Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្តេជ្ញាការពារប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក បើការឈ្លានពានរបស់រុស្ស៊ីកើនឡើង

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យា​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០២៥​ថា សហរដ្ឋអាមេរិកនឹងការពារប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ប្រសិនបើរុស្ស៊ីបន្តការលុកលុយ​ចូលទៅក្នុងដែនអាកាសរបស់អង្គការណាតូ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវអ្នក​កាសែត​សួរ​សំនួរ​នៅ​សេតវិមានថាតើអាមេរិកនឹងធ្វើសកម្មភាព​ឬ​ទេ​ប្រសិនបើ«រុស្ស៊ីបន្តបង្ករឿង» លោក ត្រាំ បាននិយាយថា «បាទ ខ្ញុំនឹងធ្វើ»។ លោក ត្រាំ បាន​បញ្ជាក់​ថា ​លោក​ត្រូវ​បាន​គេ​ជូន​ដំណឹង​​​ឲ្យ​​ដឹង​អំពី​ឧប្បត្តិហេតុ​ថ្មី​បំផុត​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​អេស្តូនី​ ដោយ​និយាយ​ថា «យើង​មិន​ចូលចិត្ត​វា​ទេ»។

កាលពីថ្ងៃសុក្រ ប្រទេសអេស្តូនីបាន​ប្រកាស​ថា យន្តហោះចម្បាំងរុស្ស៊ី MiG-31 ចំនួន ៣​គ្រឿងបានចូលដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត ហើយបានហោះហើរ​ប្រហែល ១២​នាទី មុនពេលត្រូវបានស្ទាក់ចាប់ដោយយន្តហោះរបស់អង្គការណាតូ។ រុស្ស៊ី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ទទូច​ថា ​ជើង​ហោះ​ហើរ​របស់​ខ្លួន​បាន​គោរព​តាម​ច្បាប់​អន្តរជាតិ និង«មិន​បាន​បំពាន​ព្រំដែនឡើយ»។

សកម្មភាព​របស់​រុស្ស៊ី បាន​បង្កើត​ជា​​ភាព​តានតឹង​​ស្រដៀង​គ្នា​ជា​បន្តបន្ទាប់។ កាលពីដើមខែនេះ ប្រទេស​ប៉ូឡូញបាន​ឲ្យ​ដឹង​ថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីពី ១៩ ទៅ ២៣​គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ខ្លួន ដោយយ៉ាងហោចណាស់ត្រូវ​បានបាញ់ទម្លាក់ចំនួន ៤​គ្រឿង។ ប៉ុន្មានថ្ងៃក្រោយមក រូម៉ានីក៏បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់រុស្សី ឆ្លងកាត់ព្រំដែនរបស់ខ្លួនផង​ដែរ។

ប្រទេសទាំងបី – ប៉ូឡូញ អេស្តូនី និងរូម៉ានី គឺជាសមាជិកណាតូ ដែលមានន័យថា ការវាយប្រហារដោយផ្ទាល់អាចបង្ក​ឲ្យ​មាន​ការ​អនុវត្ត​មាត្រា​៥​ ដែលកាតព្វកិច្ចសម្ព័ន្ធភាពក្នុងការឆ្លើយតបជាសមូហភាព។

ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងនៅពេលដែល​លោក​កំពុង​ស្វែងរកសកម្មភាពដ៏តឹងរ៉ឹងពីអង្គការណាតូ ដោយជំរុញ​ឲ្យ​សម្ព័ន្ធមិត្តដាក់ពន្ធ និងទណ្ឌកម្មលើប្រទេសដែលទិញប្រេងពីរុស្ស៊ី ដែល​លោក​និយាយថា វា​ជា​ប្រភព​ប្រាក់​នៃ​ការ​បញ្ឆេះ​សង្គ្រាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។

ទោះបីជាមានការរិះគន់កន្លងមកលើសមាជិកណាតូចំពោះការខកខានមិនបានបំពេញតាមការសន្យាចំណាយលើវិស័យការពារជាតិក៏ដោយ ក៏លោក ត្រាំ បានជំរុញប្លុកនេះ​ឲ្យ​ពង្រឹងជំហររបស់ខ្លួន។ ទន្ទឹមនឹងនេះ រដ្ឋបាល់ទិក – អេស្តូនី ឡាតវី និងលីទុយអានី – បានអំពាវនាវដល់សភាសហរដ្ឋអាមេរិក​ឲ្យ​រក្សាមូលនិធិសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខបាល់ទិក ចំពេលមានការព្រួយបារម្ភអំពីការកាត់បន្ថយសក្តានុពលនៃថវិកាការពារជាតិឆ្នាំ​២០២៦។

ភាព​តានតឹង​លើក​នេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដោយផ្ទាល់ដើម្បីពិភាក្សាអំពីជំហានដែលអាចកើតមានដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ចាប់តាំងពីកិច្ចប្រជុំនោះមក ទីក្រុងមូស្គូបានបង្កើនការវាយលុករបស់ខ្លួននៅក្នុងអ៊ុយក្រែន និងបានសាកល្បងការដោះស្រាយរបស់ណាតូជាមួយនឹងការបង្កហេតុតាមព្រំដែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម