Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វាំងឡង់ សម្រេចចិត្តរុះរើច្បាប់ចាស់ បើកផ្លូវឱ្យអាវុធនុយក្លេអ៊ែរចូលស្រុក បង្កើនកម្តៅជាមួយរុស្ស៊ី

បានផុស

នៅ

សភាប្រទេសហ្វាំងឡង់ បានបោះឆ្នោតទម្លាយរបាំងច្បាប់ដែលមានអាយុកាលរាប់សិបឆ្នាំ ដើម្បីអនុញ្ញាតឱ្យមានការនាំចូល និងរក្សាទុកអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ក្នុងបំណងពង្រឹងប្រព័ន្ធការពារជាតិឱ្យកាន់តែស្អិតរមួតជាមួយអង្គការណាតូ (NATO) ដែលការណ៍នេះបានធ្វើឱ្យរុស្ស៊ីក្តៅស្លឹកត្រចៀកភ្លាមៗ។

លោក Antti Häkkänen (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Fox News បានចុះផ្សាយ​កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា យោងតាមលទ្ធផលឆ្នោត មានតំណាងរាស្ត្ររហូតដល់ ១២៥រូប បានគាំទ្រសំណើរបស់រដ្ឋាភិបាល ខណៈ ៦១រូបបោះឆ្នោតប្រឆាំង និង ១៣រូបទៀតអនុបវាទ ដែលចំនួនគាំទ្រ​ដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យច្បាប់ថ្មីត្រូវបានអនុម័ត និងត្រូវ​បញ្ជូនទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាជាជំហានចុងក្រោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានសម្តែងក្តីរំភើបជាខ្លាំង ដោយចាត់ទុកការកែទម្រង់ច្បាប់ថាមពលនុយក្លេអ៊ែរឆ្នាំ១៩៨៧ នេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ ក្នុងការបង្កើនសុវត្ថិភាពសម្រាប់ជាតិ និងសម្ព័ន្ធមិត្តទាំងមូល។ លោកបានទម្លាយថា រឿងអាវុធនុយក្លេអ៊ែរនេះ ជារឿងពិបាកសម្រេចចិត្តបំផុត សម្រាប់ក្រសួងការពារជាតិ ដែលត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ ព្រមទាំងជជែកវែកញែកយ៉ាងម៉ត់ចត់ជាមួយបណ្តាប្រទេសមហាអំណាច មុននឹងឈានមកដល់ចំណុចនេះ។

វិធានការច្បាប់ថ្មីនេះ នឹងត្រូវលុបចោលនូវបទប្បញ្ញត្តិចាស់នៅក្នុងច្បាប់ថាមពលនុយក្លេអ៊ែរ ដែលធ្លាប់ហាមឃាត់ការនាំចូល ការផលិត ការកាន់កាប់ និងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ប្រសិនបើច្បាប់នេះត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ វានឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូន ការផ្គត់ផ្គង់ ឬការកាន់កាប់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វាំងឡង់ ភ្លាម ប្រសិនបើស្ថានភាពការពារជាតិទាមទារចាំបាច់។

ផែនទី​ដែល​បង្ហាញ​ប្រទេស​រុស្ស៊ី​ (ពណ៌​ក្រហម )និង​ប្រទេស​ហ្វាំងឡង់​ (ពណ៌​ស)

គួរ​រំលឹក​ថា ហ្វាំងឡង់បានសម្រេចចិត្តលះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ហើយរត់ទៅជ្រកក្រោមដំបូលណាតូ តាំងពីខែមេសា ឆ្នាំ២០២៣ មកម៉្លេះ ពោលគឺភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន ដែលការចូលរួមនោះ បានធ្វើឱ្យព្រំដែនរវាងណាតូ និងរុស្ស៊ីកើនឡើងទ្វេដង។

យ៉ាងណាមិញ ផ្លូវច្បាប់ថ្មីនេះ មិនមែនដើរដោយរលូនគ្មានអ្នកជំទាស់​នោះទេ ព្រោះក្រុមតំណាងរាស្ត្របក្សប្រឆាំង បានចេញមុខព្រមានថា ការបើកដៃឱ្យអាវុធមហាបំផ្លាញនេះចូលស្រុក អាចនឹងធ្វើឱ្យហ្វាំងឡង់ក្លាយជាផ្ទាំងស៊ីបដំបូងគេនៃការវាយប្រហារ ហើយវាក៏ជាការដើរខុសពីទម្លាប់របស់អ្នកជិតខាងក្នុងតំបន់ ដែលតែងតែបដិសេធអាវុធប្រភេទនេះ។ ការបារម្ភនេះមិនខុសឡើយ ព្រោះខាងវិមានក្រឹមឡាំងរបស់រុស្ស៊ី តាមរយៈអ្នកនាំពាក្យ លោក Dmitry Peskov បានចេញមុខព្រមានចំៗទាំងកំហឹងថា សកម្មភាពរបស់ហ្វាំងឡង់ កំពុងតែបង្កើតការគំរាមកំហែងផ្ទាល់មកលើរុស្ស៊ី និងធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងគ្រោះថ្នាក់បំផុត ហើយរុស្ស៊ីដាច់ខាតនឹងត្រូវចាត់វិធានការឆ្លើយតបវិញយ៉ាងក្តៅគគុកជាមិនខាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម