ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច រៀបចំទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយសម្រាប់ជនមានពិការភាព នៅខេត្តកំពង់ចាម
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីគម្រោងAT Scale អង្គការ CHAI អង្គការ CDPO អង្គការ ICRI តាមរយៈអង្គការជនពិការអន្តរជាតិHI បានរៀបចំអបអរសាទរទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយសម្រាប់ជនមានពិការភាព នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។

ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ប្រតិភូអមដំណើរ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនមានពិការភាព ចំនួន ១៥០នាក់។
ក្នុងឱកាសនោះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានផ្តល់កិច្ចសហការកន្លងមកក្នុងការអនុវត្តផែនការណ៍យុទ្ធសាសន៍ របស់ក្រសួង ក្នុងទិសដៅលើកកម្ពស់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា ពិសេសការផ្តល់សេវាសង្គមកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលតាមរយៈពង្រឹងគុណភាព និងសេវាអោយគៀកនិងប្រជាជន ស្របតាមតម្រូវការជាក់ស្តែង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីរំលឹកអំពីបច្ចេកទេស និងសារៈសំខាន់របស់ឧបករណ៍ជំនួយសម្រាប់ជនមានពិការភាព ដូចជា រទេះរុញ ឈើច្រត់ អវ:យវៈសិប្បនិមិ្មត វ៉ែនតា ឧបករណ៍ជំនួយស្តាប់ ដែលបានជួយស្តារលទ្ធភាពពលកម្មរបស់ជនមានពិការភាព ដើម្បីឱ្យពួកគាត់រស់នៅដោយឯករាជ្យ ក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ និងបរិយាបន្ន។
ចំណែក លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនៈ វែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះរួមមាន យុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនជនរងគ្រោះ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានា ឱ្យបងប្អូន ទទួលបាននូវផលប្រយោជន៍ពីគោលនយោបាយនេះ ប្រកបដោយបរិយាបន្ន និង សមធម៌។

លោកស្រីបន្តថា រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ហើយច្បាប់នេះ គឺកំពុងធ្វើវិសោធនកម្ម រួមនឹងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើនទៀត ដែលបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនមានពិការភាព និងគ្រួសារ ឱ្យមានភាពប្រសើរឡើង ក្នុងការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ដោយលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្ត្រីពិការ កុមារពិការ និងជនមានពិការភាពគ្រប់ប្រភេទ។
នាឱកាសនោះដែរ គណៈអធិបតីបានប្រគល់កញ្ចប់អំណោយ ជូនអ៊ំ ពូ មីង និងក្មួយៗសិស្សានុសិស្ស មានពិការភាព និងបន្តអញ្ជើញទស្សនាការប្រកួតកីឡាបាល់បោះរទេះរុញជនមានពិការភាព លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៍បានប្រគល់រង្វាន់ជ័យលាភីដល់ក្រុមកីឡាករដែលទទួលបានជ័យជម្នះ ទទួលបានថវិកា ចំនួន ២០០ដុល្លារ និងក្រុមកីឡាករដែលមិនទទួលបានជ័យជម្នះ ទទួលបានថវិកាលើកទឹកចិត្ត ចំនួន ២០០ដុល្លារផងដែរ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


