Connect with us

ព័ត៌មានជាតិ

ភូមិចំនួន ៦ នៅស្រុកស្រែអំបិល ផ្តើមវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន ​៦​ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ផ្តើម​មាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វិនិច្ឆ័យ​វាស់វែង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ដី​ទាំងអស់​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិ​បឹង​ព្រាវ ភូមិ​អូរជ្រៅ ភូមិ​ផ្លោង ភូមិ​ទឹក​ប៉ោង ភូមិ​ជ្រោយ និង​ភូមិ​សិលា​ម្នាង ស្ថិតនៅ​ឃុំ​បឹង​ព្រាវ ត្រូវ​បាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ​ផ្សព្វផ្សាយ​ពី​ការ​កំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ផ្តល់​ភាព​ស្របច្បាប់ កាត់បន្ថយ​ការ​ជម្លោះដីធ្លី និង​ងាយស្រួល​គ្រប់គ្រង​ទិន្នន័យ​វិស័យ​ដីធ្លី។

លោក ឈេង សុវណ្ណ​ដា អភិបាលរង​ខេត្តកោះកុង បានលើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កំណត់​តំបន់​វិនិច្ឆ័យ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ឃុំ​បឹង​ព្រាវ ថា យន្តការ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​មិនទាន់​ចុះបញ្ជី​នៅពេលនេះ គឺ​មិនមែនជា​ការដោះស្រាយ​វិវាទ​ដី​នោះ​ទេ ពោល​គឺ​ផ្តល់​ភាព​ស្របច្បាប់​ជូន​ពលរដ្ឋ​ម្ចាស់​ដី​ដែល​កំពុង​រស់នៅ​អាស្រ័យ​ជាក់ស្ដែង។

លោក​អភិបាលរង​ខេត្ត ក៏​ស្នើ​ដល់​ពលរដ្ឋ​ម្ចាស់​ដី ត្រូវតែ​ចូលរួម​សហការ​ជាមួយ​មន្ត្រី និង​អាជ្ញាធរ​យ៉ាង​ជិតស្និទ្ធ​បំផុត តាមរយៈ​រៀបចំ​ឯកសារ​កាន់កាប់​ជាក់ស្តែង ចុះ​ពិនិត្យ​បង្គោល​ព្រំដី និង​ជៀសវាង​មាន​ជម្លោះ​ដី​ណាមួយ ដើម្បីឱ្យ​ដំណើរការ​វាស់វែង​ដី​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​តាម​ការ​កំណត់ និង​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​អនុវត្ត។

ទន្ទឹម​នោះ លោក ឈេង សុវណ្ណ​ដា បាន​ក្រើន​រម្លឹក​ដល់​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន មិន​មាន​ការ​ទាមទារ​កម្រៃ​សេវា​អ្វី​នោះ​ទេ ករណី​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​ខុស​គោលការណ៍​របស់​រាជរដ្ឋាភិបាល នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ធរមាន។

អ្នកស្រី អួន យ៉ុង និង​លោក អ៊ូច វន់ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បឹង​ព្រាវ បាន​បង្ហាញ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​វិធានការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ពេលនេះ ដោយសារតែ​ជា​សេចក្តី​ចង់​បាន​យូរ​ឆ្នាំ​ហើយ ដើម្បី​ការ​រស់នៅ​អាស្រ័យ​យូរអង្វែង​ទៅ​អនាគត។ ម្យ៉ាងទៀត​ពួកគាត់​បាន​ត្រៀម​ឯកសារ និង​ការ​ចុះពិនិត្យ​ទីតាំង​រួចរាល់​ហើយ​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ។

ដោយឡែក លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល លើកឡើង​ដែរ​ថា នេះ​ជា​អ្វី​ដែល​សេចក្តី​ត្រូវការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ជា​យូរ​ឆ្នាំ​កន្លងមកនេះ ឥឡូវ​បាន​ដូច​បំណង​របស់​ពួកគាត់ ដោយ​មាន​ក្រុមការងារ​ជំនាញ​ចុះ​វាស់វែង​ផ្តល់​ភាព​ស្របច្បាប់​ចំពោះ​ការ​កាន់​កាប់​ដីធ្លី​ដែល​កំពុង​រស់នៅ​អាស្រ័យ​បច្ចុប្បន្ន។

បើតាម​លោក​អភិបាលស្រុក​ស្រែអំបិល សព្វថ្ងៃ ​ឃុំ​ជ្រោយ​ស្វាយ ក៏​កំពុង​មាន​ការ​វាស់វែង​កំណត់​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន​ ២ ​ភូមិ គឺ​ ភូមិ​ជ្រោយ​ស្វាយ​លិច និង​ភូមិ​នេសាទ។ ដូច្នេះ ​អាជ្ញាធរ​ស្រុក ​ក៏មាន​ក្តី​រីករាយ​ផងដែរ​ចំពោះ​យន្តការ​វាស់វែង​ដីធ្លី​បាន​យ៉ាង​ឆាប់រហ័ស​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជំនាញ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម