ព័ត៌មានជាតិ
ទណ្ឌិត១២៥៤នាក់មានឈ្មោះក្នុងបញ្ជីសុំបន្ធូរបន្ថយ និងលើកលែងទោស ថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងវិសាខបូជា
ទណ្ឌិតចំនួន១២៥៤នាក់ ដែលកំពុងទទួលការអនុវត្តទោសក្នុងពន្ធនាគាររាជធានីខេត្តចំនួន ២៤ និងមណ្ឌលអប់រំកែប្រែចំនួន ៤ មានឈ្មោះក្នុងបញ្ជីទណ្ឌិតសម្រាប់ការស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ បន្ទាប់ពីគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ។

ក្រោយកិច្ចប្រជុំ ក្រសួងយុត្តិធម៌ ផ្សព្វផ្សាយឱ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានទណ្ឌិតចំនួន ៦៦៨ នាក់ (ស្រី ៥៣ នាក់) និងសម្រាប់ពិធីបុណ្យវិសាខបូជាមានទណ្ឌិតចំនួន ៥៨៦ នាក់ ដែលត្រូវស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

ក្នុងចំណោមទណ្ឌិតសរុបចំនួន ១២៥៤ នាក់ នេះ គឺមានទណ្ឌិតចំនួន ៩៧៣នាក់ ត្រូវស្នើសុំបន្ធូរបន្ថយទោស៣ខែ។ ទណ្ឌិត១៩៦នាក់ត្រូវស្នើសុំបន្ធូរបន្ថយទោស៦ខែ។ ទណ្ឌិតចំនួន ៦៤នាក់ ត្រូវស្នើសុំបន្ធូរបន្ថយទោស ៩ខែ។ ទណ្ឌិតចំនួន១៤នាក់ ត្រូវស្នើសុំបន្ធូរបន្ថយទោស១២ខែ។ ទណ្ឌិតចំនួន៣នាក់ ត្រូវស្នើសុំបន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ និងទណ្ឌិតចំនួន៤នាក់ ត្រូវស្នើសុំលើកលែងទោស។ នេះបើតាមការបញ្ជាក់លម្អិតរបស់លោក គឹម សន្តិភាព សមាជិកកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅលើបណ្ដាញសង្គមផ្លូវការ។

តាមនីតិវិធីក្រោយពីកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចប់ទៅ គណៈកម្មការថ្នាក់ជាតិនេះ ត្រូវរៀបចំបែបបទជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដើម្បីដាក់សំណុំថ្វាយព្រះមហាក្សត្រសុំបន្ធូរបន្ថយ និងលើកលែងទោសឱ្យទណ្ឌិត។
គួររម្លឹកថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា កាលពីឆ្នាំ២០២៥ ទណ្ឌិតសរុបចំនួន ៩០០ នាក់ ត្រូវបានព្រះមហាក្សត្រកម្ពុជាបន្ធូរបន្ថយទោស និងលើកលែងទោស។
គួរឱ្យដឹងថា រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃកម្ពុជា មាត្រា ២៧ បញ្ញត្ដិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ត្រូវបានបញ្ញត្តិ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ នៅកម្ពុជាមានពិធីបុណ្យជាតិចំនួន ៥ ដែលទណ្ឌិតអាចស្នើសុំលើកលែង និងបន្ធូរបន្ថយទោស រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ, និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌ ហើយអាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរប៉ុណ្ណោះ។
ការបន្ធូរបន្ថយទោសដល់ទណ្ឌិតធ្វើឡើងទៅបាន លុះត្រាតែទណ្ឌិតនោះបានទទួលការអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុប ដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


