ព័ត៌មានជាតិ
ទណ្ឌិត៣៩០នាក់ នឹងត្រូវស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងថ្ងៃ៩វិច្ឆិកា និងបុណ្យអុំទូក
គណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានសម្រេចស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន៣៩០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្រោយឆ្លងកាត់កិច្ចប្រជុំ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីសំណាក់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធនាគារ សរសេរដូច្នេះ៖«ជាលទ្ធផលអង្គប្រជុំបានសម្រេចឯកភាពលើកសំណើស្នើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៣៩០នាក់ ស្រី ៣៥នាក់។»។
គួរឱ្យដឹងថា ព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស កំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ការបន្ធូរបន្ថយទោស ក៏អាចធ្វើឡើងនៅក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។

តាមព្រះរាជក្រឹត្យ ទណ្ឌិតដែលអាចនឹងត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា៖ទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ឬត្រូវបានបញ្ជូនមកអនុវត្ដទោសនៅព្រះរាជាណាចក្រកម្ពុជា។ ទណ្ឌិតទាំងនោះ ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ។ ទណ្ឌិត ដែលបានគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត។ ទណ្ឌិតបានចូលរួមអនុវត្ដយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម។ ទណ្ឌិតគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមសេចក្ដីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។
ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្ដផងដែរ ក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្ដីមានគភ៌ ឬមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ប្រធានពន្ធនាគារ ត្រូវធ្វើការបញ្ជាក់អំពីការបំពេញលក្ខខណ្ឌតាមស្ថានភាពនីមួយៗរបស់ទណ្ឌិតដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជីឈ្មោះទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការក្រសួងមហាផ្ទៃ។

ក៏ប៉ុន្ដែ ទោះបីជាទណ្ឌិតដែលបានបំពេញលក្ខខណ្ឌខាងលើក៏ដោយ ដើម្បីអាចទទួលការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន។ ដើម្បីអាចលើកលែងទោសបានលុះត្រាតែទណ្ឌិតបានទទួលរងទោសដាក់ពន្ធនាគារ ចំនួន ២/៣ (ពីរភាគបី) នៃទោស ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត អាចទទួលបានការលើកលែង បើសិនជាទណ្ឌិតនោះ អនុវត្តទោសយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ ឬ២០ (ម្ភៃ) ឆ្នាំ ក្នុងទោសករណីដែលមានការបន្ធូរបន្ថយទោស៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន