Connect with us

សេចក្ដីជូនដំណឹង

សាលារៀនគ្រូយើង កំពុងបន្តកសាងធនធានមនុស្ស សំដៅជំរុញស្តង់ដាអប់រំនៅកម្ពុជា អាចប្រកួតប្រជែងជាអន្តរជាតិ

បានផុស

នៅ

​ពីមួយឆ្នាំទៅមួយឆ្នាំ សាលារៀនគ្រូយើង បានពង្រីកចក្ខុវិស័យរបស់ខ្លួនពីមួយកម្រិតទៅមួយកម្រិត និងកំពុងបន្តបោះជំហានពីកម្រិតថ្នាក់ជាតិទៅអន្តរជាតិ តាមរយៈកិច្ចសហការជាមួយដៃគូនៅក្រៅប្រទេសជាច្រើន សំដៅជំរុញស្តង់ដាអប់រំនៅកម្ពុជា អាចប្រកួតប្រជែងនឹងកម្រិតស្តង់ដាអប់រំអន្តរជាតិ ជាមួយការរក្សាបាននូវទស្សនវិស័យចម្បងរបស់ខ្លួនជាពិសេស ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី របស់សាលារៀនគ្រូយើង សាខារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកញ្ញានេះ លោក យិន សុភាព ​ស្ថាបនិកនៃសាលារៀនគ្រូយើង បានលើកឡើងពីសារៈសំខាន់នៃការអប់រំកុមារ និងគូសបញ្ជាក់ថា ការកសាងធនធានមនុស្ស មិនមែនផ្តល់តែចំណេះដឹងនោះទេ តែត្រូវកសាងអត្តចរិត និងទម្លាប់ផងដែរ។ 

បើផ្អែកតាមបទពិសោធជាង ២ទសវត្សរ៍ក្នុងវិស័យអប់រំ ចក្ខុវិស័យរបស់សាលាតាមរយៈកត្តា ៣ គឺការបណ្តុះចំណេះជំនាញ ការកសាងអត្តចរិត និងទម្លាប់ ពិតជាទទួលបានផលយ៉ាងពិតប្រាកដ។ ជាក់ស្តែង តាមរយៈអតីតសិស្សដែលធ្លាប់ទទួលបានការអប់រំជាមួយសាលារៀន គ្រូយើង ដែលខ្លះកំពុងបំពេញការងារតាមអង្គការ ស្ថាប័នរដ្ឋ និងឯកជនជាដើមនោះ សុទ្ធតែឆ្លុះបញ្ចាំងពីភាគជោគជ័យក្នុងការកសាងធនធានមនុស្សរបស់គ្រឹះស្ថានអប់រំមួយនេះ។

យ៉ាងណា ផ្អែកលើលំនាំនៃភាពជោគជ័យខាងលើនេះ ចំណុចសំខាន់ដែលសាលារៀនគ្រូយើងផ្តោតលើ មិនមែនតែចំណេះជំនាញ​ប៉ុណ្ណោះទេ គឺធ្វើយ៉ាងណាឱ្យសិស្សទាំងអស់ក្លាយជាក្មេងល្អសម្រាប់អាណាព្យាបាល និងក្នុងសង្គមតាមរយៈការបណ្តុះគំនិតច្នៃប្រឌិត វិន័យ សីលធម៌ និងបំណិន ពិសេស​គឺការយកចិត្តទុកដាក់ចំពោះសិស្សឱ្យដូចនឹងអាណាព្យាបាល។

លោក ប៉ាន រិទ្ធា អាណាព្យាបាលម្នាក់ដែលបានបញ្ចូនកូនមកសិក្សារៀនសូត្រនៅសាលារៀនគ្រូយើង តាំងពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១ បានបញ្ជាក់មូលហេតុដែលលោកសម្រេចចិត្តបញ្ជូនកូនមករៀននៅសាលារៀននេះ ក៏ព្រោះតែលោកមើលឃើញថា ការអប់រំនៅទីនេះ មិនមែនត្រឹមតែចំណេះដឹង ក៏ផ្តោតជាសំខាន់លើការកសាងទម្លាប់ និងអត្តចរិត។ លោកថា ការបង្រៀនចំណេះជំនាញ គ្រឹះស្ថានអប់រំណាក៏មានដែរ ប៉ុន្តែការអប់រំដោយកសាងទម្លាប់ និងអត្តចរិតក្មេង ទើបជាក្តីកង្វល់របស់អាណាព្យាបាល ខណៈលោកក៏មើលឃើញពីភាពខុសប្លែកគ្នារវាងកូនរបស់លោក ក្រោយទទួលការសិក្សានៅទីនេះផងដែរ។

ក្រៅពីការអប់រំ អ្នកគ្រូ ម៉ែន សៅលីន គ្រូសម្របសម្រួលផ្នែកបឋមសិក្សាភាសាអង់គ្លេស និងចិនបញ្ជាក់ថា ក្នុងនោះ ក៏មានគ្រូចាំសម្រួលសម្រួលឱ្យសិស្សផងដែរ ក្នុងន័យជួយបំពេញចំណុចខ្វះខាតរបស់សិស្ស មិនថាមុខវិជ្ជាសិក្សា ឬភាសា ដោយធានាថាសិស្សគ្រប់រូបសុទ្ធតែចេះច្បាស់លាស់តាមទាន់កម្មវិធីអប់រំ និងល្អប្រសើរទាំងផ្នែកទំនាក់ទំនង។

បើតាមអ្នកគ្រូ ពៅ ធូដេត ក្នុងបទពិសោធអប់រំក្មេងកម្រិតមត្តេយ្យ ១៣ឆ្នាំ នៅសាលារៀន​គ្រូយើង ក៏បានពន្យល់ពីគោលការណ៍គ្រូបង្គោលនៅទីនេះ គឺមិនមែនតែបង្រៀននោះទេ តែក៏ធានាថាសិស្សរបស់ខ្លួនជាសិស្សល្អ ក្មេងល្អសម្រាប់គ្រួសារ និងសង្គមជាតិ ហើយចុះសម្រុង តាមរយៈការយកទុកដាក់អប់រំបីដូចជាកូន ថែទាំងទាំងសុខភាពផ្លូវចិត្ត។ ខណៈសកម្មភាពអប់រំនេះ បានក្លាយជាភាពជោគជ័យធំបំផុតរបស់សាលារៀនគ្រូយើង ដោយទទួលបានទំនុកចិត្តខ្ពស់ពីអាណាព្យាបាលផងដែរ។

ជាក់ស្តែង អ្នកស្រី ចរិយា ដែលមានកូន និងក្មួយសិក្សារៀនសូត្រនៅសាលារៀនគ្រូយើងដែរនោះ បានបញ្ជាក់ពីភាពកក់ក្តៅដែលខ្លួនទទួលបានក្នុងនាមជាអាណាព្យាបាល តាមរយៈការអប់រំនិងយកចិត្តទុក្ខពីសំណាក់លោកគ្រូអ្នកគ្រូនៅសាលារៀនមួយនេះ ដែលមិនត្រឹមតែផ្តល់ចំណេះដឹងដល់កូនរបស់អ្នកស្រីប៉ុណ្ណោះទេ តែក៏ធ្វើឱ្យអ្នកស្រីបានឃើញពីភាពខុសប្លែកគ្នារបស់កូនជាមួយនឹងទម្លាប់ល្អផងដែរ។

បើនិយាយពីទស្សនៈវិស័យក្នុងការអប់រំ ទាក់ទងនឹងសិស្សកម្រិតបឋមឡើងទៅ អ្នកគ្រូ ហំ ពិសី ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអប់រំកុមារចាប់ពី ១០ឡើងទៅ ដែលទាមទារឱ្យគ្រូមិនត្រឹមតែបង្ហាត់បង្រៀនប៉ុណ្ណោះទេ តែក៏ត្រូវស្វែងយល់ពីសិស្សទ្វេដង ខណៈក្មេងធំៗភាគច្រើនដែលមកមជ្ឈដ្ឋានខុសគ្នា ច្រើនមានបញ្ហាមិនសូវចុះសម្រុង និងមិនងាយប្រាប់បញ្ហារបស់ខ្លួនឡើយ។ ហេតុនេះ ក្នុងនាមជាគ្រូ ក្រៅពីដើរតួជាអ្នកត្រួសត្រាយផ្លូវហើយ ក៏ត្រូវយកចិត្តទុកដាក់ផ្លូវចិត្តសិស្ស និងស្វែងរកចំណុចខ្វះខាតរបស់សិស្ស ដើម្បីជួយបំពេញបន្ថែមអាចឱ្យគាត់អភិវឌ្ឍនសមត្ថភាព។

ក្រៅពីថ្នាក់ភាសាខ្មែរ សាលារៀនគ្រូយើង ក៏ផ្តោតលើការអប់រំថ្នាក់ភាសាអង់គ្លេសផងដែរ ដែលបង្រៀនដោយជនជាតិដើមផ្ទាល់។ លោក ហារី គ្រូបឋមផ្នែកភាសាអង់គ្លេស ក៏បានបង្ហាញការយល់ឃើញរបស់ខ្លួនផងដែរ ដោយជឿថា សិស្សដែលសិក្សារៀនសូត្រនៅទីនេះ នឹងទទួលបានសារៈសំខាន់នៃការអប់រំពីលោក។ លោកអះអាងដែរថា សិស្សនៅសាលារៀនគ្រូយើង សុទ្ធតែអាចប្រើប្រាស់ភាសាអង់គ្លេស ជាហេតុមិនពិបាកសម្រាប់លោកឡើយក្នុងការបង្ហាត់បង្រៀនបន្ថែមឱ្យពួកគេកាន់តែស្ទាត់ជំនាញ និងអាចប្រើជាប្រយោជន៍នៅថ្ងៃអនាគត។

យ៉ាងណា ក្រៅពីផ្នែកនៃមូលដ្ឋានគ្រឹះអប់រំ ក៏ដូចជាភាសា អាណាព្យាបាលសិស្សមួយរូបទៀត អ្នកស្រី ស្រីល័ក្ខ ក៏មើលឃើញគុណសម្បត្តិរបស់សាលារៀនមួយនេះ ដែលធ្វើឱ្យអ្នកស្រីយល់ថា ការអប់រំនៅទីនេះមានការប្រកួតប្រជែង អាចជំរុញសិស្សក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាព។ ពិសេសកម្មវិធីសិក្សាក្រៅប្រទេស ក៏ដូចជាកម្មវិធីសិក្សាផ្សេងៗដែលអ្នកស្រីមើលឃើញថា មិនត្រឹមតែផ្តល់ចំណេះដឹង តែក៏អាចបណ្តុះភាពក្លាហានឱ្យក្មេងផងដែរ។

ជាមួយបេសកម្មអប់រំខាងលើនេះ ស្ថាបនិកសាលារៀនគ្រូយើង ជឿជាក់ថា នឹងអាចរួមចំណែកក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជាប្រយោជន៍ដល់ការអភិវឌ្ឍនសង្គម និងសេដ្ឋកិច្ចជាតិ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដែលចង្អុរបង្ហាញថា “មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត”។

គួរជម្រាបថា ២៥ឆ្នាំ ក្នុងនាមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលទទួលបានទំនុកចិត្តខ្ពស់ពីអាណាព្យាបាល សាលារៀនគ្រូយើងពីមួយឆ្នាំទៅមួយឆ្នាំ បានបង្កើនចំនួនសិស្សរបស់ខ្លួនកាន់តែច្រើនឡើង ជាមួយនឹងមូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំក្នុងរាជធានី-ខេត្តចំនួន៣ គឺខេត្តរតនគិរី ស្ទឹងត្រែង និងរាជធានីភ្នំពេញ ដែលមានទាំងថ្នាក់ភាសាខ្មែរ ថ្នាក់ភាសាចិន និងថ្នាក់ភាសាអង់គ្លេស។ ខណៈក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦នេះ ក៏កំពុងបន្តទទួលសិស្ស និងមានការចុះឈ្មោះជាបន្តបន្ទាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម