Connect with us

សេចក្ដីជូនដំណឹង

តំណាងសាកលវិទ្យាល័យអឺរ៉ុបជាង ៥០ ចូលរួមកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបលើកទី៤ ឆ្នាំ២០២៥ នារាជធានីភ្នំពេញ

បានផុស

នៅ

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអឺរ៉ុប-កម្ពុជាសម្រាប់វិស័យអប់រំ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ រួមជាមួយនឹងឯកអគ្គរដ្ឋទូតរាជទូតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រុមអឺរ៉ុប (Team Europe) ត្រៀមរៀបចំកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបលើកទី៤នេះឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៤:០០ រសៀល រហូតដល់ម៉ោង ៨:០០ យប់ ដើម្បីស្វាគមន៍សិស្សនិស្សិត ឪពុកម្ដាយ និងសាធារណជនទូទៅឱ្យមកចូលរួមដើម្បីស្វែងរកឱកាសក្នុងការសិក្សានៅអឺរ៉ុប និងអាហារូបករណ៍នានា។

តំណាងសាកលវិទ្យាល័យអឺរ៉ុបជាង ៥០ នឹងចូលរួម ដើម្បីផ្ដល់ព័ត៌មានអំពីកម្មវិធីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ ឱកាសទស្សនកិច្ចសិក្សា និងអាហារូបករណ៍ ដោយក្នុងនោះរាប់បញ្ចូលទាំងឱកាសសិក្សាតាមរយៈកម្មវិធី Erasmus+ និង European Global Gateway ផងដែរ។ របៀបវារៈ ឈ្មោះសាកលវិទ្យាល័យ និងការចុះឈ្មោះ មានផ្ដល់ជូននៅលើវេបសាយត៍ www.studyineuropekh.com និងតាមរយៈការស្គែនកូដ QR ដែលមានភ្ជាប់មកជាមួយ។

ភ្ញៀវកិត្តិយសរបស់យើង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរួមគ្នាជាគណៈអធិបតីក្នុងការបើកកម្មវិធីនេះនៅវេលាម៉ោង ៤:៣០ នាទីរសៀល។

កម្មវិធីនេះ គឺជាការអបអរនូវជំហានដ៏សំខាន់មួយទៀតនៃទំនាក់ទំនងភាពជាដៃគូរវាងសហភាពអឺរ៉ុប និងកម្ពុជា ក្រោមគម្រោង Global Gateway Flagship “ការអប់រំសម្រាប់ការងារបៃតង និងការងារឌីជីថល” ដែលលើកឡើងអំពី៖

• ការបើកដំណើរការកម្មវិធីអាហារូបករណ៍ European Global Gateway Scholarship លើកទីមួយសម្រាប់ជំនាញផ្នែកទឹក (អាហារូបករណ៍ចំនួន ៣០ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅអឺរ៉ុប)

• ការប្រកាសទទួលស្គាល់ជ័យលាភីអាហារូបករណ៍ផ្នែកថាមពលចំនួន ២០ រូប

• ការអបអរសាទរអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មទឹក និងអនាម័យជាង ១០០ នាក់។

• ការផ្ដល់អាហារូបករណ៍ពេញលេញចំនួន ១៨៥ កន្លែងសម្រាប់មុខវិជ្ជា STEM នៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាចំនួន ១០ សាកលវិទ្យាល័យ (ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)

កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប គឺផ្ដល់ជូនដោយឥតគិតថ្លៃ និងផ្ដល់ជូនសិស្សនិស្សិតកម្ពុជា ព្រមទាំងគ្រួសាររបស់ពួកគេ នូវឱកាសក្នុងការសាកសួរសំណួរដោយផ្ទាល់ទៅកាន់តំណាងសាកល

វិទ្យាល័យនីមួយៗ ទីប្រឹក្សា និងអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានសិក្សានៅអឺរ៉ុប។ ក្រុមហ៊ុនអឺរ៉ុបមួយដែលមានឈ្មោះថា Decathlon នឹងដឹកនាំរៀបចំសកម្មភាពកីឡា ហើយក៏នឹងមានការផ្ដល់ជូននូវអាហារបែបអឺរ៉ុបផងដែរ។ កម្មវិធីនេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ១.០០០ នាក់។

ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការចូលរួមកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ក្នុងការស្វែងយល់ដោយផ្ទាល់នូវមាគ៌ាសិក្សាដ៏សម្បូរបែប និងមានគុណភាពខ្ពស់ ដែលមាននៅតាមសាកលវិទ្យាល័យអឺរ៉ុប។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាគោលដៅឈានមុខគេ និងជាគោលដៅសម្រាប់ការអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍។

តាមរយៈគំនិតផ្តួចផ្តើម «ជ្រើសរើសអឺរ៉ុបសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ (Choose Europe for Science) » ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២៥ យើងមានគោលបំណងទាក់ទាញ និងផ្តល់ឥទ្ធិពលដល់អ្នកមានទេពកោសល្យកំពូលៗលើពិភពលោក តាមរយៈការធានាបាននូវបរិយាកាសសិក្សាលំដាប់ពិភពលោក ការអភិវឌ្ឍអាជីពរយៈពេលវែង និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសេរីភាពផ្នែកវិទ្យាសាស្ត្រ។

នៅព្រឹកថ្ងៃដដែលនោះ ក៏មានការរៀបចំជាកិច្ចសន្ទនាប្រកបដោយផ្លែផ្ការវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យអឺរ៉ុប ព្រមទាំងវិស័យឯកជននៃសហភាពអឺរ៉ុប ក្រោមការឧបត្ថម្ភគាំទ្រដោយក្រសួងទាំងបី រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសិក្សា និងការវិនិយោគប្រកបដោយគុណភាពរបស់សហភាពអឺរ៉ុបនៅកម្ពុជា៕

អត្ថបទ ៖ ពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម