Connect with us

ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន៖ ការប្រកួតជជែកដេញដោលជាវិធីសាស្ត្រក្នុងការបណ្ដុះបំណិនសតវត្សទី២១ ដល់យុវជន

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជជែកដេញដោល គឺជាវិធីសាស្ត្រមួយក្នុងការបណ្ដុះបំណិនសតវត្សទី២១ ដល់យុវជន ដែលជាបំណិនចាំបាច់សម្រាប់ឈោងទៅរកភាពជោគជ័យក្នុងជីវិតសិក្សា និងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកបានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី ខួបលើកទី២៦ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ក្រោមប្រធានបទ៖ “យុវជនកម្ពុជាត្រូវមានចំណេះដឹងបញ្ញាសិប្បនិម្មិត(AI) ជាអាទិភាព ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥។

តាងនាមក្រសួងអប់រំ លោកឧបនាយករដ្ឋមន្ត្រី មានមោទនភាពជាខ្លាំង ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមប្រកួតជជែកដេញដោលនាពេលនេះ ដោយបានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែជាវេទិកាបង្ហាញចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តជាក់ស្ដែងក្នុងការបណ្ដុះបំណិនសតវត្សទី២១ និងលើកទឹកចិត្តដល់ក្មួយៗឱ្យបន្តការខិតខំរៀនសូត្រ និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍខ្លួនឯង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។



លោកបញ្ជាក់ថា៖«យុវជនត្រូវបន្តខិតខំពង្រឹងសមត្ថភាពចំណេះដឹង បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត ដើម្បីដើរឱ្យទាន់សម័យកាលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល»។ ចំណេះដឹងបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ជំនួយដ៏មានតម្លៃបន្ថែមសម្រាប់ជួយសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយបច្ចេកវិទ្យានេះ គឺវិវត្តន៍ចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលបំណិនសតវត្សទី២១ ទៅក្នុងវិធីសាស្ត្របង្រៀននៅតាមសាលា ដូចជានៅសាលាជំនាន់ថ្មី តាមរយៈការរៀបចំថ្នាក់រៀនតាមបែបសិក្សាស្រាវជ្រាវ ឱ្យសិស្សចេះវិភាគត្រិះរិះពិចារណា ជំរុញនូវនវានុវត្តន៍ និងសហគ្រិនភាព ហើយបច្ចុប្បន្នក្រសួងក៏បានបញ្ចូលវិធីសាស្ត្រសាលារៀនជំនាន់ថ្មីនេះ ទៅក្នុងស្តង់ដាសាលារៀនគំរូ ដើម្បីបន្តជំរុញលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងលើកទឹកចិត្តសាលារៀនគ្រប់រាជធានី-ខេត្ត ឱ្យបន្តអភិវឌ្ឍសមត្ថភាពក្លាយជាសាលារៀនជំនាន់ថ្មី ដោយចក្ខុវិស័យរបស់ក្រសួងអប់រំ គឺ ខេត្តមួយ ត្រូវមានសាលារៀនជំនាន់ថ្មីមួយយ៉ាងតិច។

នាទិវាអន្តរជាតិសម្រាប់យុវជនឆ្នាំនេះ ក្រសួងបានរៀបចំសកម្មភាពដូចជា ការតាំងពិព័រណ៍ស្នាដៃយុវជន កិច្ចពិភាក្សាយុវជន ការប្រកួតគម្រោងសកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជា និងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥។ វគ្គផ្តាច់ព្រ័ត្រនាពេលនេះ ដោយនៅក្នុងរដូវកាលទី៦ នៃកម្មវិធីនេះមាន វិទ្យាល័យរដ្ឋ និងឯកជន ចំនួន៣២ មកពីរាជធានីភ្នំពេញ ៥ក្រុម, ខេត្តទាំង២៤ ស្មើនឹង ២៤ក្រុម (១ខេត្ត ១ក្រុម), តំណាងកាកបាទក្រហមកម្ពុជា ១ក្រុម, តំណាងកាយ​រឹទ្ធិជាតិកម្ពុជា ១ក្រុម, និងតំណាងសមាគមកាយឬទ្ធិនារីកម្ពុជា ១ក្រុម សរុបបេក្ខជនមានចំនួន ១៦០នាក់ គ្រូដឹកនាំ ៣២នាក់ គ្រូបង្វឹក ៣២នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៥”។ ក្រុមនីមួយៗមានសមាជិក ០៧រូប៖ គ្រូដឹកនាំ ០១រូប គ្រូបង្វឹក ០១រូប បេក្ខជន ០៥រូប។

ជាលទ្ធផល វិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ សម្រាប់រដូវកាលទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម