ព័ត៌មានជាតិ
សម្ដេចតេជោ ថា ផែមូលដ្ឋានសមុទ្ររាមក្លាយជាច្រកការទូតតភ្ជាប់ប្រទេសជាមិត្តគ្រប់ទិស
តាមរយៈការចូលចតពីសំណាក់នាវាយោធាបរទេសនៅកំពង់ផែនៃមូលដ្ឋានទ័ពសមុទ្ររាម សម្ដេចតេជោ ហ៊ុន សែន អះអាងថា កំពង់ផែនេះ កំពុងប្រែក្លាយជាច្រកការទូតរបស់កម្ពុជា ដើម្បីតភ្ជាប់ទំនាក់ទំនងបន្ថែមជាមួយប្រទេសជាមិត្តមកពីគ្រប់ទិសទី ពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា។

ការដែលថ្នាក់ដឹកនាំកម្ពុជាអះអាងបែបនេះ គឺបន្ទាប់ពីនាវាយោធាបរទេសចូលចតនៅដែនសមុទ្ររបស់ខ្លួនជាបន្តបន្ទាប់ ពិសេសនៅកំពង់ផែរាមតែម្ដង ក្រោយពីមូលដ្ឋានសមុទ្ររាមនេះបានធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
តួយ៉ាង នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន ជានាវាបរទេសមុនគេ ដែលត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាមនេះ រយៈពេល៤ថ្ងៃ ហើយបន្តដោយនាវាកងទ័ពជើងទឹកវៀតណាម ខណៈពេលខាងមុខ ក៏នឹងមានដំណឹងនូវការត្រៀមចូលចតរបស់នាវាយោធាឥណ្ឌា ក៏ដូចជាសហរដ្ឋអាមេរិកថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងក្ដីសាទរចំពោះសមិទ្ធផលនានាដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅមូលដ្ឋានទ័ពសមុទ្ររាម ហើយសម្ដេចតេជោ ថា មូលដ្ឋានទ័ពនេះ ពិសេសកំពង់ផែរាមតែម្ដង បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងបេសកកម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។
សម្ដេចតេជោ ថ្លែងដូច្នេះនៅក្នុងជំនួបពិភាក្សាជាមួយសមាជិករដ្ឋសភាជប៉ុន លោក និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ខណៈលោកសមាជិករដ្ឋសភាជប៉ុន ក៏បានអរគុណកម្ពុជាចំពោះការអនុញ្ញាតឱ្យនាវាជប៉ុនបានចូលចតនៅកំពង់ផែរាម កន្លងទៅ។

លោក លោក និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ ចាត់ទុកថា នេះបង្ហាញយ៉ាងច្បាស់អំពីការបើកចំហរបស់រដ្ឋាភិបាលកម្ពុជា ដោយមិនមានការរើសអើង ឬក៏ចំពោះប្រទេសណាមួយនោះទេ ពោលគឺឱ្យតែប្រទេសជាមិត្តអាចចូលចតបាននៅកំពង់ផែយោធាមួយនេះ។

ទាក់ទងនឹងរឿងនាវាចូលចតនៅកំពង់ផែទ័ពជើងទឹករាមនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុន ថា កម្ពុជា ស្វាគមន៍រាល់នាវាបរទេសទាំងអស់សុទ្ធតែអាចចូលមកចតនៅកំពង់ផែរាម ឬធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពនេះបាន។ សម្ដេចតេជោ សង្កត់ធ្ងន់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកម្ពុជា ហើយជាអធិបតេយ្យភាពរបស់កម្ពុជា និងក៏ជាសិទ្ធិក្នុងការសម្រេច ក្នុងការអនុញ្ញាតឱ្យប្រទេសណាចូលសំចតនាវាក៏បានដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


