Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់​បង្ហាញ​ខ្សែ​ភាពយន្ត “ស្រូវមិត្តក្រៀល​” អបអរ​​​ទិវា​សត្វស្លាប​ទេសន្ដរប្រវេសន៍​ពិភពលោក​

បានផុស

នៅ

ក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) និងមូលនិធិ Mandai Nature នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានដាក់​បង្ហាញខ្សែភាពយន្តខ្លីបង្ហាញអំពី “គម្រោងស្រូវមិត្តក្រៀល” ដែលជាគំនិតផ្តួចផ្តើម នៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ និងដើម្បីចូលរួមអបអរសាទរ ដល់ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥។

ខ្សែភាពយន្តនេះបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើង ក្នុងការអនុវត្តរបស់គម្រោង ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ជាពិសេស​ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វក្រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វក្រៀល (Antigone antigone sharpii) ជាប្រភេទសត្វស្លាបទឹកដ៏ធំ និងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។ សត្វក្រៀលត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃ​ ហើយថែមទាំងបានបង្ហាញក្នុងសិល្បៈ និងស្ថាបត្យកម្មតាំងពីសម័យអង្គរមក។ ទោះ​ជា​យ៉ាង​ណា សត្វក្រៀល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ទូទាំងភូមិភាគអាស៊ីគ្នេយ៍។

បច្ចុប្បន្ន ​សត្វក្រៀល​ត្រូវ​បាន​ចាត់ថ្នាក់​ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN។ នៅប្រទេសកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត និងបម្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។ យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ២០២៤ មានសត្វក្រៀលតែចំនួន១៧៨ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។  អ្នកស្រាវជ្រាវ បានបង្ហាញឱ្យឃើញពីការធ្លាក់ចុះរបស់សត្វក្រៀលក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភ ក្នុងរយៈពេលតែជាងមួយទសវត្សរ៍កន្លងទៅនេះ ដោយសារអត្រាការស្លាប់កើនឡើង និងការធ្លាក់ចុះនៃការពងកូនដោយជោគជ័យ។

“គម្រោងស្រូវមិត្តក្រៀល” ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ ដើម្បីជួយការពារទីជម្រកនិងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ នៅឆ្នាំ២០២៥ ផ្ទៃដីដាំដុះរបស់គម្រោង បានពង្រីកដល់ជាង១៨៥​ ហិកតា។

ជាមួយគ្នានេះ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក គឺជាយុទ្ធនាការមួយធ្វើឡើងចំនួនពីរដង នៅខែឧសភានិងខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងភាពចាំបាច់ ក្នុងការអភិរក្សសត្វស្លាបទេសន្ដរប្រវេសន៍ និងទីជម្រករបស់ពួកគេ។ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកប្រមូលផ្តុំមនុស្ស  តំណាងអង្គការនិងអ្នកពាក់ព័ន្ធ នៅជុំវិញពិភពលោក ដើម្បីអបអរទិវានេះ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្កើនការយល់ដឹង ឆ្លើយតបនឹងការគំរាមកំហែង ដែលសត្វស្លាបទាំងនេះបានប្រឈម។ ខ្សែភាពយន្តខ្លីនៃគម្រោងស្រូវមិត្តក្រៀល ត្រូវបានផលិតឡើងដើម្បីអបអរសាទរ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ចែករំលែកទីជម្រក ការបង្កើតទីប្រជុំជន និងសហគមន៍មេត្រីភាពសត្វស្លាប”។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា “បន្ទាប់ពីសាកល្បងអស់រយៈពេលបីឆ្នាំ លទ្ធផលវិជ្ជមាននៃគម្រោងនេះបានលើកទឹកចិត្តយើងយ៉ាងខ្លាំង។ ​យើងមានគោលបំណងក្នុងការពង្រីក​គម្រោងនេះ ដើម្បីទទួលបានសមិទ្ធផលកាន់តែធំ ក្នុងការអភិរក្សសត្វក្រៀល និងជីវិភាពរបស់សហគមន៍។ សូមសាធារណជនទាំងអស់ចូលរួមទស្សនាខ្សែភាពយន្តដែលផលិតឡើងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើង និងដើម្បីចូលរួមគាំទ្រដល់គម្រោងអភិរក្សនេះឱ្យមាននិរន្តរភាព”។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងអបអរសាទរចំពោះភាពជោគ​ជ័យ នៃគម្រោងស្រូវសត្វក្រៀលនេះ។ ក្រសួងបរិស្ថានបានកំពុងធ្វើការអភិរក្សធនធានធម្មជាតិ ដោយសហការជាមួយដៃគូសហការនានា ជាពិសេសសហគមន៍មូលដ្ឋាន តួយ៉ាងការអភិរក្សសត្វក្រៀល ដែលត្រូវបានគាំទ្រនិងចូលរួមពីសហគមន៍មូលដ្ឋាន។

គម្រោងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើង ចូលរួមទប់ស្កាត់ការបំពុល កាត់បន្ថយការប្រើប្រាស់ជីគីមី និងផ្តល់ជាប្រភពអាហារបន្ថែម សម្រាប់សត្វក្រៀលផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសាធារណជន ចូលរួមបរិភោគ​អង្ករ​នៃគម្រោងស្រូវមិត្តសត្វក្រៀល ដើម្បីទទួលបានសុខភាពល្អ​ ជួយដល់ប្រជា​កសិករ​យើង ក៏ដូចជា​ចូលរួមការពារនិងអភិរក្សសត្វក្រៀល សម្រាប់កូនចៅតជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៥ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម