ព័ត៌មានជាតិ
គម្រោងដាំដើមត្នោត តាមមហាវិថីថ្មីទៅព្រលានយន្តហោះតេជោតាខ្មៅ រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសរង់ចាំសហការ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសនឹងចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើសិនមានការស្នើសុំផ្តល់កូនត្នោតដើម្បីយកទៅដាំលម្អនៅលើដងមហាវិថីថ្មីឆ្ពោះទៅកាន់ព្រលានយន្តហោះតេជោតាខ្មៅដែលកំពុងដំណើរការសាងសង់។

មហាវិថីថ្មីកំពុងសាងសង់ភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ ទៅព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ
ខណៈដែលក្រសួងបរិស្ថាន កំពុងរៀបចំយុទ្ធនាការចែកកូនឈើរាប់លានដើម ដល់ពលរដ្ឋយកទៅដាំតាមសហគមន៍ សាលារៀន និងទីអារាមនានា ក្រសួងបរិស្ថានក៏បានបណ្តុះកូនត្នោតរាប់ម៉ឺនដើម ដើម្បីចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃនៅពេលខាងមុខ។
ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានកម្ពុជាថ្មីនៅក្នុងសន្និសីទ «ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ» កាលពីថ្ងៃទី ២០ ខែឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបរិស្ថានរីករាយសហការផ្តល់ជូនកូនត្នោតដល់អាជ្ញាធរ ដើម្បីយកទៅដាំនៅតាមដងមហាវិថីឆ្ពោះទៅព្រលានយន្តហោះតេជោតាខ្មៅ។

លោករដ្ឋមន្រ្តីជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមរុក្ខជាតិរបស់ជាតិគឺដើមត្នោត។ ដើមត្នោតជាអត្តសញ្ញាណជាតិ ដែលបានផ្សារភ្ជាប់ទៅវប្បធម៌របស់ដូនតាខ្មែរតាំងពីកកើតទឹកដីមក។ ការដាំដើមត្នោតប្រយោជន៍ជួយផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ និងបង្កើនការចាប់អារម្មណ៍ដល់ទេសចរបរទេសបានស្គាល់ពីរុក្ខជាតិជាអត្តសញ្ញាណរបស់ជាតិខ្មែរនៅពេលធ្វើដំណើរមកប្រទេសកម្ពុជា។
លោកបន្តថា ក្រសួងនឹងបើកយុទ្ធាការចែកកូនត្នោតជាង ៣០ ម៉ឺនក្នុង ១ ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមការចែកជូនកូនឈើជាង ១ លានដើមទៀតជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំនិងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។
លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា ការដាំរុក្ខជាតិណាមួយក្នុងបរិវេណព្រលានត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ។
ទាក់ទងការបំផុសគំនិតដាំដើមត្នោតនៅតាមដងមហាវិថីថ្មីទៅព្រលានយន្តហោះតេជោតាខ្មៅ បើតាមមន្រ្តីអាកាសចរស៊ីវិលបានអះអាងថា កិច្ចការនេះពាក់ព័ន្ធអាជ្ញាធរដែនដី មិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរព្រលាននោះទេ។

ក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោតាខ្មៅ ក៏មានការស្ថាបនាមហាវិថីថ្មីតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ឆ្ពោះទៅព្រលានយន្តហោះតេជោតាខ្មៅ ដែលមានប្រវែងជាង ១៣ គីឡូម៉ែត្រ។ មហាវិថីថ្មីនេះសាងសង់កាត់ភូមិសាស្រ្តខេត្តកណ្តាលដោយឆ្លងកាត់ផ្លូវក្រវាត់ក្រុងទី ៣ និងផ្លូវជាតិលេខ ២ ភ្ជាប់មកមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ ៦០ ម៉ែត្រ)។
ប្រាប់កម្ពុជាថ្មីតាមតេលេក្រាម លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា ចំពោះគម្រោងដាំដើមត្នោតតាមហាវិថីថ្មីភ្ជាប់ទៅព្រលានយន្តហោះតេជោតាខ្មៅឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល រដ្ឋបាលខេត្តពុំទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេ។
បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ ការដាំដើមត្នោតទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ បើតាមលោកដឹងពីមន្ទីរបរិស្ថានខេត្តគ្រោងនឹងដាំពីថ្នាក់ជាតិ ដោយសហការជាមួយក្រុមហ៊ុនធ្វើព្រលាន។
យ៉ាងណាមិញ លោក ឌឹម បូរ៉ា បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលក៏បានបំផុសឲ្យពលរដ្ឋនិងអាជ្ញាធរតាមមូលដ្ឋានចូលរួមដាំដើមឈើនៅក្នុងបរិវេណទីតាំងសមស្របនៅទូទាំងក្រុងស្រុកឲ្យបាន ១ ម៉ឺនដើម ក្នុង ១ ឆ្នាំ ខណៈដែលបច្ចុប្បន្នរដ្ឋបាលខេត្តក៏កំពុងរៀបចំឲ្យមានឧទ្យានតាមបបណ្តាក្រុងស្រុកទាំង ១៣។
បើតាមមន្រ្តីអាកាសចរស៊ីវិល វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះតេជោកក្រុងតាខ្មៅ មកដល់ពេលនេះសម្រេចបានប្រមាណ ៧០ ភាគរយ ហើយតាមគម្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ ២០២៥។
ដោយចាយកញ្ចប់ថវិកាវិនិយោគអស់ប្រមាណ ១ ៥០០ លានដុល្លារ ព្រលានយន្តហោះតេជោតាខ្មៅថ្មីត្រូវបានអភិវឌ្ឍជាព្រលានយន្តហោះកម្រិតថ្នាក់ 4E។ តាមរយៈព្រលានយន្តហោះដែលចាយទុនខ្ទង់ពាន់លានដុល្លារនេះ នឹងចូលរួមអភិវឌ្ឍ ក៏ដូចជាបើកចំហជើងមេឃនៃវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ក្នុងការពង្រីកការតភ្ជាប់ការហោះហើរដោយត្រង់ទៅគ្រប់តំបន់ទូទាំងពិភពលោក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


