Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​ដល់​អ្នក​វិនិយោគ​កុំ​បារម្ភ​ពី​ការ​ប្រើប្រាស់​មាត្រា​៣០១​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា

បានផុស

នៅ

អនុប្រធានទី១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ត្រាំ បាន​សន្យា​ហើយ​ថា​នឹង​មិន​ឱ្យ​កម្ពុជា​មាន​អត្រា​ពន្ធ​នាំ​ចូល​អាមេរិក​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​នោះ​ទេ។ ការ​បញ្ជាក់​នេះ​គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ប្រើ​មាត្រា​៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម​ដែល​ឱ្យ​ប្រទេស​នេះ​អាច​បន្ត​ការ​ប្រមូល​ពន្ធ​ខ្ពស់​ក្រោយ​តុលាការ​កំពូល​អាមេរិក​បាន​លុប​ចោល​អត្រាពន្ធ​បដិកា​របស់​លោក​ត្រាំ​កាល​ពី​កន្លង​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការ​ប្រកាស​លុប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​រដ្ឋបាល​របស់​លោក​ត្រាំ ថា​នឹង​ស្វែង​រក​ការ​ដាក់​ពន្ធ​ដដែល​តាម​ច្បាប់​ផ្សេងៗ។ ហើយ​នៅ​ថ្ងៃ​ទី១១ ខែ​មីនា បាន​ប្រកាស​ប្រើប្រាស់​មាត្រា​៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម ដើម្បី​ស៊ើប​អង្កេត​លើ​ប្រទេស និង​តំបន់​សេដ្ឋ​កិច្ច​ចំនួន​១៦ រួម​ទាំង​កម្ពុជា​ ផង​ដែរ។

ថ្លែង​ក្នុង​វេទិកា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៦ ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា មន្ត្រី​អាមេរិក​បាន​បញ្ជាក់​មក​កម្ពុជា​វិញ​ហើយ​ថា​ បើ​ទោះ​បី​អាមេរិក​ប្រើប្រាស់​មាត្រា​៣០១ ដើម្បី​កំណត់​តម្លៃ​ពន្ធ​ថ្មី​ក្ដី​តែ​សម្រាប់​ទំនិញ​ពី​កម្ពុជា​នៅ​តែ​រក្សា​តម្លៃ​ពន្ធ​ដែល​បាន​ចរចា​រួច​ដដែល​គ្មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ឬ​ទាប​ជាង​នេះ​ទៀត​ផង។


លោក​ថា៖ «មាត្រា​៣០១​នេះ​គឺ​អត់​មាន​កំណត់​អត្រា​ទេ​! ចង់​ដាក់​៥០%​ក៏បាន ៦០%​ក៏បាន​ ៧០%​ក៏​បាន​សម្រាប់​៤​ឆ្នាំ។ ក៏​ប៉ុន្ដែ​កម្ពុជា​ដោយ​សារ​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ហើយ​គេ​មិន​យក​អា​៣០១​ហ្នឹង​មក​ដាក់​ពន្ធ​លើស​១៩​%​ទេ​។ ផ្ទុយ​មក​វិញ​គេ​បាន​បញ្ជាក់​ថា​មិន​ឱ្យ​កម្ពុជា​មាន​ពន្ធ​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់​របស់​យើង​ទេ​​»

លោក​សំណូម​ពរ​ដល់​អ្នក​វិនិយោគ​សូម​កុំ​មាន​ការ​បារម្ភ​ពី​វិធាន​ការ​ពន្ធ​ថ្មី​របស់​រដ្ឋបាល​លោក​ដូណាល់​ត្រាំ ខណៈ​មន្ត្រី​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ខាង​មុខ​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​ដែរ​។


​​​​​​​​​គួរ​ឱ្យ​ដឹង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ប្រើប្រាស់​មាត្រា​៣០១​ នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ ដើម្បី​ស៊ើប​អង្កេត​លើ​ប្រទេស​និង​តំបន់​សេដ្ឋកិច្ច​ចំនួន​១៦ រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការ​ស៊ើប​អង្កេត​នោះ​ដោយ​ថា​ផលិត​ផល​នាំ​ចូល​ពី​ប្រទេស​ទាំង​នោះ​បាន​នាំ​ចូល​ទំនិញ​ចូល​ទី​ផ្សារ​អាមេរិក​លើស​ពី​តម្រូវ​ការ​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រោង​ចក្រ និង​កម្មករ​អាមេរិក៕


អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម