ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តាំទៅសិស្សឱ្យខំរៀន និងថែរក្សាសុខភាពឱ្យបានល្អដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបខាងមុខ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើដល់សិស្សានុសិស្សគ្រប់រូបខិតខំរៀនសូត្រ បំពេញចន្លោះខ្វះខាតរបស់ខ្លួន សម្រាកឱ្យបានគ្រប់គ្រាន់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ខាងមុខទទួលបានជោគជ័យ។

ការផ្តាំផ្ញើនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុន សែនពាមជីកង ខេត្តកំពង់ចាម។
ក្រសួងអប់រំ បញ្ជាក់ថា៖ “បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងបន្ថែម និងបំពេញចន្លោះខ្វះខាតផ្សេងៗ ដេីម្បីពង្រឹងជំនាញផ្ទាល់ខ្លួនសម្រាប់ជ្រេីសរេីសជំនាញនាពេលអនាគត ជាពិសេសត្រូវថែទាំសុខភាព សម្រាក និងហូបចុកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាបាននូវកម្លាំងកាយចិត្តល្អប្រសើរ ត្រៀមរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រប្រកបដោយភាពជោគជ័យនាពេលខាងមុខនេះ”។

បន្ថែមពីនេះ បន្ទាប់ពីប្រឡងចប់បាក់ឌុប លោក ហង់ជួន ណារ៉ុន ក៏ផ្តាំដល់សិស្សគ្រប់រូប ឱ្យចិត្តទុកដាក់លើការជ្រើសរើសជំនាញ ឱ្យបានសមស្របតាមសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ចៀសវាងការសម្រេចចិត្តខុសមួយគ្រា នាំឱ្យខាតបង់ទាំងពេលវេលា និងធនធាន។ លោកបន្តថា សិស្សត្រូវក្តោបឱកាសក្នុងការយកចិត្តទុកដាក់ក្រេបយកចំណេះដឹងថ្មីៗបន្ថែមទៀត ដេីម្បីទទួលបាននូវអាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការដឹកនាំបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក។ ជាពិសេសបានប្រែក្លាយសាលាទៅជាសាលារៀនគំរូ បន្ថែមទៅដោយទេសភាពសាលាដែលស្រស់ស្អាត ដោយលោកបានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងនេះមិនត្រឹមតែបានបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងទាក់ទាញ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ក្រសួងអប់រំ បានរម្លឹកឱ្យដឹងថា របាយការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ អត្រាជាប់របស់សិស្សានុសិស្សវិទ្យាល័យហ៊ុន សែន ពាមជីកង កើនឡើងដល់ ៨៤,៣៦% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន៤នាក់ ស្រី ២នាក់។ សមិទ្ធផលនេះ បានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សហគមន៍ និងសិស្សានុសិស្សទាំងអស់ដែលបានសហការគ្នាយ៉ាងល្អក្នុងការជួយជំរុញដល់ការសិក្សារបស់សិស្សឱ្យសម្រេចបាននូវលទ្ធផលមួយដល់ល្អប្រសើរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


