ព័ត៌មានជាតិ
អ្នកជំនាញ៖ រៀនផង ធ្វើការផង មិនខុសទេ សំខាន់ចេះបែងចែកពេលវេលា ខំរៀន និងគិតពីសុខភាព
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តាំដល់សិស្សនិស្សិតដែលត្រៀមចូលរៀនសាកលវិទ្យាល័យ និងកំពុងសិក្សានៅសាកលវិទ្យាល័យ ថា ត្រូវយកចិត្តទុកដាក់រៀនសូត្រ ទោះបីរៀនបណ្តើរ ធ្វើការងារបណ្តើរ ឬ ជួយកិច្ចការងារសង្គម ក៏ត្រូវមានការថ្លឹងថ្លែង បែងចែកពេលវេលាឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ទើបទទួលបានលទ្ធផលល្អ។ អ្វីដែលសំខាន់ ផ្តោតលើការសិក្សា និងត្រូវគិតពីសុខភាពរបស់ខ្លួនជាចម្បង។

ការលើកឡើងរបស់លោកបណ្ឌិត ស្របតាមស្ថានភាពបច្ចុប្បន្ន សង្កេតឃើញថា មាននិស្សិតមួយចំនួនបន្តការសិក្សានៅសាកលវិទ្យាល័យ ពួកគេធ្វើការងារបណ្តើរ រៀនបណ្តើរ ឬចូលរួមកិច្ចការងារសង្គមផង ដើម្បីទទួលបានបទពិសោធ ឬប្រាក់កម្រៃមួយចំនួនមកទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ឬចំណាយលើការសិក្សា រហូតមាននិស្សិតមួយចំនួនទៀត ខំប្រឹងរៀនផង ធ្វើការផង ដើម្បីបានប្រាក់ជួយទៅអ្នកផ្ទះទៀត។
ត្រង់ចំណុចទាំងនេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ការយល់ឃើញរបស់លោក ការរៀនផង ធ្វើការផង ឬចូលរួមកិច្ចការងារស្ម័គ្រចិត្ត ហាត់ការងារ ជាដើម គឺជារឿងល្អ ប្រសិនជាអ្នកសិក្សាចេះបែងចែកពេលវេលាបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ទៀតថា សម្រាប់និស្សិតមួយចំនួន គ្រួសារមានជីវភាពធូរធារ មិនចាំបាច់រៀនផង ធ្វើការផងទេ ពោល គឺខំរៀនតែមួយមុខ ហើយបើសិស្សនោះផ្តោតលើតែការសិក្សា ខំរៀនមែន នោះនឹងទទួលបានលទ្ធផលល្អ ជាសិស្សពូកែ។ ប៉ុន្តែ សម្រាប់និស្សិតខ្លះជីវភាពគ្រួសារធូរធារហើយ បែរជាមិនខំរៀន គេចម៉ោងសិក្សា នោះក៏លទ្ធផលមិនល្អដូចគ្នា។ ហេតុនេះ លោកបណ្ឌិត ឈត ប៊ុនថង ចង់បញ្ជាក់ថា ទោះបីរៀនបណ្តើរ ធ្វើការបណ្តើរ ក៏មិនមានអ្វីទាស់ខុសឡើយ សំខាន់ឱ្យតែអ្នកសិក្សាចេះបែងចែកពេលវេលាបានល្អ។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “យ៉ាងណាក៏ដោយ ខ្ញុំឱ្យប្អូនៗថ្លឹងថ្លែង។ ថ្លឹងថ្លែងថា តើការរៀនផង ធ្វើការងារផងនេះ វាត្រូវប្រើប្រាស់ពេលវេលាយ៉ាងម៉េច គ្រប់គ្រងពេលវេលាយ៉ាងម៉េច? ក្រៅពីពេលវេលា ត្រូវគិតដល់សុខភាព គិតដល់កម្លាំងកាយហ្នឹងដែរ អ៊ីចឹង ប្អូនៗធ្វើយ៉ាងណាគិតគូរដល់ការចែកពេលវេលា ការទទួលខុសត្រូវ ការថែទាំសុខភាពហ្នឹងត្រូវតែគិតឱ្យបានដិតដល់”។ បន្ថែមពីនេះ អ្នកជំនាញរូបនេះ យល់ថា បន្ទាប់ពីសិស្សរៀនបណ្តើរ ធ្វើការបណ្តើរ ក្រៅពីទទួលបានប្រាក់ទ្រទ្រង់ជីវភាព ក៏អាចឱ្យពួកគេមានបទពិសោធការងារស្រាប់នៅពេលរៀនចប់ ពោល គឺ បន្ទាប់ពីរៀនចប់ មានទាំងបទពិសោធ និងសញ្ញាបត្រ។
បើនិយាយពីការរួមចំណែកជួយការងារសង្គមរបស់សិស្សនិស្សិត ដូចជាការងារស្ម័គ្រចិត្ត ឬការងារហាត់ការជាដើម លោក ថា និស្សិតអាចចូលរួមបានដើម្បីទទួលបានបទពិសោធនានា ប៉ុន្តែ ក៏ត្រូវមានដែនកំណត់ដូចគ្នា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ម៉ោងសិក្សារបស់ខ្លួន។ ចំណែក ម្ចាស់ក្រុមហ៊ុន ឬស្ថាប័នដែលទទួលនិស្សិតហាត់ការ ឬនិស្សិតស្ម័គ្រចិត្ត ទៅជួយការងារ លោកបណ្ឌិត លើកទឹកចិត្តឱ្យគិតគូរដល់និស្សិត គិតគូរពីម៉ោងសិក្សារបស់ពួកគេ កុំឱ្យប៉ះពាល់ដល់ការសិក្សា និងអាចផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួនដែលសមល្មម ព្រោះថា និស្សិតមួយចំនួនមិនមានចំណូលនោះទេ ពួកគេធ្វើការងារស្ម័គ្រចិត្ត ឬហាត់ការ ដើម្បីទទួលបានបទពិសោធការងារ។

បណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ទៀតថា “រៀនក៏ល្អ ធ្វើការដើម្បីយកប្រាក់ខែក៏ល្អ ធ្វើការដើម្បីជួយសង្គមក៏ល្អ ប៉ុន្តែ ប្អូនក៏ត្រូវគិតខ្លួនឯងផង ហើយស្ថាប័នពាក់ព័ន្ធក៏ត្រូវតែជួយគិតទៅលើប្អូនៗទាំងអស់ហ្នឹងដែរ ពីព្រោះយើងជាមនុស្ស។ ជាស្ថាប័នមែន ប៉ុន្តែអ្នកបំពេញការងារ អ្នកដឹកនាំស្ថាប័ន ជាមនុស្ស ហើយយើងត្រូវតែគិតពីរឿងសេចក្តីស្រឡាញ់ គិតពីហេតុផល គិតពីសីលធម៌ គិតពីការទទួលខុសត្រូវ គិតអំពីការចេះជួយគ្នាទៅវិញទៅមក មិនមែនគិតតែពីផលប្រយោជន៍រៀងៗខ្លួន គិតពីបំណងរៀងៗខ្លួននោះទេ”៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


