Connect with us

ព័ត៌មានជាតិ

មន្ត្រីបរិស្ថានចុះរុះរើសំណង់ខុសច្បាប់ និងប្ដឹងទៅតុលាការករណីទន្ទ្រានដីនៅឧទ្យានជាតិ«គិរីរម្យ»

បានផុស

នៅ

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) របងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ»  បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្កឡើងដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ។

ក្រសួងបរិស្ថាន ថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់។

អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានអះអាងថា ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនល្មើស ដែលបានកាប់រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង»   ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច  ព្រមទាំងអនុវត្តន៍ទៅតាមគោលការណ៍បែបបទបច្ចេកទេស ស្របតាមនិតីវិធីច្បាប់ជាធរមាន ចំពោះការអភិវឌ្ឍ រៀបចំ សាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយមិនអនុញ្ញាតឱ្យមានការឈូសឆាយ កាប់រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិដាច់ខាត។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៣៧៩ ចំណុច «១» ការរៀបចំគម្រោងស្ថាបនានិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវធ្វើការពិគ្រោះយោបល់ជាមុន ជាមួយក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងចំណុច «២» រាល់គម្រោងស្ថាបនា សាងសង់សំណង់ឯកជន នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវទទួលការអនុញ្ញាតជាមុនពីក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ និងមាត្រា៣៨៦ ការហាមឃាត់សិទ្ធិរបស់បុគ្គល ចែងថា «បុគ្គលពុំមានសិទ្ធិ ផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តីឬប្រយោលក្តី ឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម