ព័ត៌មានជាតិ
ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង
គំនូរសហសម័យជាង៤០ផ្ទាំង ដែលជាស្នាដៃរបស់វិចិត្រករកម្ពុជា លោក នូ សារី នឹងយកទៅដាក់តាំងនៅវិចិត្រសាល អេពីឌីមិក ក្នុងប្រទេសបារាំង ដោយស្នាដៃគំនូរនេះ នឹងបង្ហាញពីទិដ្ឋភាពរស់នៅរបស់ប្រជាជាតិខ្មែរ ក្រោមប្រធានបទ «ពណ៌នៃដួងព្រលឹងខ្មែរ»។

ការតាំងបង្ហាញស្នាដៃគំនូររបស់វិចិត្រករ នូ សារី ក្នុងប្រទេសបារាំង នឹងចាប់ផ្តើមពីថ្ងៃទី៤ ខែមេសា រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយនឹងនាំអ្នកទស្សនាទៅក្នុងបេះដូងនៃវប្បធម៌របស់កម្ពុជា តាមរយៈទិដ្ឋភាពនៃជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងរូបគំនូរទាំងនោះ។ ខណៈលោក នូ សារី ក៏នឹងមានវត្តមាននៅក្នុងវិចិត្រសាលអេពីឌីមិក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែមេ សា ដែលអាចឱ្យអ្នកទស្សនាមានឱកាសបានជួបជាមួយលោកដោយផ្ទាល់។

ការដាក់បង្ហាញស្នាដៃរបស់វិចិត្រករ នូ សារី នាពេលខាងមុខ នឹងនាំយកនូវរឿងរ៉ាវនៃជីវិតតស៊ូទៅក្នុងរូបគំនូររបស់លោក ដែលជាកូនកំព្រា បានឈោងចាប់យកក្តីស្រមៃរបស់លោក មករៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ ហើយបានបន្តដុសខាត់ជំនាញរបស់លោកនៅសាលាវិចិត្រសិល្បៈ Saint- Étienne ប្រទេសបារាំង។
លោក នូ សារី រៀបរាប់ប្រាប់កម្ពុជាថ្មី ថា «ពណ៌នៃដួងព្រលឹងខ្មែរ» ដែលជាប្រធានបទសម្រាប់ការដាក់តាំងបង្ហាញនៅលើទឹកដីនៃប្រទេសបារាំងនេះ គឺជាបង្ហាញនូវអនុស្សាវរីយ៍របស់លោក ដែលដិតដាមជាមួយទិដ្ឋភាពនៃជីវភាពរស់នៅប្រចាំថ្ងៃបែបសាមញ្ញ ហើយមានចម្រុះពណ៌នៃធម្មជាតិ ដែលអតីតកាល លោក គឺជាកូនអ្នករស់នៅតាមដងទន្លេមេគង្គក្រោម ក្នុងខេត្តកណ្ដាល រស់នៅដោយផ្សារភ្ជាប់ទៅនឹងបរិយាកាសធម្មជាតិ មានព្រៃលិចទឹក តាមរយៈការធ្វើស្រែចំការ និងធ្វើនេសាទ ជាដើម។

វិចិត្រករ នូ សារី បន្តថា ការបង្ហាញនូវដួងព្រលឹងកម្ពុជា តាមរយៈស្នាដៃគំនូសសហសម័យរបស់លោកនេះ ក៏នឹងបង្ហាញអំពីអត្តសញ្ញាណជាតិ ក៏ដូចជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាក្នុងខេត្តសៀមរាប ដែលរួមមានទាំងចម្លាក់ ប្រាង្គប្រាសាទ ភ្ជាប់ជាមួយនឹងរុក្ខជាតិដ៏ស្រស់ត្រកាលនៅទីនោះ។ នេះហើយដែលជាអត្ថន័យនៃការតាំងបង្ហាញស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី ដែលជាការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិខ្មែរ។
ក្នុងនាមជាវិចិត្រករដែលល្បីឈ្មោះម្នាក់ ស្នាដៃរបស់លោក នូ សារី ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិជាបន្តបន្ទាប់ រហូតទទួលបានមេដាយសំរិទ្ធ ពីសមាគមវិចិត្រករបារាំង នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០០៥ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


