ព័ត៌មានជាតិ
អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ការរិះគន់ច្បាប់ស្ដីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបំភ្លេចការឈឺចាប់របស់ជនរងគ្រោះដែលបានរួចរស់ជីវិតសព្វថ្ងៃ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ការមិនទទួលស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត ក៏ដូចជាបំភ្លេចចោលការឈឺចាប់របស់ជនរងគ្រោះដែលបានរួចរស់ជីវិតរហូតមកដល់សព្វថ្ងៃ»។
លោកបន្តថា៖«ប្រជាពលរដ្ឋដែលរងគ្រោះក្នុងសម័យនោះ នឹងមិនអាចទទួលយកបានឡើយនូវការជាន់ឈ្លីដែលកើតពីការរិះគន់ ការមិនទទួលស្គាល់ ឬការបំផ្លើស បំភ្លៃការពិតនៃមហាសោកនាដកម្មដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នេះឡើយ»។
ដូច្នេះការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងក៏ដូចជាតុលាការសម្រេចផ្តន្ទាទោសជាស្ថាពររួចហើយ ត្រូវបានលោក ថុង ម៉េងដាវីត ចាត់ទុកថា ជាទង្វើជាន់ឈ្លីប្រវត្តិសាស្រ្ត និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរងគ្រោះយ៉ាងអយុត្តិធម៌ ដែលសង្គមជាតិមិនអាចលើកលែងទោសបានឡើយ។អ្នកវិភាគរូបនេះបន្ថែមថា ព្រឹត្តិការណ៍ក្នុងសម័យខ្មែរក្រហម គឺគ្មានក្រុមគ្រួសារខ្មែរណាមួយដែលពុំបានបាត់បង់សាច់ញាតិ ឬមិនបានរងការឈឺចាប់ពីសោកនាដកម្មដែលបង្ករឡើងដោយរបបនេះឡើយ។ ដូច្នេះការបង្កើតឱ្យមានច្បាប់ គឺជាការទប់ស្កាត់កុំឱ្យមានរបបប្រល័យពូជសាសន៍កើតឡើងចំពោះប្រជាជនកម្ពុជា។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ព្រោះច្បាប់នេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ អាចវិលមកវិញនៅកម្ពុជា»។
លោកបន្តថា កម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្រ្តដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុតដែលប្រជាជនរងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។ នៅក្នុងរបបខ្មៅងងឹតនោះ បានធ្វើឱ្យមានជនរងគ្រោះ និងយុទ្ធជនជាច្រើនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីរំដោះជាតិ សង្រ្គោះប្រជាជន និងស្វែងរកសន្តិភាពដ៏លំបាកលំបិនបំផុត។
លោក សំ សឿន បានសង្កត់ធ្ងន់ទៅលើអ្នករិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម គួរតែសិក្សាលម្អិតបន្ថែមអំពីច្បាប់ស្រដៀងគ្នានេះដែលមាននៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ ម្យ៉ាងទៀត លោកបានចាត់ទុកបុគ្គលណាដែលមិនទទួលស្គាល់ច្បាប់នេះ មានន័យស្មើនឹងបុគ្គលនោះគាំទ្រឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឱ្យឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។
គួររំឭកថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យជាផ្លូវការកាលពីថ្ងៃទី ០១ខែមីនាឆ្នាំ២០២៥។ចំពោះមាត្រា ៣នៃច្បាប់នេះបានចែងថា រាល់ការមិនទទួលស្គាល់ ការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបក្រហម និងដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពររបស់តុលាការខ្មែរក្រហមតាមរយៈការប្រព្រឹត្តជាសាធារណៈតាមមធ្យោបាយណាមួយ។
សកម្មភាពទាំងនោះរួមមាន តាមសំដី ឬកាយវិការ ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំ តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនចាក់តាំងឱ្យសាធារណៈជនមើល តាមបណ្តាញសង្គម ឬគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន។ រីឯទោសទណ្ឌ ត្រូវបានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅដល់ ៥០លានរៀល៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


