ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ថា នឹងបន្តកែទម្រង់ជួរមន្ត្រីនគរបាល ឱ្យក្លាយជាកម្លាំងជាតិដែលពលរដ្ឋទុកចិត្ត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងពីការប្ដេជ្ញាចិត្តបន្តជំរុញការងារកែទម្រង់ក្នុងជួរមន្ត្រីនគរបាល ដោយធ្វើយ៉ាងណាឱ្យប្រែក្លាយជាកងកម្លាំងជាតិមួយដែលជាទីពឹងដ៏កក់ក្ដៅរបស់ប្រជាពលរដ្ឋ ជាពិសេសការទាញយកទំនុកចិត្តរបស់ពលរដ្ឋមកលើកម្លាំងនគរបាលជាតិ។

នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសរំលេចថា ការធ្វើកំណែទម្រង់ក្នុងជួរកម្លាំងនគរបាលជាតិ គឺដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ និងស៊ីជម្រៅ ផ្តោតលើការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ក៏ដូចជាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកម្លាំងនគរបាលជាតិមួយដែលស្អាត ស្អំ រឹងមាំ វិជ្ជាជីវៈ និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។

លើកឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានលើកឡើងពីការកែសម្រួលរបៀបរបបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍។ លោក ថា ទម្រង់នគរបាលសហគមន៍ គឺត្រូវបានអនុវត្ត និងជាការតម្រង់ទិសឱ្យមន្ត្រីនគរបាលបំពាក់ទស្សនៈមហាជនបន្ថែម ពោលគឺការចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់សហគមន៍។

តាមរយៈកិច្ចការងារនេះ គឺបានធ្វើឱ្យកងកម្លាំងនគរបាលជាតិកាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមដូច្នេះ។
ចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជាកងកម្លាំងនគរបាលជាតិ លោក ស សុខា បានថ្លែងថា«ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្តទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយដែលប្រជាពលរដ្ឋជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ»។

លោកប្រមុខមហាផ្ទៃ បានសង្កត់ធ្ងន់ដល់ការចូលរួមថែរក្សា និងការពារឱ្យបាននូវសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីកម្ពុជាបន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២៣ ម៉ោង ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ចរាចរណ៍២០ ម៉ោង ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ