Connect with us

ព័ត៌មានជាតិ

បុណ្យវិសាខបូជា៖ទណ្ឌិតជិត៣០០នាក់ បានទទួលការបន្ធូរបន្ថយទោស

បានផុស

នៅ

ក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំនេះ ទណ្ឌិតសរុបចំនួន ២៩៦នាក់ មានស្រី ២៨នាក់ ត្រូវបានព្រះករុណា ព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស។ ការអនុគ្រោះទោសដល់ទណ្ឌិតនេះ គឺយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមទណ្ឌិតទាំង ២៩៦នាក់នេះ គឺមានការបន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧នាក់ (ស្រី ១៨នាក់) បន្ធូរបន្ថយទោស ៦ខែ  មានចំនួន ៧០នាក់ (ស្រី ៥នាក់) បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧នាក់ (ស្រី ៣នាក់) និងទណ្ឌិតជាស្ត្រីចំនួន ២នាក់ ត្រូវបានបន្ធូរបន្ថយទោស ១២ខែ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

ទន្ទឹមនឹងការអនុគ្រោះទោសដល់ទណ្ឌិតខាងលើ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៤រូប ចូលទៅក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោសដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ឆ្នាំ និង១០ឆ្នាំ។

លោករដ្ឋលេខាធិការ គឹម សន្តិភាព បានបញ្ជាក់ជាថ្មីថា គណៈកម្មការថ្នាក់ជាតិ គឺពុំលើកយកមកពិនិត្យពិចារណានោះឡើយចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើមួយចំនួន ជាអាទិ៍ ឧក្រិដ្ឋជនគ្រឿងញៀន អំពើសាហាវយង់ឃ្នង ករណីមិនរាងចាល បទល្មើសប្រព្រឹត្តលើជនរងគ្រោះជាសាច់ញាតិ ឬសហព័ទ្ធ ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដង លើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។

ចំពោះបទល្មើសរំលោភផ្លូវភេទ ដែលជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ ជនរងគ្រោះជាសាច់សាលោហិត ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើ ជនរងគ្រោះជាសាច់សាលោហិត ក៏ត្រូវទណ្ឌិតនោះ មិនអាចទទួលការអនុគ្រោះទោសដែរ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម