កីឡា
មនុស្សប្រមាណ ៣០០០នាក់ នឹងចូលរួមរត់ប្រណាំងថ្ងៃទី៨មីនា
មនុស្សប្រមាណ៣០០០នាក់គ្រោងនឹងចូលរួមរត់ប្រណាំងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅឧទ្យានមុខវត្តបទុមវត្តីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិ ក្នុងការលើកកម្ពស់សិទ្ធិនារី និងសុខភាពសាធារណៈ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គោលដៅនៃការរៀបចំរត់ប្រណាំងដើម្បីអបអរសាទរទិវាសិទ្ធិនារី៨មីនានេះគឺរួមចំណែកជាមួយពិភពលោក និងជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
លោកមានប្រសាសន៍ថា ៖«យើងរួមគ្នាដើម្បីលើកកម្ពស់យុត្តិធម៌សង្គមតាមរយៈការគោរពនូវសិទ្ធិស្ត្រី។ ពីមុនច្រើននិយាយពាក្យ យេនឌ័រៗ តែឥឡូវនេះ ក្នុងកីឡាយើងឈានដល់ ការធ្វើសមាហរណកម្មចំពោះស្ត្រីនៅក្នុងសង្គម។ ការផ្តល់នូវពាក្យស្លោកទាំងអស់ យើងជួយគ្នាក្នុងការលើកកម្ពស់តាមរយៈព្រឹត្តិការណ៍របស់យើង។ តាមរយៈព្រឹត្តិការណ៍នេះ យើងផ្ញើសារល្អៗទៅកាន់សង្គមរបស់យើង។ អីចឹងសារដែលយើងផ្ញើទៅសង្គមជាតិដោយមានខ្លឹសារគ្រប់គ្រាន់»។

លោកបានបន្ថែមថា ម្យ៉ាងទៀត ការរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែប្រសើរឡើង នៅឆ្នាំបន្តបន្ទាប់ទៀតអាចនឹងបង្កើនវិញ្ញាសាកាន់តែច្រើន។
លោកបានឲ្យដឹងថា រហូតដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រកួតជាង២០០០នាក់ហើយ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃប្រកួត អ្នកចូលរួមនឹងកើនឡើង ហើយរំពឹងទទួលបានប្រមាណ៣០០០នាក់។ ចំនួនអ្នកចូលរួមនេះប្រហែលទៅនឹងព្រឹត្តិការណ៍ដដែលនេះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកគណៈកម្មការរៀបចំរត់ប្រណាំងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ទិវារត់ប្រណាំងដើម្បីអបអរសាទរទិវា៨មីនា មាន២វិញ្ញាសាគឺចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ៤គីឡូម៉ែត្រដែលផ្តោតសំខាន់លើស្ត្រីគ្រប់វ័យអាចចូលរួមរត់បាន។ ការចូលរួមនេះបានទាំងបុរស និងស្ត្រី ទាំងអាជីព និងមិនអាជីពជាលក្ខណៈក្រុមហ៊ុន ក្រុមគ្រួសារ និងមិត្តភក្តិ។

លោកបានបញ្ជាក់ថា អ្នកចូលរួមទាំងអស់ត្រូវស្គាល់ឲ្យច្បាស់ពីសុខភាពរបស់ខ្លួនថាតើអាចរត់បានកម្រិតណា ចម្ងាយប៉ុន្មាន និងត្រូវទទួលខុសត្រូវចំពោះសុខភាពផ្ទាល់ខ្លួន។ គណៈកម្មការរៀបចំការប្រកួតទទួលខុសត្រូវលើបច្ចេកទេស សុវត្ថិភាពចរាចរណ៍ រៀបចំទីកន្លែងសង្គ្រោះបឋម និងទីតាំងដាក់ទឹកតាមដងខ្លួនរត់សម្រាប់អ្នករត់អាចទទួលបាន។
សម្រាប់វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រនឹងចាប់ផ្តើមចេញដំណើរវេលាម៉ោង៥:៣០នាទីព្រឹក និងចម្ងាយ៤គីឡូម៉ែត្រចាប់ផ្តើមចេញដំណើរវេលាម៉ោង៥:៤៥នាទីព្រឹក ពីឧទ្យានមុខវត្តបទុមវត្តិ ឆ្ពោះទៅកោះពេជ្រ និងឆ្លងស្ពានកោះនរាមុនពេលត្រឡប់មកវិញដើម្បីឆ្ពោះមកទីតាំងផ្តាច់ព្រ័ត្រ។
នេះជាលើកទី៤ហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយដៃគូ សុវណ្ណភូមិឡាយហ្វ៍ រៀបចំព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរដល់ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា។ លើកទី១ ឆ្នាំ២០២០មានអ្នកចូលរួមជាង២០០០នាក់។ ឆ្នាំ២០២១ និង២០២១មិនបានរៀបចំទេដោយសារវិបត្តិជំងឺកូវីដ-១៩។ លើកទី២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍បានវិលត្រឡប់មកជាមួយអ្នកចូលរួមជិត២០០០នាក់ និងលើកទី៣ ឆ្នាំ២០២៤មានអ្នកចូលរួមរហូតដល់ជាង៣០០០នាក់។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


