ព័ត៌មានជាតិ
សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ
សួនផ្កាមួយកន្លែងដែលស្ថិតនៅលើផ្ទៃដីប្រមាណមួយហិកតា និងព័ទ្ធជុំវិញដោយស្រែស្រូវ កំពុងធ្វើអោយភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារម្ចាស់ទីតាំងបានកែច្នៃរចនាឡើងពីគំនិតផ្ទាល់ខ្លួន ហើយសួនផ្កានេះទៀតសោត សុទ្ធសឹងជាផ្កាសិប្បនិម្មិត ៩៩% ។

ក្នុងសកម្មភាពកំពុងលើកថ្ពក់កន្ត្រកផ្កានៅតាមជញ្ជាំង អ្នកស្រី ឃិន សោភ័ណ បានរៀបរាប់ថា ទីតាំងរបស់អ្នកស្រីស្ថិតក្នុងភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានផ្លូវចូលចម្ងាយប្រមាណ ៣០០ម៉ែត្រ ទល់មុខគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ។

អ្នកស្រីបានបន្តថា សួនផ្កាដែលអ្នកស្រីបានដាក់ឈ្មោះថា “មាលាកាហ្វេក្អម” គឺជាឈ្មោះកូនស្រីរបស់អ្នកស្រី ដោយកាលពីដំបូងឡើយ ដីទំហំមួយហិកតានេះ គឺស្ថិតនៅចន្លោះដីស្រែរបស់អ្នកភូមិដែលកាលនោះអ្នកស្រីបានចាក់ដីថ្មី ដែលមើលទៅហាក់មិនសូវមានជីជាតិ ព្រោះវាមិនមានដើមអ្វីដុះក្រៅអំពីដើមចង្ក្រង់ស្វា ទាល់តែសោះ ហើយដើមចង្ក្រង់ស្វានេះ ក៏មានផ្កាពណ៌លឿងស្រស់មិនខុសពីផ្កាស្នោរប៉ុន្មានឡើយ ទើបអ្នកស្រីបែកគំនិតចង់បង្កើតជាសួនសិប្បនិម្មិតនេះឡើង។

អ្នកស្រីបានបន្ថែមថា ដោយមើលឃើញនៅតាមដងផ្លូវ ចាប់ពីភ្នំសំពៅទៅដល់ឃុំត្រែង គឺសម្បូរដើមកន្ត្រាំងបាយស ទើបអ្នកស្រីប្រកាសឲ្យប្រជាពលរដ្ឋកាប់យកមកលក់ឲ្យអ្នកស្រី រហូតបានច្រើនសន្ធឹកសន្ធាប់ហើយអ្នកស្រីក៏បានហាលដើម្បីគោះស្លឹកចោល ទើបយកមកកែច្នៃចងជាបាច់តូចៗ និងជ្រលក់ពណ៌ចំនួន ៧ពណ៌ ក៏បានដោតដាំជាងមួយចំហៀងដី ដោយឡែកផ្ទៃដីនៅសល់ដែលពោរពេញដោយដើមចង្ក្រង់ស្វា អ្នកស្រីបានទិញសន្លឹកជ័រសាប៊ូ ចម្រុះពណ៌ ដែលវាមិនមែនជាជ័រ ហើយក៏មិនមែនជាក្រដាស ទើបយកមកកាច់ធ្វើជាផ្កាកុលាបរាប់ម៉ឺនដើម ដើម្បីយកទៅដោតលើដីចម្រុះពណ៌ជាមួយនឹងដើមផ្កា ចង្ក្រង់ស្វា ដែលមើលទៅហាក់បីដូចជាផ្កាពិតៗ និងស្រស់ស្អាតថែមទៀតផង។ រីឯទីតាំងផ្សេងទៀតអ្នកស្រីក៏បានប្រើប្រាស់សំបកដបទឹកសុទ្ធ លាបពណ៌ដើម្បីចងជាម៉ូតផ្សេងៗគួរឱ្យចង់គយគន់។

ទោះបីជាទីតាំងនេះ ត្រូវបានដាក់ឲ្យអ្នកយាម យកលុយក្នុងម្នាក់ ២.០០០ រៀលក៏ដោយ គឺនៅពេលចូលដល់ក្នុងភ្ញៀវមានសិទ្ធិជ្រើសរើសកាហ្វេ ឬភេសជ្ជៈមួយកំប៉ុង ដោយឥតគិតថ្លៃ ដូច្នេះលុយ ២.០០០ រៀល ស្មើនឹងទិញភេសជ្ជៈប៉ុណ្ណោះ និងអាចឱ្យភ្ញៀវថតលេងកម្សាន្តសប្បាយផងដែរ។

បច្ចុប្បន្នអ្នកស្រីកំពុងឲ្យជាងធ្វើជាកញ្ចុះខ្លះៗទុកគ្រាន់ភ្ញៀវអង្គុយលេង និងពិសាអាហារទៅតាមតម្រូវការ ព្រោះនៅទីតាំងនេះអ្នកស្រីក៏មានលក់បាយម្ហូបផងដែរ។ ដោយការបើកទីតាំងនេះ ទើបតែបាន ២២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានភ្ញៀវចូលទៅលេងកម្សាន្តជាហូរហែទៅហើយ ដោយភាគច្រើនគឺនៅល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក៕ អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


