ព័ត៌មានជាតិ
រដូវកាល ប្រមូលផលទុរេនសំឡូតបានមកដល់
ស្របពេលដែលការមកដល់នៃការប្រមូលផលដំណាំកសិកម្មមួយចំនួនជាពិសេសទុរេននាដើមរដូវ ផ្លូវទៅសំឡូតមានការកកស្ទះគួរកត់សម្គាល់ ដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្រុង ស្រុកនានា ធ្វើដំណើរឆ្ពោះទៅស្រុកសំឡូត ដើម្បីទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាជាពិសេសទៅលេងចំការទុរេន សាម៉ាវសំឡូត។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ន តាមចំការនីមួយៗ ប្រជាកសិករបាននិងកំពុងបេះផ្លែទុរេន សាម៉ាវ មង្ឃុត ប័រ ដាក់តាំងលក់ជូនភ្ញៀវស្ទើរតែគ្រប់ផ្ទះនៅតាមដងផ្លូវ។ ក្នុងនោះភ្ញៀវទេសចរអាចទិញទុរេនដែលទើបកាត់ថ្មីៗពីដើមចេញពីចំការផ្ទាល់ ដើម្បីធានាគុណភាពនិងប្រភពច្បាស់លាស់។
ជាមួយគ្នានេះ បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងថា នៅដើមសប្តាហ៍ទី១ ខែមិថុនា នេះ ការប្រមូលផលទុរេនសំឡូតទើបតែចាប់ផ្តើមប្រមូលផលមួយៗប៉ុណ្ណោះ ដែលការប្រមូលពេញនឹងឈានមកដល់នៅសប្ដាហ៍ទី២ នៃខែមិថុនា ខាងមុខនេះ។
លោកថា ទុរេនដែលបេះប្រមូលផលមុនៗ គឺមិនមានពូជទុរេនមាន់ថងនោះទេ មានតែប្រភេទទុរេនពូជឈុននី ដោយឡែកពូជមាន់ថង ទើបតែមានទុំមួយៗ ក្នុងមួយដើមអាចមានទុំបេះបានមួយផ្លែប៉ុណ្ណោះ។

នៅដើមរដូវប្រមូលផល កសិករអាចលក់ទុរេនពូជមាន់ថងបានក្នុងតម្លៃចន្លោះ ២២០០០ រៀល ទៅ ២៤០០០ ពាន់ រៀល។ ប៉ុន្តែនៅចុងខែមិថុនា តម្លៃទុរេនពូជមាន់ថងនេះ អាចធ្លាក់មកក្នុងតម្លៃចន្លោះពី ១៥០០០រៀល ទៅ ១៦០០០រៀលក្នុងមួយគីឡូក្រាម។ លោកប្រធានមន្ទីរបន្ថែមបែបនេះ។
លោកប្រធានមន្ទីរ បានអះអាងថា «ឆ្នាំនេះជាទូទៅដោយសារអាកាសធាតុអំណោយផលល្អ មិនក្តៅខ្លាំង ឬមានខ្យល់កន្ត្រាក់ដែលនាំឱ្យខូចខាតដូចឆ្នាំមុន ខ្ញុំគិតថា ទិន្នផលទុរេនឆ្នាំនេះអាចល្អប្រសើរជាងឆ្នាំមុន។ ជាក់ស្ដែង កាលពីឆ្នាំមុនសម្រាប់ដើមចាស់ដែលមានអាយុកាលប្រមាណ ១៤-១៥ឆ្នាំ គឺអាចប្រមូលផលបានក្នុងមួយដើមចន្លោះពី ៥០-៦០ផ្លែ ប៉ុន្តែឆ្នាំនេះខ្ញុំរំពឹងថានឹងទទួលបានរហូតដល់ ១០០ផ្លែក្នុងមួយដើម»។

ដោយសារដំណាំទុរេន មានសក្ដានុពល និងមានសេដ្ឋកិច្ចខ្ពស់ លោក ឈឹម វជិរា បានបន្តថា ទុរេនសំឡូតមិនត្រឹមតែទាក់ទាញសាធារណជនឱ្យមកទិញទុរេននៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទាក់ទាញទាំងភ្ញៀវទេសចរមកលេងក្នុងខេត្តបន្ថែមផងដែរ។
ទុរេនសំឡូតពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសាររសជាតិឈ្ងុយឆ្ញាញ់ (សាច់ទឹកដោះគោ)។ ចំការនីមួយៗ មានការដាំដុះទុរេនយ៉ាងមានសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានល្អដែលបង្ករលក្ខណៈងាយស្រួលដល់ការចូលទស្សនារបស់ភ្ញៀវទេសចរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់