Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ ​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់​ស្តីពី “សុវត្ថិភាព និង​សុខភាពការងារ​”

បានផុស

នៅ

ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ធាគារ Oakwood Premier ភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​រៀប​ចំ​សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់​ស្តីពី «សុវត្ថិភាព និងសុខភាពការងារ​​» ក្រោម​អធិបតីភាព​ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ  ​រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រួម​ទាំង​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​មាន​ការ​ចូលរួម​ពី​តំណាង​ភាគី​រាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ភាគីអង្គការអន្តរជាតិខាងការងារ(ILO) ព្រមទាំងអង្គភាពក្រោម​ឱវាទ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូរពាក់ព័ន្ធដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១៣៥រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​លើសេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់ និង​គ្រប​ដណ្តប់​លើ​បញ្ហា​ពាក់ព័ន្ធ​អំពី​ប្រព័ន្ធ​គ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមស្តង់ដារអន្តរជាតិខាងការងារ(ILO) និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បី​បង្ការ​និង​ទប់​ស្កាត់​គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ សំដៅ​ធានា​ឱ្យ​មាន​បរិយាកាសការងារល្អប្រកបដោយផាសុកភាព លើកកម្ពស់ផលិតភាពការងារ និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ ព្រមទាំងធានាបាននូវសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។

ថ្លែង​ទៅ​កាន់​អង្គពិធីទាំងមូល លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ហេង សួរ  ​រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានគូសបញ្ជាក់អំពីភាពចាំបាច់ និងសារៈសំខាន់នៃច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញបេសកកម្មក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានការងារប្រកបដោយគុណភាព ដែល​ជា​ប្រភេទ​ការងារ​សមរម្យ​ស្រប​តាម​និយមន័យ​សកល ដែល​ត្រូវ​បាន​កំណត់​ដោយ​អង្គការ ILO ដែល​កម្ពុជា​ជាសមាជិក។

ដើម្បី​ជា​ធាតុចូលសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ លោកជំទាវ សូម​លើក​ទឹកចិត្ត​ដល់ត្រីភាគីកម្ពុជា ក្នុងការពិភាក្សាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ សំដៅធានា​ឱ្យ​បាន​នូវការ​កំណត់​អំពី​វិសាលភាព និងគោលបំណងនៃបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងដាក់ចេញនូវវិធានការក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយ​ធ្វើ​ការ​កំណត់នូវតួនាទីនិងភារកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធគឺពិតជាមានសារៈសំខាន់ ក្នុងការពិភាក្សានាថ្ងៃនេះ។

ជា​មួយ​គ្នា​នេះ​ដែរ តាមរយៈសិក្ខាសាលានេះ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម​ថ្លែង​អំណរគុណ​ចំពោះអង្គការអន្តរជាតិខាងការងារ(ILO) ចំពោះ​ការចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ការងារ​សមរម្យសម្រាប់ទាំងអស់គ្នា ដោយមិនទុកបុគ្គលណាម្នាក់ចោលនោះឡើយ ហើយ​ជា​ពិសេស​ជា​មួយ​គ្នា​នេះ​ដែរ តាម​រយៈ​សិក្ខាសាលាសម្រាប់មួយថ្ងៃពេញនេះ បាន​រៀបចំបែងចែកកិច្ចពិភាក្សា​ជា​ក្រុម ដោយ​មួយ​ក្រុមៗ​មាន​តំណាង​រដ្ឋាភិបាល តំណាងភាគីនិយោជក តំណាងភាគីកម្មករនិយោជិត និងតំណាងអង្គការដៃគូអភិវឌ្ឍ ព្រមទាំងមានក្រុមការងារសម្របសម្រួលផ្នែកសុវត្ថិភាព និងសុខភាពការងារតាមក្រុមនីមួយៗ ដើម្បីសំយោគ​រិះរកប្រមូលនូវធាតុចូលសំខាន់ៗនូវសេចក្តីព្រាងច្បាប់ ដើម្បី​ធានា​ឱ្យ​សេចក្តី​ព្រាងច្បាប់មួយនេះមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម