Connect with us

ព័ត៌មានជាតិ

កម្ពុជា ជួបព្យុះមួយទៀតចាប់ពីថ្ងៃទី២កញ្ញាទៅ

បានផុស

នៅ

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ព្យុះមួយទៀតដែលជាព្យុះទី១៥ ក្នុងឆ្នាំ២០២៥ នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ខែកញ្ញា ដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពី៥០ ទៅ៥៥%។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១សីហា ព្យុះទី១៥នេះ កើតឡើងដោយសារការវិវដ្ដពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក បញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណកើនឡើងពីបង្គួរទៅច្រើន ដែលលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម