ព័ត៌មានជាតិ
ពលរដ្ឋជំរុញស្នើឲ្យអាជ្ញាធរដាំដើមត្នោត តាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ពលរដ្ឋបានស្នើឲ្យអាជ្ញាធរដាំដើមត្នោត ដែលជាដើមឈើបង្កប់តម្លៃវប្បធម៌និងអត្តសញ្ញាណជាតិ តាមផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រោយមានការផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងដាក់ឲ្យប្រើប្រាស់នៅអំឡុងខែកក្កដា ឆ្នាំ ២០២៥ ក៏មានពលរដ្ឋមួយចំនួនចាប់អារម្មណ៍ជំរុញឲ្យអាជ្ញាធរដាំដើមឈើជាពិសេសដើមត្នោត ដើម្បីបង្កើតភាពទាក់ទាញនិងជួយការពារតម្លៃនៃដើមឈើជាអត្តសញ្ញាណជាតិខ្មែរ។

ពលរដ្ឋមួយរូប ដែលចាប់អារម្មណ៍ទៅដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហោះសារជំរុញឲ្យអាជ្ញាធរដាំដើមត្នោតនៅលើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងសាងសង់គ្រោងបញ្ចប់ឆាប់ៗនេះ។
ក្នុងសារពលរដ្ឋរូបនេះបានបញ្ជាក់ថា៖ «ផ្លូវ ៦០ ជិតមកដល់ព្រលាន បើដាំដើមត្នោតជាជួរអមសងខាងផ្លូវ ហើយដាំឲ្យញឹកបន្តិច មិនដឹងជាស្អាតយ៉ាងណាទេ!»។
ពាក់ព័ន្ធការដាំដើមឈើនេះ មន្ត្រីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោបានអះអាងថា ក្នុងប្លង់ឌីហ្សាញក៏មានការដាំដើមឈើប្រណិតរាប់លានដើម ក្នុងនោះក៏មានផ្ដើមចេញពីដើមត្នោត រួមទាំងឈើប្រណិតផ្សេងទៀត។

លោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះតេជោអន្តរជាតិ (រូបកណ្តាល)
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីសប្តាហ៍មុននេះ លោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការជាមួយក្រុមហ៊ុនគូរប្លង់ឲ្យដាក់បញ្ចូលរចនាបថខ្មែរទាំងក្នុងនិងក្រៅព្រលាន ហើយក្នុងនោះការដាំដើមឈើក៏ជាផ្នែកមួយនៃគំរូប្លង់ដែលបញ្ចូលក្នុងរចនាប្លង់ក្នុងព្រលាន។
លោកឆារស៍ វ៉ាន់ បានអះអាងថា ផ្តើមពីការគិតគូរដល់វប្បធម៌ជាតិ ក្នុងរចនាប្លង់មានបញ្ចូលការដាំដើមត្នោតជាអត្តសញ្ញាណជាតិ ហើយតាមរយៈដើមត្នោតគឺជារុក្ខជាតិដែលផ្សារភ្ជាប់ទៅវប្បធម៌របស់ដូនតាខ្មែរតាំងពីកកើតទឹកដីមក។
ក្រៅពីដើមត្នោត ក៏មានការដាំដើមរំដួល ធ្នង់ បេង មិនមែនត្រឹមរាប់ម៉ឺនដើម គឺដល់រាប់លានដើម។ នេះបើតាមលោក ឆារស៍ វ៉ាន់។
ជាមួយគ្នានេះ បើតាមលោក ឆារស៍ វ៉ាន់ លោកក៏កំពុងធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីសហការក្នុងការនាំដើមឈើដ៏មានតម្លៃ សម្រាប់យកមកដាំបន្ថែមដើម្បីបង្កើតបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតងនៅក្នុងព្រលាន។


រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏ធ្លាប់ប្រកាសនឹងចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើសិនមានការស្នើសុំផ្តល់កូនត្នោតដើម្បីយកទៅដាំលម្អនៅលើដងមហាវិថីថ្មីឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជិតឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ខណៈដែលក្រសួងបរិស្ថាន បានបើកយុទ្ធនាការចែកកូនឈើរាប់លានដើម ដល់ពលរដ្ឋយកទៅដាំតាមសហគមន៍ សាលារៀន និងទីអារាមនានា ក្រសួងបរិស្ថានក៏បានបណ្តុះកូនត្នោតរាប់ម៉ឺនដើម ដើម្បីចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។
ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានកម្ពុជាថ្មីនៅក្នុងសន្និសីទ «ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ» កន្លងទៅ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបរិស្ថានរីករាយក្នុងការសហការផ្តល់ជូនកូនត្នោតដល់អាជ្ញាធរ បើសិនត្រូវការយកទៅដាំនៅតាមដងមហាវិថីឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ។

ជាមួយការលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមត្នោតឲ្យបានច្រើននៅគ្រប់ទីកន្លែង លោករដ្ឋមន្រ្តីមើលឃើញថា ការដាំដើមត្នោតជួយផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ និងបង្កើនការចាប់អារម្មណ៍ដល់ទេសចរបរទេសបានស្គាល់ពីរុក្ខជាតិជាអត្តសញ្ញាណរបស់ជាតិខ្មែរ នៅពេលធ្វើដំណើរមកកម្សាន្តប្រទេសកម្ពុជា។
ពាក់ព័ន្ធការបំផុសឲ្យដាំដើមត្នោតនេះ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា ការដាំរុក្ខជាតិណាមួយក្នុងបរិវេណព្រលាន ចាំបាច់ត្រូវតែមានការសិក្សាឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ។
ក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោ មានការស្ថាបនាមហាវិថីថ្មីតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ ដែលមានប្រវែងជាង ១៣ គីឡូម៉ែត្រ។ មហាវិថីថ្មីនេះ សាងសង់កាត់ភូមិសាស្រ្តខេត្តកណ្តាល ដោយឆ្លងកាត់ផ្លូវក្រវាត់ក្រុងទី ៣ និងផ្លូវជាតិលេខ ២ ភ្ជាប់មកមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ ៦០ ម៉ែត្រ)។
បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិតេជោ វឌ្ឍនភាពសាងសង់សម្រេចបានប្រមាណ ៩៥%។ លោក ឆារស៍ វ៉ាន់់ បានអះអាងថា ការចំណាយលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ រហូតមកដល់ពេលនេះអស់ប្រមាណ ១ ៦០០ លានដុល្លារ ខណៈដែលអាកាសយានដ្ឋានកម្រិត 4F នេះ គ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដា ដោយដំណាក់កាលទីមួយមានសមត្ថភាពទទួលអ្នកដំណើរបានប្រមាណ ១៥ លាននាក់ក្នុងមួយឆ្នាំ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៧ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១០ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស