ព័ត៌មានជាតិ
អូស្ត្រាលីបង្ហាញបំណងចង់ឱ្យនាវាយោធារបស់ខ្លួនចូលចតនៅមូលដ្ឋានសមុទ្ររាម
បន្ទាប់ពីនាវាយោធាបរទេសជាបន្តបន្ទាប់បានចូលចត និងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម អូស្ត្រាលី ក៏បង្ហាញបំណងចង់ឱ្យនាវាយោធារបស់ខ្លួន មកធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពនេះរបស់កម្ពុជាដែរ នាពេលខាងមុខ។ បំណងនេះ ត្រូវបានបង្ហើបឱ្យដឹងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអូស្ត្រាលី នៅចំពោះមុខមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា។

ក្រោយការដាក់ឱ្យដំណើរការជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងមក កម្ពុជា បានអនុញ្ញាតឱ្យនាវាបរទេសចូលសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះនាវាកងទ័ពជប៉ុន ត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់មក គឺមាននាវាកងទ័ពវៀតណាម នាវាកងទ័ពចិនជាដើម ខណៈនាវាយោធានៃប្រទេសមួយចំនួនទៀត រាប់ទាំងនាវារបស់សហរដ្ឋអាមេរិក ក៏គ្រោងនឹងចូលទស្សនកិច្ចនៅផែរាមនេះដូចគ្នា។

លោក បើណាត ហ្វីលីប (Bernard Philip) ឧបការីទី១ ផ្នែកគោលនយោបាយអន្តរជាតិ នៃក្រសួងការពារជាតិរបស់អូស្ត្រាលី ក្នុងជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៥ បាននិយាយថា អូស្ត្រាលី ក៏មានបំណងក្នុងការធ្វើទស្សនកិច្ចនាវារបស់ខ្លួន មកកាន់មូលដ្ឋានសមុទ្ររាម ក្នុងពេលវេលាសមស្របណាមួយ។ លោក បើណាត ហ្វីលីប បានសម្ដែងការអបអរសាទរដល់កម្ពុជា សម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងបានឱ្យដំណើរការជាស្ថាពរនាពេលថ្មីៗនេះ។ នេះយោងតាមខ្លឹមសារចុះផ្សាយដោយក្រសួងការពារជាតិកម្ពុជា។

តបនឹងបំណងរបស់ភាគីអូស្រ្តាលី លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ពីការបើកទ្វារស្វាគមន៍របស់កម្ពុជាចំពោះសំណើរបស់បណ្តាប្រទេសជាមិត្ត ដែលមានកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ចូលមកធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ពិសេសការចូលចតនៅកំពង់រាមតែម្ដង។ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានប្រាប់ភាគីអូស្ត្រាលី ថា រាល់ការចូលចត ឬធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម គឺប្រតិភូបរទេសត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសតម្រូវ រួមទាំងការគិតគូរលើកម្រិតទ្រទ្រង់នៃហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែរាមកម្ពុជា។
ដំណឹងនៃការចូលចតរបស់នាវាបរទេសជាបន្តបន្ទាប់នេះ គឺបានធ្វើឡើងតបទៅនឹងការប្រកាសបើកភ្លើងខៀវរបស់កម្ពុជាចំពោះការស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាម ក្រោមរូបភាពសហប្រតិបត្តិការសន្តិសុខ ហើយម្យ៉ាងជាការជម្រះមន្ទិលសង្ស័យ ដែលមានមតិខ្លះបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺនឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។

រឿងមូលដ្ឋានផែរាមនេះ បានក្លាយជាប្រធានបទដ៏ក្ដៅ ដែលជារឿយៗ ទាំងក្រុមប្រឆាំង សារព័ត៌មានបរទេស ក៏ដូចជាប្រទេសធំៗខ្លះ តែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ពោលគឺនៅមូលដ្ឋានសមុទ្ររាមនេះតែម្ដង ដោយចោទថា យោធាចិន មានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។

ប្រតិកម្មតបទៅនឹងការចោទប្រកាន់ទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្រានចោលការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធនឹងបញ្ហាមូលដ្ឋានសមុទ្ររាមនេះ ហើយបានអះអាងអំពីការស្វាគមន៍រាល់នាវាយោធាបរទេសទាំងអស់ គឺសុទ្ធតែអាចចូលមកចតនៅកំពង់ផែរាម ឬធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពនេះបាន។
ប៉ុន្តែរាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ