ព័ត៌មានជាតិ
មូលដ្ឋានសមុទ្ររាម ធ្វើលំហាត់បាញ់គ្រាប់ពិតលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃ
មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកម្ពុជា នឹងធ្វើលំហាត់បាញ់គ្រាប់ពិតនៅលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ក្នុងភូមិសាស្ត្រចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា ចេញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

ជាការកត់សម្គាល់ ការប្រកាសពីផែនការធ្វើលំហាត់បាញ់គ្រាប់ពិតរបស់មូលដ្ឋានសមុទ្ររាមនាពេលនេះ កើតឡើងរយៈពេលជិត១សប្ដាហ៍ បន្ទាប់ពីកងទ័ពថៃឈ្លានពាន និងបាញ់ប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ ៤៧ឆ្នាំ បាត់បង់ជីវិតទាំងព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ប្រាប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសពលរដ្ឋ ប្រជានេសាទ សូមកុំភាន់ច្រឡំ ពេលឮសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ។ ទន្ទឹមនឹងនេះ មូលដ្ឋានសមុទ្ររាម បានហាមមិនឱ្យប្រជានេសាទធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺន បាញ់គ្រាប់ពិតនេះឡើយ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។

យ៉ាងណា នៅក្នុងសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយមេបញ្ជាមូលដ្ឋានសមុទ្រ ឧត្ដមនាវីទោ ម៉ី ឌីណា មិនបានសរសេរលម្អិតអំពីចំនួនកងទ័ពជើងទឹក យុទ្ធោបករណ៍ ដែលប្រើប្រាស់ក្នុងលំហាត់បាញ់គ្រាប់ពិតនេះឡើយ។

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមជាផ្លូវការ កាលពីដើមខែមេសា សម្តេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងមូលដ្ឋានទ័ពរបស់កម្ពុជា គឺជាការការពារបូរណភាពទឹកដីកម្ពុជា ដែលល្អប្រសើរបំផុត។ កាលណោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យកងទ័ពជើងទឹក ត្រូវបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន ហ្វឹកហ្វឺនបង្កើនសមត្ថភាពបំពេញបេសកកម្មការពារដែនសមុទ្រ និង ប្រតិបត្តិការល្បាត, រុករក និងសង្គ្រោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាឱ្យកងទ័ពជើងទឹកបង្កើនសមត្ថភាពក្នុងការធ្វើប្រតិបត្តិការជាមួយ កម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ហើយសមត្ថភាពជាមូលដ្ឋានដែលកងទ័ពជើងទឹកអាច បំពេញភារកិច្ចរបស់ខ្លួនបាន គឺការល្បាតជាប្រចាំនៅក្នុងដែនទឹក និងតាមបណ្ដាកោះ។
សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កងទ័ពជើងទឹកកម្ពុជា ក៏ត្រូវការបច្ចេកទេស និងជំនាញមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជ្រៀតចូលនៃអំពើភេរវកម្ម៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


