ព័ត៌មានជាតិ
តម្រាយផ្លូវព្រែកជីកហ្វូណនតេជោ បោះបង្គោលព្រំដីសម្រេចបាន ១០៧៩ បង្គោល ឆ្លងកាត់ខេត្តចំនួន ៣
យោងតាមរបាយការណ៍បឋម រហូតមកដល់ពេលនេះដំំណើរការបោះបង្គោលព្រំដីតាមតម្រាយផ្លូវគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបានចំនួន ១០៧៩ បង្គោលឆ្លងកាត់ខេត្តចំនួន ៣ ហើយគ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំប្រតិភូចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

ក្នុងដំណើរបេសកកម្ម លោក ស៊ុន ចាន់ថុល បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះទៅកាន់ទីតាំងដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីជានិមិត្តរូប សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនោះ ប្រតិភូក៏បានបន្តចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកជីក និងសន្ទះទ្វារទឹក (Ship Locks) ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោង មានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បើតាមមន្រ្តីបច្ចេកទេស ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបានប្រមាណ ១១៤ គម លើ ១៧៤,៥ គម ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ទិសដៅការងារបន្ទាប់គឺខេត្តកែប ជាភូមិសាស្ត្រដែលត្រូវចុះអនុវត្តចុងក្រោយគេ។




បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បច្ចុប្បន្ននេះគម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ពោលគឺមានវឌ្ឍនភាពក្នុងទិសដៅស្របទៅតាមផែនការដែលបានគ្រោងទុក។
យោងតាមរបាយការណ៍បឋម បង្គោលព្រំដីដែលបានបោះរួចសរុបមានចំនួន ១០៧៩បង្គោល ក្នុងនោះរួមមាន៖ ខេត្តកណ្តាល ៣៨៧ បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ ៥៥០ បង្គោល (បញ្ចប់ទាំងស្រុង) និង ខេត្តកំពត ១៤២ បង្គោល។ បច្ចុប្បន្នក្រុមការងារបានកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។
ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥ បន្ទាប់ពីក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាក់ស្តែង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ