Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ភាពញៀនគ្រឿងញៀនជាបញ្ហាស្មុគស្មាញ  ទាមទារឱ្យមានការយល់ចិត្ត និងសំខាន់បំផុតគឺការព្យាបាលប្រកបដោយប្រសិទ្ធភាព

បានផុស

នៅ

លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាព និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទាមទារឱ្យមានការទទួលបានសេវាព្យាបាលប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។  លោក ជា ចំណាន លើកឡើងបែបនេះក្នុងសិក្ខាសាលា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន ដល់ប្រធានមជ្ឈមណ្ឌល មន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបានយល់ដឹងអំពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គូសបញ្ជាក់ថា៖ «ភាពញៀនគ្រឿងញៀនគឺជាបញ្ហាស្មុគស្មាញ ដែលប៉ះពាល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ថែមទាំងគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូលផងដែរ។ វាជាជំងឺដែលទាមទារការយល់ចិត្ត ការយល់ដឹង ហើយសំខាន់បំផុតគឺ ការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ខ្ញុំដឹងយ៉ាងច្បាស់អំពីការទទួលខុស ត្រូវដែលយើងត្រូវធានាថា គោលនយោបាយ និងកម្មវិធីរបស់យើងឆ្លុះបញ្ចាំងពីការរអនុវត្តល្អបំផុតក្នុងវិស័យព្យាបាល និងស្តារនីតិសម្បទា។»។

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រូបនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន លោក ឆេង ណារិទ្ធ ដែលបានរៀបចំសិក្ខាសាលាជូនដល់ប្រធានមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសម្រាប់យកទៅអនុវត្ត និងក៏ជាលិខិតបទដ្ឋានគតិយុត្ត រៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនឱ្យទទួលបានសេវា ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

លោក អះអាងថា សភាពការណ៍គ្រឿងញៀន ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែបង្ហាញឱ្យឃើញថា តម្រូវការគ្រឿងញៀនសំយោគនៅតែមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនប្រភេទមេតំហ្វេតា មិនក្រាមម្សៅ មានការកើនឡើងខ្លាំង ក្នុងពេលដែលដំណាំអាភៀន ក៏ដូចជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ុនមានការថយចុះគួរឱ្យកត់សម្គាល់។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿង ញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុតក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ រដ្ឋាភិបាលកម្ពុជា បានបញ្ចូលការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។

ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី១១ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការសម្រាប់ អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែ កម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។ ជាពិសេស ការជំរុញលើកទឹកដល់វិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀននៅតាមបណ្តារាជធានី ខេត្ត បានរួមចំណែកក្នុងការដោះស្រាយបញ្ហាចង្អៀតណែនអ្នក ញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ននានា ហើយអ្នកជំងឺទាំង អស់នោះនឹងត្រូវពិនិត្យ វាយតម្លៃ ស្របតាមលក្ខខណ្ឌនៃការបញ្ជូន ដើម្បីស្នាក់នៅព្យាបាល និងស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិតរយៈពេលខ្លី និងមធ្យមនៅក្នុងមជ្ឈមណ្ឌល មុននឹងសមាហរណ កម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម