតក្នុងការផលិតកុននេះតាំងពី ៣០ឆ្នាំមកម៉្លេះ ប៉ុន្តែត្រូវការពេលវេលា ដើម្បីឱ្យលោកមានពេលគិតថាតើគួរផលិតបែបណា ព្រោះកន្លែងខ្លះអាចបង្ហាញជារូបភាពនាសម័យខ្មែរក្រហម ហើយកន្លែងខ្លះមិនអាចបង្ហាញបាននោះទេ។ ក្នុងន័យនេះលោកចង់សំដៅថា ព្រោះកន្លែងខ្លះការបង្ហាញពីរបបខ្មែរក្រហមមិនមែនជាការល្អឡើយ។ លោកបន្តថា ការផលិតខ្សែភាពយន្តនីមួយៗមិនងាយស្រួលនោះទេត្រូវតែគិតឱ្យបានហ្មត់ចត់ ជាពិសេសការផលិតកុនពាក់ព័ន្ធប្រវត្តិសាស្រ្ត គឺត្រូវមានការប្រុងប្រយ័ត្នច្រើន ធ្វើយ៉ាងណាផ្តល់ជាអត្ថប្រយោជន៍ដល់ទស្សនិកជន។

គួរជម្រាបថា ខ្សែភាពយន្ត ណាត់ជួប ប៉ុល ពត ជាប្រភេទខ្សែភាពយន្តប្រឌិត មិនមែនជាភាពយន្តឯកសារនោះទេ ពោលខ្សែភាពយន្តនេះ យកលំនាំតាមរឿងរ៉ាវរបស់អ្នកកាសែតស្រីម្នាក់ ជនជាតិអាមេរិក ដែលបានជួបសម្ភាសផ្ទាល់ជាមួយប៉ុល ពត នៅមុនការដួលរលំរបបខ្មែរក្រហម។
មុនឈានទៅការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ខ្សែភាពយន្តនេះត្រូវដាក់សម្ពោធកាលពីថ្ងៃទី ៧ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា, ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ម៉ៅ ចំណាន រួមជាមួយបណ្តាឥស្សរជនកម្ពុជា ផលិតករខ្មែរ និងបរទេសជាច្រើនរូប។

លោកស្រី ម៉ៅ ចំណាន បានចាត់ទុកខ្សែភាពយន្តរឿង «ការណាត់ជួប ប៉ុល ពត» គឺខ្សែភាពយន្ត ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបខ្មែរក្រហមមួយនេះ។ ដោយឡែក ចំពោះយុវជនខ្មែរជំនាន់ក្រោយវិញ ខ្សែភាពយន្ត«ការណាត់ជួបប៉ុល ពត» ពិតជារួមចំណែកឱ្យពួកគេយល់កាន់តែច្បាស់ពីសោកនាដកម្មសង្គ្រាមក្នុងអតីតកាលកម្ពុជា ហើយបំផុសស្មារតីស្រឡាញ់សុខសន្តិភាព និងខិតខំចូលរួមថែរក្សាសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ។

គួរជម្រាបថា ខ្សែភាពយន្តរឿង «ការណាត់ជួបប៉ុល ពត» របស់ផលិតករ ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៤ដល់ថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០២៤ នៅឯប្រទេសបារាំង៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


