ព័ត៌មានជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ម៉ាឡេស៊ី បង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងបច្ចេកវិទ្យារបស់ប្រទេសម៉ាឡេស៊ី បានបង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។

បំណងនេះត្រូវបានលើកឡើងដោយនាយកប្រតិបត្តិនៃក្រុមហ៊ុននេះ គឺលោក Datuk Hanifah Noordin ក្នុងពេលដែលលោកចូលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ។
ក្រុមហ៊ុន MMAG Holdings Berhad ជាក្រុមហ៊ុនដឹកជញ្ជូន និងបច្ចេកវិទ្យារបស់ប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដែលផ្តល់សេវាកម្មដូចជាឃ្លាំងទំនិញ ដំណោះស្រាយធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ការគ្រប់គ្រងសារពើភ័ណ្ឌ ការរៀបចំ និងវេចខ្ចប់ ព្រមទាំងការដឹកជញ្ជូនដល់ទីតាំងអតិថិជន។

បើតាមលោកនាយកប្រតិបត្តិក្រុមហ៊ុន អាជីវកម្មរបស់ក្រុមហ៊ុន គឺមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ លោក ថា បច្ចុប្បន្ន ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ ហើយក៏កំពុងស្វែងរកឱកាសពង្រីកបន្ថែមទៀតនូវការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជានេះ ភ្ជាប់ដោយការវិនិយោគទៅលើវិស័យសន្តិសុខឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងចង់វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់ ការកសាងព្រលានយន្តហោះ និងផ្លូវថ្នល់ ជាដេីម។
សម្តេចធិបតី ក៏បានបញ្ជាក់ពីការរៀបចំនូវយន្តការតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលេីវិស័យឡូជីស្ទីកនេះ។

ចំពោះវិស័យឌីជីថល សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានចាត់ទុកវិស័យនេះ គឺជាវិស័យអាទិភាពគន្លឹះ។ ក្នុងន័យនេះ សម្តេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


