ព័ត៌មានជាតិ
ការចោទថា ចិនពង្រីកវត្តមានយោធានៅមូលដ្ឋានទ័ពរាម អ្នកនាំពាក្យ «បានបដិសេធ»
ប្រតិកម្មទៅនឹងការបន្តចោទប្រកាន់យ៉ាងគឃ្លើន ថា ចិនកំពុងពង្រីកវត្តមានយោធារបស់ខ្លួនក្នុងមូលដ្ឋានទ័ពសមុទ្ររាម កម្ពុជាបានចេញមុខបដិសេធ និងចាត់ទុកថា នេះជាចេតនាទុច្ចរិត បង្កឱ្យមានការភ័ន្តច្រឡំ ដែលផ្ទុយនឹងការពិតជាក់ស្ដែង។
ការប្រកាសបដិសេធជាថ្មីម្ដងទៀតរបស់កម្ពុជា គឺបន្ទាប់ពីមានចុះផ្សាយដោយសារព័ត៌មានក្រៅប្រទេសមួយចំនួន ដោយសំអាងលើការរកឃើញរបស់ស្ថាប័នស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក ថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។
អ្នកនាំពាក្យនៃក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសច្រាលចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយលោកបានចាត់ទុកថា មានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាងនៅថ្ងៃពុធ ទី២១ ខែឧសភានេះ ថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយ ថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។
លោកនាយឧត្តមសេនីយ៍ បន្ថែមថា ក្រោយការដាក់ឱ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះមាននាវាកងទ័ពជប៉ុន ត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់ពីផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ លោក បានអះអាងពីភាពរីករាយរបស់ប្រតិភូនាវាបរទេសទាំងនោះ ក្រោយបានចូលចតនៅកំពង់ផែសមុទ្ររាម ដែលនេះគឺជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។
ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសស្វាគមន៍ផងដែរនូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។
ទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ ហើយកម្ពុជាសង្ឃឹមថា នៅថ្ងៃខាងមុខនឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ។
នេះមិនមែនជារឿងថ្មីទេ ដែលមានការចោទប្រកាន់មកលើកម្ពុជា ជុំវិញមូលដ្ឋានទ័ពរាមនេះ។ រឿងមូលដ្ឋានទ័ពរាម គឺបានក្លាយជាប្រធានបទក្ដៅដែលជាញឹកញាប់ ទាំងក្រុមប្រឆាំងនៅក្រៅប្រទេស សារព័ត៌មានបរទេស ក៏ដូចជាប្រទេសធំៗខ្លះ តែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ពោលគឺចោទថា នៅមូលដ្ឋានសមុទ្ររាមនេះតែម្ដង។
កម្ពុជា បានបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម គឺគ្រាន់តែធ្វើទំនើបកម្មសម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួនតែប៉ុណ្ណោះ ក្នុងគោលបំណងកែលម្អកន្លែងចូលសំចតសម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឱ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា។ តាមការអះអាងរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជា មិនបានប្រគល់សិទ្ធិឱ្យភាគីចិនគ្រប់គ្រងមូលដ្ឋានសមុទ្ររាមនោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


