វប្បធម៌ ជំនឿ
ដុតទៀនផ្សងមើលខ្សែជីវិតប្ដីប្រពន្ធ ក្នុងពិធីរៀបការ ជនជាតិដើមភាគតិច គ្រឹង
ពិធីរៀបការ ជនជាតិដើមភាគតិច គ្រឹង រៀបចំឡើងជា ៦ ដំណាក់កាល។ បន្ទាប់ពីបញ្ចប់ ដំណាក់កាលទី១ គឺ ពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ ដំណាក់កាលទី ២ ជា ពិធីសែនទទួលកូនកំលោះពេលល្ងាច នៅផ្ទះខាងកូនក្រមុំ ដែល “កម្ពុជាថ្មី” បានផ្សាយកន្លងមកហើយនោះ គឺចូលដល់ដំណាក់កាលទី៣ ពិធីសែនធំរៀបការ ដែលមានពិធីនេះខុសប្លែកពីពិធីរៀបមង្គលការនៃជនជាតិខ្មែរ គឺការដុតទៀនដើម្បីដឹងពីខ្សែជីវិតគូរស្វាមីភរិយាថ្មីនៅថ្ងៃអនាគត។

លោក ថុល យុពង្ស ប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមរតកវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពេលព្រឹកបងប្អូនសាច់ញាតិនៅក្នុងភូមិជួបជុំគ្នានៅរោងភូមិ ដោយមានយកស្រាម្នាក់មួយពងមក ជាមួយផងដែរ ដើម្បីចូលរួមក្នុងពិធីរៀបការនេះ ចំណែកមិត្តភក្តិកូនកំលោះពួកគេនាំគ្នាទៅដងទឹកមកចាក់ក្នុងពាងស្រា។ បន្ទាប់ពីឪពុក ទាំងសងខាង និងមេអណ្ដើកធ្វើពិធី គៀសមាត់ពាងស្រា គ្រប់ពាងទាំងអស់ រួចហើយ ពួកគេនាំគ្នាផឹកស្រាលេងដើម្បីទទួលភ្ញៀវរហូតដល់ម៉ោង ៦ យប់ ទើបពួកគេទៅរៀបចំធ្វើពិធីសែនធំ រៀបការនៅផ្ទះខាងស្រី។

លោក ថុល យុពង្ស លើកឡើងបន្តថា លំដាប់សម្រាប់សែនព្រេន មានមាន់ ២ ក្បាល និងស្រា ៣ ពាង។ មេអណ្ដើកខាងប្រុស កាប់មាន់ទាំងពីរ មួយស្ញោរទុករៀបចំសែនព្រេន និងមួយទៀតចិញ្ច្រាំធ្វើម្ហូប ចំណែកមេអណ្ដើកខាងស្រី ជាអ្នកដាំបាយសម្រាប់ទុកសែន និងធ្វើទៀនក្រមួន។
លោក ថុល យុពង្ស មានប្រសាសន៍បន្តថា៖ “របៀបនៃការសែនព្រេន មេអណ្ដើកយកមាន់ស្ងោរមួយ សាច់មាន់ឆ្អិនចិញ្ច្រាំពីរចាន ឃ្លោកទឹកពីរ បាយមួយចាន ទៀនពីរដើមដាក់លើកន្ទេល ហើយឱ្យកូនកំលោះ កូនក្រមុំអង្គុយទល់មុខមេអណ្ដើករៀងខ្លួន បន្ទាប់មកមេអណ្តើកទាំងពីរដុត ទៀនដែលតំណាងឱ្យកូនក្រមុំ កូនកំលោះដើម្បីសម្គាល់មើលពីខ្សែជីវិតក្នុងការរស់នៅរបស់ប្តីប្រពន្ធទៅថ្ងៃមុខ។ បើទៀនតំណាងឱ្យខាងប្ដីឆេះលឿនជាង បានន័យថាប្ដីត្រូវស្លាប់ ខាងប្រពន្ធយំ ហើយបើទៀនខាងប្រពន្ធឆេះលឿនជាង បានន័យថាប្រពន្ធត្រូវស្លាប់មុនប្ដី ខាងប្ដីយំ តែបើទៀនទាំងពីរនោះឆេះស្មើគ្នា គេកំណត់ថាល្អធម្មតា”។

ចំពោះ ពិធីបញ្ចុកបាយ លោក សាមៀន ចាម៉ាក់ ចាស់ទុំក្នុងភូមិ និងជាមេអណ្ដើក បានឱ្យដឹងថា មេអណ្ដើកខាងស្រីពូតបាយលាយ នឹងសាច់មាន់ចិញ្ច្រាំរោលភ្លើងទៀនបញ្ចុកកូនកំលោះចំនួន ពីរដង។ មេអណ្ដើកខាងប្រុសពូតបាយលាយ នឹងសាច់មាន់ចិញ្ច្រាំរោលភ្លើងទៀនបញ្ចុកកូនក្រមុំចំនួន ពីរដង ដោយបញ្ចុកឱ្យព្រមៗគ្នា រួចហើយមេអណ្ដើកទាំងពីរយកឈើដោតបេះដូងមាន់ដាក់លើមាត់ពាងស្រាធ្វើពិធី គៀសមាត់ពាង បន់ស្រន់ដល់អារក្ស ជីដូនជីតា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបាន។

លោក សាមៀន ចាម៉ាក់ មានប្រសាសន៍ថា៖ “លក្ខខណ្ឌពេលផឹកស្រាពាង ពាងទី១ មេអណ្តើកទាំងពីរបឺតស្រាពាងមុខគេ បន្ទាប់មកកូនកំលោះ កូនក្រមុំ និងឪពុកម្ដាយ សាច់ញាតិទាំងសងខាងបឺតរហូតដល់សាបស្រាទើបបន្តបឺតស្រាពាងទី២ទៀត។ ពាងទី២ មេអណ្ដើកទាំងពីរបឺតស្រាពាងមុន បន្ទាប់មកកូនកំលោះ កូនក្រមុំ និងឪពុកម្តាយទាំងសងខាង ព្រមទាំងសាច់ញាតិទាំងអស់ដែលបានចូលរួមបឺតបន្តតាមក្រោយ រហូត សាបស្រាក្នុងពាង”។
លោក សាមៀន ចាម៉ាក់ លើកឡើងបន្តថា៖ “ពេលនេះអ្នកទាំងពីរអាចរួមរស់ជាមួយគ្នាជាប្ដី ប្រពន្ធពេញច្បាប់ទៅតាមលក្ខណៈប្រពៃណីហើយ។ ចំណែក ឪពុកម្តាយទាំងសងខាង ព្រមទាំងសាច់ញាតិបងប្អូនអ្នកភូមិពួកគេទៅយកស្រាពាងពីរោងភូមិ ដែលបងប្អូនយកមកចូលរួមផឹកបន្តរហូតទៀបភ្លឺបញ្ចប់ពិធីរៀបការ។ ចំពោះភ្លេងសម្រាប់កំដរក្នុងពិធីសែនធំ ក្រុមសិល្បៈវាយគង ៥ ផ្លែ ស្គរធំមួយ រាំច្រៀង លេងកំដរក្នុងពិធីនោះរហូតដល់ភ្លឺដែរ”។

គួរបញ្ជាក់ថា ប្រពៃណីបងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងត្រឹមចិត្ត និងចិត្ត និងចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រីក៏បង្គាប់ឱ្យកូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពីសកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ ទើបកំណត់រកពេលវេលារៀបការ នៅរដូវអ្នកភូមិទំនេរ ឬក្រោយបញ្ចប់ប្រមូលផលស្រូវចម្ការ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមរង់ចាំអានអត្ថបទ៖ “ទំនៀមសែនបញ្ចប់ពិធីរៀបការ នៃជនជាតិដើមភាគតិច គ្រឹង” បន្តទៀត។
ព័ត៌មានពាក់ព័ន្ធ៖ ប្ដីប្រពន្ធរស់នៅជាមួយគ្នា ១ ឆ្នាំ មានត្រណមមិនឱ្យមានកូន បើបំពាន មេកន្ទ្រាញនឹងពិន័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


