Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជា ២០នាក់ ទទួលបានអាហារូបករណ៍ បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅអូស្ត្រាលី

បានផុស

នៅ

និស្សិតកម្ពុជា២០នាក់ ក្នុងនោះ១៩នាក់ទទួលបានអាហារូបករណ៍ Australia Awards និង១នាក់ទទួលបាន John Allwright Fellowship ត្រៀមខ្លួនបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលីនាពេលខាងមុខ។ ក្នុងចំណោមនេះ ក៏មាននិស្សិតស្រី៧នាក់ផងដែរ ដែលទទួលបានអាហារូបករណ៍ Australia Awards។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានរៀបចំកម្មវិធីជូនដំណើរនិស្សិតអាហារូបករណ៍ត្រៀមខ្លួនបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ Australia Awards នៅស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនោះថា អ្វីដែលនិស្សិតទទួលបានសំខាន់ជាងគេនៅពេលស្នាក់នៅ និងសិក្សានៅប្រទេសអូស្ត្រាលី គឺជាឱកាស។ និស្សិតនឹងទទួលបានឱកាសសម្រាប់អភិវឌ្ឍជំនាញថ្មីៗ ចំណេះដឹង និងបណ្តាញទំនាក់ទំនង។ ឱកាសក្នុងការទទួលបានបទពិសោធជីវិត បង្កើនការយល់ដឹង ព្រមទាំងជាឱកាសយល់ដឹងពីប្រទេសអូស្ត្រាលីឱ្យកាន់តែច្បាស់ និងជួយឱ្យជនជាតិអូស្ត្រាលីស្គាល់ និងយល់ពីកម្ពុជាដូចគ្នា។ អ្វីដែលសំខាន់ លោក Derek Yip បញ្ជាក់ថា និស្សិតមានឱកាសសម្រាប់វិនិយោគលើសមត្ថភាពខ្លួនឯង និងអាចយកចំណេះវិជ្ជាដែលខ្លួនមានមកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា អាហារូបករណ៍ Australia Awards គឺបណ្តុះបណ្តាលបុគ្គលឱ្យមានសមត្ថភាព នៅពេលដែលពួកគេត្រឡប់មកប្រទេសកំណើតវិញ អាចចូលរួមចំណែកកាន់តែធំក្នុងការអភិវឌ្ឍ និងភាពរុងរឿងរបស់ជាតិ។ លោក Derek Yip បានឱ្យដឹងទៀតថា រយៈពេលជាច្រើនឆ្នាំមកនេះ មាននិស្សិតកម្ពុជា ១,១០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ពី Australia Awards។

ជាមួយគ្នានេះ សម្រាប់និស្សិតដែលទទួលបានអាហារូបករណ៍ គឺយុវតី ឈុន ចរិយា មកពីខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថាខ្លួនបានដាក់ពាក្យអាហារូបករណ៍ចំនួន ២ដង ទើបមានឱកាសជាប់បន្តការសិក្សាទៅប្រអូស្ត្រាលី។ ចរិយា បានត្រៀមខ្លួនយ៉ាងច្រើនសម្រាប់ពាក្យអាហារូបករណ៍ ពោល គឺបានត្រៀមខ្លួន ២ឆ្នាំ តាមរយៈការសិក្សាស្វែងយល់ពីអាហារូបករណ៍ឱ្យបានច្បាស់ ពីលក្ខខណ្ឌរបស់អាហារូបករណ៍ និងអ្វីដែលខ្លួនមាន ការខ្វះខាត ដើម្បីអាចពង្រឹងខ្លួនបន្ថែមក្នុងការដាក់ពាក្យអាហារូបករណ៍នេះរហូតទទួលបានជោគជ័យ។

ចរិយា និយាយថា៖ ខ្ញុំពង្រឹងខ្លួនឯងទាំងភាពជាអ្នកដឹកនាំរបស់ខ្លួនឯង ហើយអ្វីដែលខ្ញុំឃើញថា ខ្ញុំអាចចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិបន្ត នៅពេលខ្ញុំទទួលបានអាហារូបករណ៍មួយនេះ ចរិយា ក៏បានផ្តាំទៅកាន់និស្សិតដទៃទៀត ដែលចង់ប្រឡងយកអាហារូបករណ៍នេះ ថា កុំបោះបង់ចោលក្តីស្រមៃរបស់ខ្លួន ត្រូវខិតខំប្រឹងប្រែង ថ្ងៃណាមួយនឹងទទួលបានជោគជ័យ។

ចំណែក យុវជន លឿង ជីម៉ាន់ មកពីខេត្តបន្ទាយមានជ័យ ក៏មិនខុសពីចរិយាដែល លោកថា ខ្លួនប្រឡងអាហារូបករណ៍ ២ដង ទម្រាំទទួលបានជោគជ័យ និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ លោកបានផ្តាំទៅកាន់និស្សិតដទៃ ជាពិសេស និស្សិតដែលនៅតាមបណ្តាខេត្ត ប្រសិនជាមានចំណាប់អារម្មណ៍ដាក់ពាក្យអាហារូបករណ៍ ត្រូវមានគោលដៅកំណត់សម្រាប់ខ្លួនឯង ពីជំនាញសិក្សា និងត្រូវខំប្រឹងរៀនភាសាអង់គ្លេសដូចគ្នា។ ជីម៉ាន់ និយាយថា៖ “ខ្ញុំគិតថា និស្សិតយើងគួរមានក្តីស្រមៃខ្ពស់ ក្នុងការចាប់យកឱកាសទទួលបានការអប់រំថ្នាក់លំដាប់ពិភពលោក”។ បន្ថែមពីនេះ ជីម៉ាន់ ប្តេជ្ញាថា ក្រោយពីបញ្ចប់ការសិក្សា ខ្លួននឹងយកចំណេះជំនាញដែលរៀនសូត្របានពីប្រទេសអូស្ត្រាលី មកជួយនៅកន្លែងការងារនាពេលអនាគត តាមរយៈការចែករំលែកចំណេះដឹង ជំនាញដល់ក្រុមការងារជាដើម។ មួយវិញទៀត លោកចង់ចូលរួមចំណែកស្រាវជ្រាវក្នុងវិស័យអប់រំនៅកម្ពុជាដូចគ្នា ហើយប្រសិនជាលោកមានឱកាស លោកក៏ចង់ចូលរួមចំណែកបង្រៀននៅសាកលវិទ្យាល័យ ដើម្បីឱ្យនិស្សិតកម្ពុជាទទួលបានបទពិសោធ និងចំណេះដឹងពីអ្វីដែលលោកទទួលបាន។

សូមជម្រាបថា អាហារូបករណ៍ Australia Awards Scholarships – AAS ផ្តល់ឱកាសដល់យុវជនកម្ពុជា បន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសអូស្ត្រាលី។ ចាប់តាំងពីឆ្នាំ១៩៩៤មក មាននិស្សិតកម្ពុជាជាង ១,១០០នាក់ហើយ ដែលទទួលបានអត្ថប្រយោជន៍ពីឱកាសផ្លាស់ប្តូរជីវិតនេះ។ សម្រាប់ការជ្រើសរើសអាហារូបករណ៍ Australia Awards ឆ្នាំ២០២៦ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបកាសរហូតដល់ ៥៥កន្លែង ដល់ប្រជាជនកម្ពុជា ដើម្បីទៅសិក្សានៅប្រទេសអូស្ត្រាលី។ អាហារូបករណ៍នេះ បើកឱកាសដល់បេក្ខជនមកពីគ្រប់វិស័យនៅកម្ពុជា រួមមាន វិស័យសាធារណៈ អង្គការសង្គមស៊ីវិល NGO និងវិស័យឯកជនជាដើម។ អាហារូបករណ៍នេះ រដ្ឋាភិបាលអូស្ត្រាលី នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម