Connect with us

អត្ថាធិប្បាយ

១៧ មេសា ឆ្នាំនេះ ខ្មែរសប្បាយក្រោមម្លប់សន្តិភាព តែ១៧ មេសា ៤៩ឆ្នាំមុន ខ្មែរកំពុងធ្លាក់ក្នុងឋាននរក

បានផុស

នៅ

ខែមេសា គឺជាពេលវេលាមួយដែលប្រជាជាតិខ្មែរ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី តាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិដ៏ល្អផូរផង់របស់ដូនតា។ តួយ៉ាង ឆ្នាំ២០២៤នេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំខ្មែរ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ប្រជាជនសើចក្អាកក្អាយ ជួបជុំក្រុមគ្រួសារ ប្រកបដោយស្នាមញញឹម និងមោទកភាពជាតិ។ តែបើរម្លឹកដល់ខែមេសា កាលពី៤៩ឆ្នាំមុន គឺខ្មែរកំពុងឈានជើងធ្លាក់ជ្រោះដ៏សែនជ្រៅ ប្រៀបបានជាឋាននរក គឺរបបវាលពិឃាតខ្មែរក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ គឺជាខួប៤៩ឆ្នាំ នៃការចូលកាន់អំណាច​របស់​ពួកខ្មែរក្រហម។ ភាពជ្រួលច្របល់ បានចាប់ផ្ដើមឡើងនៅព្រឹកព្រលឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅ​ពេល​ដែលកងទ័ពខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុង​ភ្នំពេញពីគ្រប់ច្រក។ ១៧ មេសា ៤៩ឆ្នាំមុន គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅ​ភ្នំពេញ ជួបភាពវឹកវរខ្លាំង ដោយត្រូវបានជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានឱ្យទៅកាន់ទីជនបទ។

ក្រៅពីជម្លៀសមនុស្សចេញពីភ្នំពេញ ពួកខ្មែរក្រហមបានលុបចោលរាល់កម្មសិទ្ធិឯកជន គ្រប់យ៉ាងត្រូវបោះបង់ចោលមិនប្រើប្រាស់ ហើយរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់។ ដោយឡែក ទីវត្តអារាម ដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនា បានប្រែក្លាយទៅជាកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃ ត្រូវខ្មែរក្រហមចាប់ផ្សឹក គ្មានសិទ្ធិសេរីភាពក្នុងការប្រារព្ធពិធីទំនៀមទម្លាប់ ប្រពៃណី សាសនា រួមទាំងពិធីចូលឆ្នាំក៏គ្មានដែរ។

ក្រោមកណ្តាប់ដៃខ្មែរក្រហម បានធ្វើឱ្យប្រជាជនខ្មែររងទុក្ខវេទនា និរាសព្រាត់ប្រាស់យ៉ាងឈឺចាប់ខ្លោចផ្សារជាទីបំផុត និងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ រហូតធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនលាននាក់ បានបាត់បង់ជីវិត ដោយការសម្លាប់ ការបង្អត់អាហារ អំពើអមនុស្សធម៌ដ៏យង់ឃ្នង់ និងការធ្វើទុកបុកម្នេញផ្សេងៗទៀតពីសំណាក់ពួកខ្មែរក្រហម។

តែដោយសារការខិតខំតស៊ូរបស់យុទ្ធជន អ្នកស្នេហាជាតិ និងអ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំបង្កើតបានជាកម្លាំងរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ១៩៧៨ ដោយបានយកអាយុជីវិតធ្វើជាដើមទុន ក្នុងការវាយផ្ដួលរលំរបបដ៏ខ្មៅងងឹតខ្មែរក្រហម ហើយបានរំដោះប្រទេសជាតិ និងប្រជាជនឱ្យមានសិទ្ធិសេរីភាពឡើងវិញ នៅថ្ងៃទី៧​ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ ៧ មករា បាននាំនាវាកម្ពុជា ទៅកាន់សករាជថ្មីមួយ ជាពិសេសតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលស្ថិតក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជាយ៉ាងពេញលេញ។

ប្រមាណ៤០ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដោយនាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាស្មារតី និងប្រកាសប្ដេជ្ញាការពារឱ្យបានសុខសន្តិភាព ដើម្បីជាការធានាដល់ស្ថេរភាព និងការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការផ្ដល់ស្នាមញញឹម ភាពសុខក្សេមក្សាន្ត ភាពជឿទុកចិត្ត និងក្ដីសង្ឃឹមចំពោះអនាគតប្រទេសជាតិ និងប្រជាជនខ្មែរឱ្យបាននិរន្តរតទៅ។

ជាក់ស្ដែង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំ២០២៤នេះ បាន​ប្រារព្វឡើង​ប្រកប​ដោយ​ភាព​ឱឡារិក​ជាមួយ​ភាព​សប្បាយ​រីករាយ ស្នាមញញឹម និង​សំឡេង​ហ៊ោកញ្ជ្រៀវ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង ២៥រាជធានី​-​ខេត្ត។ ប្រជាពលរដ្ឋ បាន​ចូលរួម​កម្មវិធី​នានា​ដែល​រដ្ឋបាលរាជធានី​-​ខេត្ត បាន​រៀបចំ​សង្ក្រាន្ត​នៅ​តាម​ទីតាំង​នានា​ ក៏ដូចជា​តាម​បណ្ដា​ទីវត្តអារាម និងតាមរមណីយដ្ឋាននៅទូទាំងប្រទេសកម្ពុជា​ប្រកប​ដោយសោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ និងទឹកមុខ​សើច​ក្អាកក្អាយ។ ជាពិសេសប្រជាពលរដ្ឋ រួមទាំងភ្ញៀវបរទេសទាំងអស់បានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយនូវល្បែងប្រជាប្រិយខ្មែរ ដែលចូលរួមថែរក្សាបានប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ដូនតា។

ប្រែក្លាយពីការរងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ និងមិនមានសិទ្ធិសេរីភាពក្នុងការប្រារព្ធពិធីទំនៀមទម្លាប់ ប្រពៃណី និងសាសនានោះ គឺប្រជាជនខ្មែរ បានប្រារព្វពិធីតាមបែបទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាជនបានម្នីម្នានាំគ្នាទៅធ្វើបុណ្យធ្វើទានដោយយ៉ាងក្ដីមោទន និងមានពេលវេលាជួបជុំក្រុមគ្រួសារ សាច់ញាតិប្រកបដោយភាពស្និទ្ធស្នាល។

ភាពសប្បាយរីករាយទាំងនេះ គឺកើតចេញពីកត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ជាមួយគ្នាប្រកបដោយភាតរភាព និងសាមគ្គីភាព ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយលើទឹកដីមាតុភូមិអង្គរ និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ។ ​

កម្ពុជាមានសន្តិភាពពេញលេញ ទើបអាចមានព្រឹត្តការណ៍​ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករលេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។ នេះហើយ គឺជាគុណតម្លៃនៃសុខសន្តិភាព ដែលត្រូវរួមគ្នាថែរក្សា និងការពារឱ្យបានជាដាច់ខាត៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម