Connect with us

ព័ត៌មានជាតិ

ដូចការគ្រោងទុក នាវាយោធាបរទេសបានចូលចតជាបន្តបន្ទាប់នៅដែនសមុទ្រកម្ពុជា ពិសេសនៅផែរាម

បានផុស

នៅ

ដូចការសន្យា កម្ពុជាបានអនុញ្ញាតឱ្យនាវាយោធាបរទេសចូលចតនៅដែនសមុទ្ររបស់ខ្លួនជាបន្តបន្ទាប់ ដែលជាក់ស្ដែង នាវា​ចម្បាំង​កងទ័ព​ជើង​ទឹក​រុស្ស៊ីកំពុង​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ខណៈ​​នាវា​កង​ទ័ព​វៀតណាម​​កំពុង​ចត​នៅ​កំពង់​ផែ​រាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការផ្នែកនាវាលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី និងជាប្រធានប្រតិភូ បានដឹកនាំកងនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីចំនួន៣គ្រឿង មាននាវិកសរុបចំនួន ២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងបំណងធ្វើទស្សនកិច្ចនៅកម្ពុជា ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

ដោយឡែក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹកវៀតណាមមួយគ្រឿង ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥នៃកងទ័ពជើងទឹកវៀតណាម ក៏បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម។ ការចូលចតរបស់នាវាវៀតណាមពេលនេះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំដកបទពិសោធការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានទ័ពសមុទ្ររាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

នាវារបស់វៀតណាមនេះ គឺជានាវាបរទេសទី២ហើយ ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម បន្ទាប់ពីនាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលចតមុនគេ ក្រោយពីមូលដ្ឋានសមុទ្ររាមនេះបានធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

ការចូលចតរបស់នាវាបរទេសទាំងនេះ គឺបានធ្វើឡើងតបនឹងការប្រកាសបើកភ្លើងខៀវរបស់កម្ពុជាចំពោះការស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់មកចូលចតនៅដែនសមុទ្រកម្ពុជា ពិសេសនោះគឺនៅកំពង់ផែរាមតែម្ដង ក្រោមរូបភាពសហប្រតិបត្តិការសន្តិសុខ ហើយម្យ៉ាងជាការជម្រះមន្ទិលសង្ស័យកន្លងមក ដែលមានមតិមួយចំនួន បានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺនឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

តបនឹងការចោទប្រកាន់ដូច្នេះ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្រានចោល ហើយបានអះអាងពីការស្វាគមន៍រាល់នាវាយោធាបរទេសទាំងអស់សុទ្ធតែអាចចូលមកចតនៅកំពង់ផែរាម ឬធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពនេះបាន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថា នេះជាជំហរជាក់ស្ដែងរបស់កម្ពុជា គឺនៅតែរក្សាទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ មិនដូចអ្វីដែលមតិប្រឆាំងខ្លះបានចោទប្រកាន់មកលើរដ្ឋាភិបាល ថា ប្រគល់សិទ្ធិទាំងស្រុងឱ្យភាគីចិនគ្រប់គ្រងនោះទេ។ បើតាមសម្ដេចនាយករដ្ឋមន្ត្រី នាពេលខាងមុខ ក៏មានដំណឹងនៃការត្រៀមចូលចតរបស់នាវាយោធាប្រទេសមួយចំនួនទៀតផងដែរ ជាអាទិ៍ នាវាឥណ្ឌា រួមទាំងនាវាសហរដ្ឋអាមេរិក ហើយកម្ពុជាត្រៀមរួចស្រេចដើម្បីស្វាគមន៍វត្តមានការចូលចតរបស់នាវាយោធាប្រទេសទាំងនោះ។

ជាការកត់សម្គាល់ ដំណើរចូលចតរបស់នាវាបរទេសខាងលើ ក៏ស្របពេលដែលកងនាវឹកកម្ពុជាកំពុងហ្វឹកហាត់ជំនាញនៅលើនាវា ដោយមានការចូលរួមពីនាវាហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកចិន។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានចុះត្រួតពិនិត្យការងារហ្វឹកហ្វឺននេះដោយផ្ទាល់នៅមូលដ្ឋានសមុទ្ររាម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម