Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិ៖ តាំងពីមានការរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មី យុវជនជាង១ម៉ឺននាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ច

បានផុស

នៅ

ចាប់តាំងពីការរៀបចំច្បាប់កាតព្វកិច្ចយោធាថ្មីឡើងវិញ មាន យុវជនជាង១ម៉ឺននាក់ មកពីគ្រប់ស្រទាប់វណ្ណៈ បានដាក់ពាក្យដើម្បីចូលបំពេញកាតព្វកិច្ច។ នេះបើតាមការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នាព្រឹកថ្ងៃទី៣០ ខែឧសភា ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ នៅខេត្តកោះកុង។ បើតាមរដ្ឋមន្ត្រីការពារជាតិ ទឹកចិត្តរបស់យុវជនស្នេហាជាតិ ទឹកដី ចង់ចូលបំពេញកាតព្វកិច្ចយោធា គឺកើតចេញពីភាពឈឺចាប់ ព្រោះតែសង្គ្រាមឃ្លានពានក្នុងខែកក្កដា នៅខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខការពារជាតិកម្ពុជាសង្កត់ធ្ងន់ដូច្នេះ ៖”ពេលដែលចាប់ផ្ដើម ប្រិតប្រៀងច្បាប់កាតព្វកិច្ចយោធាថ្មីនេះ មានយុវជនជាង១ម៉ឺននាក់ហើយ បានដាក់ឈ្មោះ [ចូលបំពេញកាតព្វកិច្ចយោធា] ហើយមកពីគ្រប់ស្រទាប់វណ្ណៈ មិនមែនថាមានតែកូនអ្នកធំ អ្នកមាន អ្នកក្រ កូនកសិករ គឺមានសិទ្ធិចូល[បំពេញកាតព្វកិច្ចយោធា]ទាំងអស់គ្នា ហើយបច្ចុប្បន្ននេះអ្នកដែលដាក់ពាក្យ[ចូលបំពេញកាតព្វកិច្ចយោធា] គឺជាកូនថ្នាក់ដឹកនាំ“។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានរំលឹកឡើងវិញថា ចៅៗរបស់សម្ដេចតេជោ  ក៏ត្រូវសម្ដេចតេជោ ហ៊ុន សែន បញ្ជូនទៅបំពេញកាតព្វកិច្ចយោធាដូចគ្នាដែរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ជាថ្មីម្ដងទៀតទៅកាន់យុវជនថា៖” មិនមែនថាចប់កាតព្វកិច្ចយោធាហើយយកយុវជនទាំងអស់នេះទៅច្បាំងនោះទេ។ បានបញ្ជាក់ហើយថា ជាយោធិនបម្រុង។ យោធិនបម្រុងមានន័យថាពេលដែលចប់កាតព្វកិច្ចនេះហើយ យុវជនទាំងអស់នេះអាចត្រឡប់ទៅសិក្សារៀនសូត្រ ទៅបំពេញការងាររបស់ខ្លួន ទាំងមន្ត្រីរាជការគឺចូលទៅបម្រើការនៅកន្លែងធ្វើការរបស់ខ្លួនវិញដូចដើម ហើយមានរក្សាទាំងការសិក្សា តួនាទីភារកិច្ចជូន ហើយមានកំណត់ក្នុងអនុក្រឹត្យ“។

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា សម្រាប់យោធិនបម្រុង នៅពេលដែលប្រទេសជាតិមានបញ្ហា នឹងត្រូវកោះហៅមកហ្វឹកហាត់បន្ថែម ឬចូលទៅតស៊ូនៅជួរមុខ ប្រសិនបើស្ថានការណ៍តានតឹងខ្លាំង។

ក្នុងពិធីដដែលនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងទទួលស្គាល់ថា ក្នុងពេលមានសន្តិភាព កម្ពុជាមិនបានពង្រឹងខ្លាំងលើវិស័យការពារជាតិទេ ព្រោះគ្រប់យ៉ាងត្រូវផ្ដល់អាទិភាពលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការអភិវឌ្ឍជាតិជាមុនសិន ហេតុដូច្នេះហើយទើបពេលមានសង្គ្រាមកងទ័ពមានការខ្វះខាត៕

ដោយ/ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម