ព័ត៌មានជាតិ
កម្ពុជារំពឹងថាអាចពង្រីកកិច្ចសហប្រតិបត្តិការវិស័យទ័ពជើងគោក ជើងទឹក ជើងអាកាសជាមួយហ្វីលីពីនបានបន្ថែមទៀត
កម្ពុជារំពឹងថាអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយហ្វីលីពីនបន្ថែមទៀតទាំងកម្រិតកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។ ក្ដីរំពឹងនេះ កើតមាននៅក្នុងជំនួបដែលសម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួប ឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងកម្ពុជា-ហ្វីលីពីន ជាពិសេសរវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ។ នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា, អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេច ហ៊ុន ម៉ាណែត បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ហ្វីលីពីន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

តាមការចេញផ្សាយរបស់សារព័ត៌មានហ្វីលីពីន ប្រទេសហ្វីលីពីនចាយថវិកាជាង៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅលើវិស័យការពារជាតិ។ ក្នុងនោះកងទ័ពអាកាសរបស់ហ្វីលីពីនមានយន្តហោះចម្បាំង FA-50PH ប្រមាណ ១២គ្រឿង ជាយន្តហោះចម្បាំងដែលបញ្ជាទិញពីប្រទេសកូរ៉េខាងត្បូង។ តាមរបាយការណ៍ ហ្វីលីពីន គ្រោងទិញយន្តហោះចម្បាំងF-16 ពីសហរដ្ឋអាម៉េរិកចំនួន ២០គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិ។
កម្ពុជា ហ្វីលីពីន បានបង្កើតទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ ដែលឈានមកដល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់វ័យ៦៩ឆ្នាំហើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


