Connect with us

ព័ត៌មានជាតិ

ឯកសារសំខាន់ៗនឹងត្រូវចុះហត្ថលេខា ក្នុងពេលប្រធានាធិបតីហ្វីលីពីនទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។​ ឯកសារសំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឯវិមានសន្តិភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

កិច្ចសន្ទនារវាងលោក Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប ត្រូវបានរំពឹងថា នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងកក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម។

ប្រធានាធិបតីហ្វីលីពីន ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា ផងដែរ។

តាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Marcos នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។

គួររំលឹកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅលើទឹកដីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលណោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបាន​ប្រកាសបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក​ម្ពុជា-ហ្វីលី​ពីន ឱ្យឈានដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត ខណៈឯកសារ​កិច្ច​សហ​ប្រតិបត្តិការចំនួន៨ ត្រូវបានផ្លាស់ប្តូរជាមួយគ្នា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម