Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន៖ បើមិនចង់ភ័យរឿងខ្យល់ពុល ពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការដុតសំរាម ដុតព្រៃ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានថ្លែងថា បើសិនជាពលរដ្ឋខ្មែរមិនចង់ព្រួយបារម្ភ ភ័យព្រួយចំពោះបញ្ហាខ្យល់ពុលទេ ពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការដុតសំរាម ​បាស្ទិក ការដុតព្រៃ ការដុតកាកសំណល់កសិកម្ម ដែលជាដើមចមដែលនាំឱ្យមានបញ្ហាខ្យល់ពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានស្ដីទីលទ្ធផលនៃទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៩​ ខែកុម្ភៈ  រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងដូច្នេះអំពីបញ្ហាខ្យល់ពុលដូច្នេះ ៖« បញ្ហាគុណភាពខ្យល់ទាំងប្រជាជន ទាំងខ្ញុំសុទ្ធតែមានកង្វល់ ប៉ុន្តែជាមួយនឹងកង្វល់ហ្នឹង ខ្ញុំសូមឱ្យយើងរួមគ្នាចាត់វិធានការការពារផង។ កុំគ្រាន់តែបង្ហាញក្ដីកង្វល់! កុំគ្រាន់តែផ្សព្វផ្សាយថាជាតិពុលមកហើយ ផ្សែងពុលមកហើយ អ័ព្ទមកហើយ ប៉ុន្តែត្រូវរួមគ្នាកុំដុតសំរាម ជាពិសេសសំរាមប្លាស្ទិកហ្នឹង សូមកុំដុតវាលស្រែ សូមកុំដុតព្រៃរបស់យើង ព្រោះការដុតទាំងនោះ ដែលនាំជាតិពុលឱ្យមកយើងកើតក្ដីបារម្ភ បើយើងមិននាំគ្នាដុតទេ យើងក៏មិនពិបាកបារម្ភរឿងគុណភាពខ្យល់ដែរ។»។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវជាថ្មីម្ដងទៀត ទៅកាន់ពលរដ្ឋខ្មែរនៅទូទាំងប្រទេសឱ្យបញ្ឈប់សកម្មភាពដុតសំរាមប្លាស្ទិក ដុតព្រៃ និងសំណល់កសិកម្ម ដើម្បីចូលថែរក្សាធនធានធម្មជាតិ និងថែរក្សាសុខភាពសាធារណៈ និងគុណភាពខ្យល់ឱ្យល្អប្រសើរ។

ជាការកត់សម្គាល់ អំឡុងដើមសប្ដាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហាញក្ដីបារម្ភខ្លាំងអំពីបញ្ហាខ្យល់ពុលនៅរាជធានីភ្នំពេញ ដែលជាទីប្រជុំជនដែលមានប្រជាជនរស់នៅជាង២លាននាក់ បន្ទាប់ពីស្ថានភាពផ្ទៃមេឃមានសភាពចុះអ័ព្ទខ្លាំង។ ជុំវិញករណីនេះ ក្រសួងបរិស្ថាន បានអះអាងថា គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ ហើយការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ គឺរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនដល់កម្រិតប្រកាសអាសន្ននៅឡើយ។

រូបថតឯកសារ៖ រូបថតថតចេញពីតំបន់ជ្រោយចង្វារនៅថ្ងៃទី១១ ខែកុម្ភៈ ក្នុងពេលដែលផ្ទៃមេឃនៅរាជធានីភ្នំពេញមានសភាពចុះអ័ព្ទខ្លាំង។

ដោយហេតុថា បញ្ហាគុណភាពខ្យល់ជាក្ដីកង្វល់រួម ដូច្នេះ ក្រសួងបរិស្ថានកម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ។ តាមរយៈនេះ ក្រសួងបរិស្ថានកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយក្រសួងបរិស្ថានជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត ទៅកាន់ប្រទេសជប៉ុន។

តាមរយៈMoC នេះ រដ្ឋមន្ត្រី អ៊ាង សុផល្លែត អះអាងថា ក្រុមហ៊ុនជប៉ុន នឹងផ្ដល់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់មកឱ្យកម្ពុជា ដើម្បីពិនិត្យគុណភាពខ្យល់ពុល។ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដ៏ទំនើប នឹងផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់នៅកម្ពុជា ដោយគ្រាន់តែបើកដំណើរ មន្ត្រីជំនាញនឹងអាចដឹងបានភ្លាមថា​នៅក្នុងខ្យល់មានសារធាតុពុល និងសារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងក៏មានគម្រោងបំពាក់បន្ថែមទៀតនូវឧបករណ៍តាមដាន ពិនិត្យគុណភាពខ្យល់នៅតាមបណ្ដាខេត្តបន្ថែមពីលើឧបករណ៍តាមដានគុណភាពខ្យល់ដែលបានបំពាក់រួចហើយ ដោយបំពាក់ឱ្យបានយ៉ាងហោចណាស់ចំនួន ២ ឬ៣ឧបករណ៍តាមដានគុណភាពខ្យល់នៅតាមបណ្ដាខេត្តនីមួយៗ។ 

ដើម្បីទប់ស្កាត់ការបំពុលខ្យល់នេះដែរ  ក្នុងពេលបំពេញទស្សនកិច្ចនៅជប៉ុន លោក អ៊ាង សុផល្លែត  រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ដែលដុតហើយគ្មានផ្សែង ពីប្រទេសជប៉ុន និងតម្រូវឱ្យក្រុមហ៊ុនផលិត កែច្នៃឡនេះ ទៅជាឡដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជំនួសថាមពលអគ្គិសនីវិញ។  

គួរឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ន ក្រសួងបរិស្ថានដាក់ពង្រាយឧបករណ៍ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេសកម្ពុជា រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ (កំហាប់ភាគល្អិត PM2.5) ឱ្យបានត្រឹមត្រូវ និងលទ្ធផលគុណភាពខ្យលល់ដែលបានមកពីឧបករណ៍ប្រព័ន្ធត្រួតពិនិត្យ គឺក្រសួងបរិស្ថានផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន បានជ្រាបអំពីទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព តាមរយៈបណ្ដាញសង្គមរបស់ក្រសួង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម