Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ចែករំលែកបទពិសោធក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គម ដល់គណៈប្រតិភូនៃប្រទេសឡាវ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោក Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដើម្បីពិភាក្សាការងារ និងចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងគាំពារសង្គម នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សានាព្រឹកនេះ លោករដ្ឋមន្រ្តី ហេង សួរ បានចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គមនៅព្រះរាជាណាចក្រកម្ពុជាទៅដល់គណៈប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «ក្រសួងយើងទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានវិសាលភាពគ្របដណ្ដប់ទៅលើវិស័យសន្ដិសុខសង្គមដូចគ្នា។ ដូច្នេះគឺជារឿងមួយមានសារប្រយោជន៍ ដែលយើងបានជួបគ្នា និងអាចផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យពាក់ព័ន្ធ របបសន្ដិសុខសង្គម ហើយការអនុវត្តរបបសន្ដិសុខសង្គមនៅឡាវ និងកម្ពុជា ក៏មានស្ថានភាព លក្ខណៈប្រហាក់ប្រហែលគ្នាដែរ»។

បន្ថែមលើការចែករំលែកបទពិសោធនេះ លោករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ឱ្យមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធទាក់ទងបច្ចេកទេសនៃការគ្រប់គ្រងអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

ជាការឆ្លើយតប លោក Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលវេលាចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងរបបសន្ដិសុខសង្គមដល់គណៈប្រតិភូឡាវ។

លោក Phongsaysack បានបន្ថែមថា តាមរយៈជំនួបនាព្រឹកនេះលោកនឹងដកស្រង់បទពិសោធដែលលោករដ្ឋមន្ត្រី ហេង សួរ បានផ្តល់ជូនទៅអនុវត្តតាមស្ថានភាពជាក់ស្ដែងទាក់ទង ការគ្រប់គ្រងអភិបាលកិច្ច និងការអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម