ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ សិស្សតាមជនបទត្រូវទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល ដោយត្រូវធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅ ទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
លោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញលោក និងសហការីមកទស្សនកិច្ចនៅកម្ពុជា និងការផ្ដល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ តាំងពីបានចាប់ផ្ដើមភាពជាដៃគូជាផ្លូវការកាលពីខែមិថុនា ឆ្នាំកន្លងទៅ។ មូលនិធិសប្បុរសធម៌ទីក្រុងហុងកុងតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ ជាមួយចក្ខុវិស័យចង់ឃើញពិភពលោកកាន់តែល្អប្រសើរ ដែលក្នុងនោះការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព គឺជាអាទិភាពមួយដ៏សំខាន់របស់មូលនិធិផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Jackson Woo និងគណៈប្រតិភូជាន់ខ្ពស់មកពីទីក្រុងហុងកុងទាំងអស់ ដែលបានមកកាន់កម្ពុជា ដើម្បីជាសក្ខីភាពនៃការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា និងសូមគាំទ្រនូវគំនិតផ្ដួចផ្ដើមថ្មី ក្នុងការផ្លាស់ប្ដូរសិស្សកម្ពុជា-ហុងកុង។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានខិតខំប្រឹងប្រែងសហការយ៉ាងសកម្មជាមួយមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង ចាប់តាំងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាខែមិថុនា ឆ្នាំ២០២៥ រហូតសម្រេចបាននូវលទ្ធផលជាទីមោទនៈនាពេលនេះ ក្នុងនោះរួមមាន ការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC សម្រាប់សិស្ស និងគ្រូទាំង ៣កម្រិត (ចាប់ពីថ្នាក់ទី៤ ទី៥ និងទី៦) ឱ្យបានចប់សព្វគ្រប់តាមផែនការ។

លោក ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «តាមរយៈការដាក់ប្រើប្រាស់ការអប់រំបច្ចេកវិទ្យាមួយនេះ យើងនឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល និងមានចំណង់ចំណូលចិត្តសិក្សាតាំងពីកម្រិតមូលដ្ឋាន ដើម្បីបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលមួយ ប្រកបដោយនិរន្តរភាព»។
ដើម្បីធានាឱ្យបានប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀន លោក ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងការណែនាំគន្លឹះចំនួន៤ រួមមាន ១. លោកនាយក លោកស្រីនាយិកា ត្រូវដើរតួជាអ្នកដឹកនាំប្រកបដោយឆន្ទៈ និងជាអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយត្រូវធានាថាបន្ទប់កុំព្យូទ័រ និងសម្ភារបរិក្ខារត្រូវបានថែទាំយ៉ាងល្អ និងបើកចំហ ដើម្បីសិស្សានុសិស្សបានប្រើប្រាស់យ៉ាងពិតប្រាកដ។ គណៈគ្រប់គ្រងសាលាត្រូវផ្ដល់អាទិភាព និងគាំទ្រយ៉ាងពេញទំហឹងដល់លោកគ្រូ អ្នកគ្រូបង្គោល រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ទាំងក្នុងម៉ោងសិក្សា និងការបង្កើតក្លឹបសិក្សាក្រៅម៉ោង។

២. លោកគ្រូ អ្នកគ្រូបង្គោល ត្រូវដើរតួជាអ្នកណែនាំ (Mentors) និងជាអ្នកចែករំលែកចំណេះដឹង។ លោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេស ត្រូវមានស្មារតីលះបង់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកចំណេះដឹងនេះទៅបង្រៀនកុមារ និងត្រូវបន្តចែករំលែកចំណេះដឹង (Peer-to-Peer Learning) ទៅកាន់សហការីរួមសាលារបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឌីជីថលជាសមូហភាព។
៣. សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល (Inclusive Space) ដោយត្រូវធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅ ទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ និង៤ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងមាតាបិតា ដោយសាលារៀនត្រូវបង្ហាញពីលទ្ធផល និងស្នាដៃច្នៃប្រឌិតរបស់កុមារ (ហ្គេម ឬគំនូរជីវចលដែលពួកគេបង្កើត) ជូនដល់មាតាបិតា និងសហគមន៍បានឃើញ ដើម្បីទទួលបានការគាំទ្រ និងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការអប់រំឌីជីថលតាំងពីវ័យក្មេង៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


