Connect with us

ជីវិតកម្សាន្ដ

លោក ប៊ិន ឆារ៉ាន់​ វិចិត្រករ​មានទេពកោសល្យ​អាចគូរ និងសូនរូប​ដូចសឹងតែ​ ១០០ ភាគរយ​

បានផុស

នៅ

​លោក ប៊ិន ឆារ៉ាន់ អាយុ ៤១ ឆ្នាំជាវិចិត្រករគំនូរ ចម្លាក់ និងសូនរូបមានទេពកោសល្យ និងថ្វីដៃ​ពិសេស​អាចគូរ និងសូនរូប​ដូចសឹងតែ១០០ភាគរយ។

មានដើមកំណើតនៅខេត្តកំពង់​ចាម ​ប៉ុន្តែបច្ចុប្បលោក ប៊ិន ឆារ៉ាន់រស់នៅភូមិព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បន្ទាប់ពីរៀបអាពាហ៍ពាហ៍ជាមួយភរិយានៅឆ្នាំ ២០០៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានចាប់អាជីពការងារនេះតាំងពីឆ្នាំ ១៩៩៨ រយៈពេលជាង ២ ទស្សវត្សរ៍កន្លងមកនេះ លោក​បានខិតខំស្រាវជ្រាវហ្វឹកហ្វឺនសមត្ថភាពបបន្ថែម​ជាប្រចាំដើម្បី​ឱ្យស្នាដៃកាន់តែមានភាព​លេចធ្លោ និងទទួលស្គាល់ពីមហាជន។​ ស្នាដៃរបស់លោកមានដូចជា សូនរូបមុខដូច ចម្លាក់ផុស គំនូរមុខដូច និងគំនូរទូទៅ។​

ចំណង់ចំណូលចិត្ត ​និងទេពកោសល្យតាំងពីនៅក្មេងបានជំរុញឱ្យវិចិត្រកររូបនេះតស៊ូជម្នះគ្រប់ឧបសគ្គ​រហូត​មានគំនិតបង្កើតស្នាដៃសូនរូបមុខដូចជាច្រើន ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន។​

​លោក ប៊ិន ឆារ៉ាន់ បានរំឭកប្រាប់កម្ពុជាថ្មីថា ​លោកមានដុង និងរៀនគូរគំនូរ​តាំងពីអាយុ ៧ ឆ្នាំ មកម្ល៉េះតាម​ប៉ារបស់ខ្លួន​ដែលជាគ្រូបង្រៀនសាលាបឋម។ លោករៀនដល់ត្រឹមថ្នាក់​អនុវវិទ្យាល័យប៉ុណ្ណោះ ​លុះដល់ជីវភាពលំបាកលោកក៏សម្រេចចិត្ត​ឈប់រៀន ​ហើយទៅបួសជាសាមណេរ​នៅវត្តស្វាយមីង។

អំឡុងពេលបួសរៀនលោកបានឃើញ​ជាងគំនូរ​ចូលគូររូបនៅក្នុងវត្ត ហើយក៏ចាប់អារម្មណ៍ចង់រៀនក៏បានលាចាកសិក្ខាបទ ដើម្បីសុំដើរតាមគ្រូដែលជាជាងគំនូរ​រយៈពេល ៦ ខែ បន្ទាប់មកក៏បានសុំ​បែក​ពីគ្រូចេញគូរខ្លួនឯងជាមួយ​បងប្រុស ២ នាក់ទៀត។​

បន្ទាប់ពីដើរគូរតាមវត្តបានមួយរយៈលោកគិតថា ចំណេះដឹងផ្នែកគំនូររបស់ខ្លួននៅមានកម្រិតក៏​បានធ្វើដំណើរមកភ្នំពេញ ហើយឃើញសមាគម​មួយបណ្ដុះបណ្ដាល​សូនរូប គូរគំនូរ ប៉ុន្តែលោក​មិន​បាន​ចូល​រៀនផ្ទាល់ទេបានត្រឹមតែលួចមើលពីខាងក្រៅប៉ុណ្ណោះ។ ​

ទោះយ៉ាងណាលោកនៅតែព្យាយាមសិក្សាស្រាវ​ជ្រាវដោយ​ខ្លួនឯងបន្តទៀតរហូតដល់ថ្ងៃមួយលោកបានជួបបងស្រីម្នាក់ ដែលជាបងស្រីគ្រូរបស់លោកពីមុន គាត់ក៏បានណែនាំរូបលោក​ឱ្យទៅជាមួយប្អូនប្រុសរបស់គាត់​ដែលបើកសាលាមរតកស្នេហ៍នៅខេត្តសៀមរាប បង្រៀនសិល្បៈសូនរូប និងគំនូរពេលនោះលោកក៏បានធ្វើដំណើរទៅតាមអ្វីដែលបងស្រីប្រាប់ ហើយបានទៅសិក្សាពីគ្រូ ឈ្មោះ ដួង តារាវិវឌ្ឍ រយៈពេល ៦ ខែទៀត។​

លោក ប៊ិន ឆារ៉ាន់រំឭកថា ពេលនោះហើយជាពេលវេលា​ដែលលោក​ចេះដឹងក្បួនខ្នាត រូបមន្តពិតប្រាកដ ដោយសារគ្រូរបស់លោក​បានសិក្សានៅសាលាវិចិត្រសិល្បៈសូនរូបនៅឯសាលារចនាភ្នំពេញ។

បន្ទាប់ពីរៀនជាមួយគ្រូនៅសៀមរាបរយៈពេល ៦ ខែ លោក ប៊ិន ឆារ៉ាន់ ​ក៏បានសុំគ្រូ​​ចេញមកប្រករបរខ្លួនឯងបន្តទៀត ​ដោយគូរគំនូរ​នៅវត្តព្រៃដើមថ្នឹង ឯខេត្តព្រៃវែង ហើយក៏ជាកន្លែងដែលរូបលោក បានជួបជាមួយភរិយា។​

​នៅឆ្នាំ ២០១៩ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លោកចង់បង្ហាញស្នាដៃសូនរូប លោកបានធ្វើរូប​សម្ដេច​ព្រះសង្ឃរាជ្យ ជួន ណាត ហើយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ទទួលបានការគាំទ្រ​ និងចាប់​អារម្មណ៍​ច្រើនពីអ្នកលេងបណ្ដាញសង្គម និងសារព័ត៌មាន។​

​លោក ប៊ិន ឆារ៉ាន់ ប្រាប់ថា ​លោកចេះគូរគំនូរ​ផ្នែកទេសភាព មុខដូច សត្វ និងតាមជញ្ជាំងវិហារ គំនូរ​ផុស និងស្មិតជាស្ពាន់។

ចំពោះតម្លៃមុខដូច​បើធ្វើជាជ័រស្មាច់​មុខដូច​ពាក់កណ្ដាលខ្លួន និងស៊ីម៉ងត៍តម្លៃ ៨០០ ដុល្លារ បើស្មិតជាស្ពាន់តម្លៃ ៤០០០ ដុល្លារ។ ចំណែកររូបមួយជំហរស្មិតជាស៊ីម៉ងត៍តម្លៃ ២ ពាន់ដុល្លារ ខណៈស្ពាន់ ៨ ទៅ ១ ម៉ឺនដុល្លារ។

​ទៅថ្ងៃអនាគត​លោកចង់បង្ហាញស្នាដៃ ដោយធ្វើរូបវិរៈបុរសជាច្រើនទៀត​ដើម្បី​ឱ្យអ្នកជំនាន់ក្រោយ​បានស្គាល់ ហើយលោកចង់​បង្កើតជាសមាគមមួយ​បណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយឱ្យចេះ ព្រោះ​លោក​គិតថា ជំនាន់នេះ មិនសូវមានអ្នកចេះច្រើន។

បច្ចុប្បន្ន​លោក កំពុងសូនរូបលោកវេជ្ជបណ្ឌិត បេអាត រិច្ឆន័រ (Beat RICHNER ) ស្ថាបនិកមន្ទីរពេទ្យគន្ធៈបុប្ផាបាន ៦០ ភាគរយ ហើយលោកនឹងស្មិតជាស្ពាន់យក​ទៅដាក់នៅមន្ទីរពេទ្យគន្ធៈបុប្ផាទី៤ និងគន្ធៈបុប្ផាទី៧ នៅខេត្តសៀមរាប​ដោយលោកលះបង់ទាំង​ពេលវេលា និងថវិកាផ្ទាល់ខ្លួន។

លោក ប៊ិន ឆារ៉ាន់ «ខ្ញុំអត់មានអ្វីសម្រាប់ជូន​ជាលុយជាកាក់ ប៉ុន្តែខ្ញុំមានទេព្យកោសល្យ​សម្រាប់​ឱ្យកូនខ្មែរ​យើងជាពិសេស​កុមារៗកម្ពុជា​ដែលជាកូនរបស់គាត់​បានស្គាល់គាត់​ ព្រោះគាត់បានទទួល​មរណកាលទៅអ៊ី​ចឹងទេ​មានតែរូបសំណាកទេ។ ហើយខ្ញុំលះបង់ពេលវេលា​ថវិកាខ្លួនឯង​គឺដើម្បី​បង្ហាញ​ការដឹងគុណ ព្រោះ​គាត់ជា​ជនបរទេស ​ប៉ុន្តែគាត់​ ស្រលាញ់ខ្មែរជួយខ្មែរ»។

លោកចង់ប្រាប់ឱ្យអ្នកសិល្បៈ គំនូរ និងសូនរូបទាំងអស់ថា ពេលដេលយើងធ្វើអ្វីមួយ​យើងត្រូវ​ដាក់​អារម្មណ៍​ធ្វើឱ្យអស់ពីចិត្តហើយមិនលាក់លៀម​ ហើយកុំគិតពីតម្លៃជាធំ​ គឺត្រូវគិតពីស្នា​ដៃជា​ធំវិញ​ កាលណាយើងមានស្នាដៃល្អិតល្អន់ច្បាស់លាស់​ហើយ នោះលុយនឹងរត់​មកតាមក្រោយ។

​ក្រៅពីនេះ ទៅថ្ងៃខាងមុខ​លោកចង់ធ្វើរូប​វិរៈបុរសខ្មែរ​ឱ្យបានច្រើន ​ដូចជាអតីតព្រះមហាក្សត្រ អ្នកសិល្បៈ និងអ្នកល្បីៗជាច្រើនរូបទៀត ដើម្បី​ឱ្យអ្នកជំនាន់ក្រោយ​បានស្គាល់​។

សូមជម្រាបថា លោក ប៊ិន ឆារ៉ាន់ ជាវិចិត្រករគំនូរ ចម្លាក់ និងសូនរូបយ៉ាងមានថ្វីដៃ​ពិសេស ដែល​អាចសូនរូបដូច ឬគូររូបដូចស្ទើ១០០ភាគរយ។

ស្នាដៃរបស់លោកមានដូចជា សូនរូបមុខដូច ចម្លាក់ផុស គំនូរមុខដូច និងគំនូរទូទៅ។​ លោកចំណាយពេល២សប្ដាហ៍ដើម្បីសូនរូបមុខដូចមួយ ចំណាយពេល២ថ្ងៃ ដើម្បីគូរគំនូរមុខដូចមួយផ្ទាំង(១មx១.២ម) និងចំណាយពេល៣ថ្ងៃ ដើម្បីបានគំនូរទូទៅមួយផ្ទាំង ឬ​អាចឆាប់ជាងនេះទៅតាម​តម្រូវការបន្ទាន់​របស់អតិថិជន។

ការសូនរូបមុខដូចរបស់លោកអាចធ្វើពីស្ពាន់ ជ័រស្មាច់ លង្ហិន ទង់ដែង ហើយតម្លៃ​ នៃរូបប្រែប្រួល​ទៅតាមប្រភេទហ្នឹងដែរ។ លោកក៏ទទួលគូររូបតាមទីតាំងផ្សេងៗដូចជា វត្ត ព្រះវិហារ ហាងលក់​ទំនិញជាដើមផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម