Connect with us

អត្ថាធិប្បាយ

បទវិចារណកថា៖ ឧត្តមគតិការទូតរបស់សម្តេចធិបតី៖ នីតិរដ្ឋ សន្តិសហវិជ្ជមាន និងការប្តេជ្ញាចិត្តមិនកែប្រែរបស់កម្ពុជា

បានផុស

នៅ

នៅក្នុងយុគសម័យដែលភូមិសាស្ត្រនយោបាយសកលនិងតំបន់កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងការប្រែប្រួលយ៉ាងគំហុក ខ្លឹមសារនៃសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង«វេទិកាអនាគតអាស៊ាន» បានក្លាយជាត្រីវិស័យបង្ហាញផ្លូវដ៏មានឥទ្ធិពល។ សុន្ទរកថានេះមិនត្រឹមតែ​ជាការប្រកាសនូវជំហរយុទ្ធសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី​ទស្សនវិស័យវែងឆ្ងាយ ឧត្តមគតិដ៏វិសេសវិសាលរបស់សម្ដេចចំពោះជាតិ អាស៊ាន ពិភពលោក និងជាពិសេសគឺសុច្ឆន្ទៈដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ ក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. ឧត្តមគតិនៃ «ការរួមរស់ដោយសន្តិភាព»៖ សុច្ឆន្ទៈច្បាស់លាស់លើបញ្ហាព្រំដែនជាមួយថៃ

ចំណុចស្នូលដែលទាក់ទាញចិត្តនិងបង្ហាញពីភាពជាអ្នកដឹកនាំកម្រិតខ្ពស់របស់ សម្តេចធិបតី គឺសុច្ឆន្ទៈដ៏បរិសុទ្ធនិងច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសថៃ ទាំងព្រំដែនគោក ទាំងតំបន់ទាមទារត្រួតស៊ីគ្នានៅលើសមុទ្រ (OCA) ឱ្យទៅជាសន្តិភាពអចិន្ត្រៃយ៍។ សម្តេចធិបតីបានសង្កត់ធ្ងន់ដោយគ្មានភាពស្រពិស្រពិលថា៖ កម្ពុជាប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសលិខិតុបករណ៍គតិយុត្តនានា និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

តាមរយៈការជំរុញយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌ UNCLOS កម្ពុជាបានបង្ហាញខ្លួនជា «រដ្ឋគំរូនៃការគោរពច្បាប់» ដែលមិនប្រើប្រាស់នយោបាយកំភួនដៃ ឬអំណាចយោធានោះឡើយ។ នេះជាការប្រកាសច្បាស់ៗថា ខ្សែព្រំដែនអន្តរជាតិដាច់ខាតមិនត្រូវកែប្រែដោយការប្រើកម្លាំងបាយឡើយ ហើយកម្ពុជាត្រៀមខ្លួនជានិច្ច​ក្នុងការចរចាដោយស្មោះត្រង់ មិនលាក់ពុត ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ មិនទុកឱ្យក្លាយជាចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុង និងដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនជំនាន់នេះនិងជំនាន់ក្រោយ។


. ទស្សនវិស័យចំពោះជាតិ៖ មនសិការស្នេហានិងភាពធន់របស់ប្រជាពលរដ្ឋ

ដើម្បីគាំទ្រដល់ចក្ខុវិស័យការទូតដ៏ម៉ឺងម៉ាត់នេះ សម្តេចធិបតីបានផ្សារភ្ជាប់ទៅនឹងការកសាងកម្លាំងសាមគ្គីភាព និងមនសិការស្នេហាជាតិប្រកបដោយហេតុផលនៅក្នុងស្រុក។ ក្នុងកាលៈទេសៈដែលអធិបតេយ្យភាពជាតិប្រឈមនឹងភាពផុយស្រួយ ឧត្តមគតិខ្ពស់បំផុតរបស់ប្រជាពលរដ្ឋគឺការតម្កល់ប្រយោជន៍រួមជាធំ ការគោរពច្បាប់រដ្ឋ និងការគាំទ្រជំហរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ទស្សនវិស័យរបស់សម្ដេចបានរំលឹកថា នៅក្នុងសមរភូមិសម័យទំនើបដែលមានទាំងសង្គ្រាមព័ត៌មាន ទាំងសង្គ្រាមចិត្តសាស្ត្រ ប្រជាពលរដ្ឋត្រូវប្រើប្រាស់បញ្ញា គតិបណ្ឌិត និងការគិតហ្មត់ចត់ ជំនួសឱ្យអារម្មណ៍ជ្រុលនិយម។ ការចៀសវាងការបញ្ចេញមតិប្រមាថ ឬការទាមទារឱ្យប្រើហិង្សា ព្រមទាំងការប្រែក្លាយក្តីបារម្ភទៅជាភាពធន់ខាងផ្លូវចិត្ត និងជាកម្លាំងស្ថាបនា គឺជាគ្រឹះដ៏រឹងមាំក្នុងការធ្វើជាបង្អែកដល់ស្ថាប័នជាតិ និងការពារការពារអាយុជីវិតនៃប្រជាជាតិទាំងមូល។


. ចក្ខុវិស័យចំពោះអាស៊ាន និងពិភពលោក៖ យកប្រជាជនជាស្នូល និងនីតិរដ្ឋ

ក្នុងការពង្រីកវិសាលភាពហួសពីព្រំដែនកម្ពុជា សម្តេចធិបតីបានបង្ហាញនូវឧត្តមគតិនយោបាយ​ដ៏ធំធេងចំពោះគ្រួសារអាស៊ាន និងសហគមន៍អន្តរជាតិ៖

  • ចំពោះអាស៊ាន៖ សម្ដេចបានរំលឹកយ៉ាងម៉ត់ចត់អំពី «មជ្ឈភាពអាស៊ាន និងស្មារតីនៃកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាចង់បង្ហាញថា ការដោះស្រាយជម្លោះរវាងរដ្ឋសមាជិកដោយសន្តិវិធី គឺជាការរក្សាសាមគ្គីភាព និងភាពរឹងមាំរបស់អាស៊ានទាំងមូល មិនឱ្យមហាអំណាចខាងក្រៅជ្រៀតជ្រែកបានឡើយ។
  • ចំពោះពិភពលោក៖ សម្តេចធិបតីបានឆ្លុះបញ្ចាំងពីវិបត្តិនៃសណ្តាប់ធ្នាប់អន្តរជាតិ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រ។ សម្ដេចបានប្រកាសថា ទោះជាប្រទេសតូច ប៉ុន្តែកម្ពុជាមានបេះដូងធំក្នុងការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងប្រឆាំងដាច់ខាតចំពោះការគំរាមកំហែងប្រើប្រាស់កម្លាំងបាយ។
  • ឧត្តមគតិផ្ដោតលើប្រជាជន៖ ទាំងសន្តិភាព ទាំងវិបុលភាពសេដ្ឋកិច្ច មិនមែនជាគោលដៅចុងក្រោយនោះឡើយ។ ទស្សនវិស័យរបស់សម្ដេចគឺ «ប្រជាជនជាស្នូល» ពោលគឺតម្លៃពិតប្រាកដនៃគោលនយោបាយ គឺស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សន្និដ្ឋាន

សុន្ទរកថារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសក្ខីកម្មដ៏រស់រវើកនៃ «ការទូតកម្ពុជាសម័យថ្មី» ដែលមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។ ទឡ្ហីករណ៍ដែលយកច្បាប់អន្តរជាតិ (UNCLOS) ធ្វើជាជញ្ជាំងបង្អែក យកមនសិការស្នេហាជាតិប្រកបដោយបញ្ញាញាណជាគ្រឹះផ្ទៃក្នុង និងយកសន្តិភាពធ្វើជាដំបូលនៃការចរចាជាមួយប្រទេសជិតខាង មិនត្រឹមតែបង្កើតនូវទំនុកចិត្តនយោបាយខ្ពស់ជាមួយភាគីថៃប៉ុណ្ណោះទេ ប៉ុន្តែវាបានស្តែងឱ្យឃើញពីឧត្តមគតិដ៏បរិសុទ្ធរបស់មេដឹកនាំកម្ពុជា ដែលជាដៃគូសន្តិភាពដ៏ពិតប្រាកដ និងជាសមាជិកអាស៊ានដែលមិនអាចខ្វះបានក្នុងរបៀបវារៈអនាគតសកលលោកដែរ៕


ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម