ព័ត៌មានជាតិ
ជួបកងទ័ពក្នុងស្រុកគិរីវង់ រដ្ឋមន្ត្រីការពារជាតិ ណែនាំឱ្យបង្កើនកិច្ចសហការល្អជាមួយប្រទេសជិតខាង
ចុះជួបកម្លាំងកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានណែនាំឱ្យកងទ័ពបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាង សំដៅកសាងបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងឱកាសដឹកនាំប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងកងវរសេនាតូចលេខ ៣៣៣ តំបន់ប្រតិបត្តិការសឹករងតាកែវ យោធភូមិភាគទី៣ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ គឺក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តួយ៉ាងនាយទាហាន នាយទាហានរង និងពលទាហានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៃទិសយោធភូមិភាគទី៣ នាពេលនេះ។
បន្ថែមពីការបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាង លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃវរសេនាតូចលេខ ៣៣៣ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនរៀនសូត្រ គ្រប់មុខជំនាញផងដែរ។

បើតាមការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯក ម៉ែន ចាន់ឌា មេបញ្ជាការកងវរសេនាតូចលេខ ៣៣៣ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយអជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ដែលស្ថិតនៅជាប់នឹងព្រំដែន។ លោកវរសេនីយ៍ឯក បញ្ជាក់បន្ថែមថា អង្គភាពបានបន្តខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ស្របតាមគោលការណ៍ឯកភាពគ្នា និងបានទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ បទល្មើសសេដ្ឋកិច្ច ប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ពិសេសការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ប្រកបមុខរបរទទួលទានបានល្អប្រសើរ កសាងបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវ ប្រកបដោយភាពម៉ឺងមាត់។ ភ្ជាប់នឹងការសរសើរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់កងកម្លាំងកងវរសេនាតូចលេខ ៣៣៣ ត្រូវបន្តចូលរួមការពារសន្តិភាពឱ្យបានគង់វង្សទៅថ្ងៃអនាគត។
លោក ក៏បានក្រើនរំលឹកដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់គ្រឿងញៀន។

ជាការកត់សម្គាល់ នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យមើលច្រកព្រំដែន ភ្នំដិន ដែលជាច្រកទ្វាអន្តរជាតិឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ។ ច្រកព្រំដែនភ្នំដិន បានបម្រើឱ្យវិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងកម្ពុជា និងវៀតណាម ហើយបច្ចុប្បន្នច្រកព្រំដែននេះមានសកម្មភាពមមាញឹកក្នុងការផ្លាស់ប្តូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការចេញចូលទៅវិញទៅមករវាងប្រជាជននៅជាប់ព្រំដែន ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


